ប្រទេសចិន ថៃ និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ាន បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីកំណត់គោលដៅបង្កើតមជ្ឈមណ្ឌលបង្រ្កាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលបានចាក់ឫសនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលជាសញ្ញាមួយបង្ហាញថា រដ្ឋាភិបាលនៅក្នុងតំបន់នេះបានដាក់គោលដៅបង្ក្រាបក្រុមបណ្តាញឧក្រិដ្ឋជន ដែលបានបង្កឧក្រិដ្ឋកម្មមានតម្លៃរាប់ពាន់លានដុល្លា និងកំពុងធ្វើឱ្យវិស័យទេសចរណ៍អាប់អួរ។
ក្រុមមន្ត្រីមកពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន រួមមាន មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម ជាដើមបានប្រមូលផ្តុំគ្នានៅទីក្រុងគន់មីង ប្រទេសចិន កាលពីថ្ងៃអង្គារ ជាកន្លែងដែលពួកគេបានសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់បន្ថែមទៀត ក្រោយសមត្ថកិច្ចក្នុងតំបន់បានចាប់ខ្លួនជនសង្ស័យជាង៧ម៉ឺននាក់។
ដោយឡែកសារព័ត៌មាន Global Times បានឱ្យដឹងថា ប៉ូលិសនៅក្នុងតំបន់បានសន្យាសហការគ្នាក្នុងការកំណត់អត្តសញ្ញាណ និងកំណត់គោលដៅមេដឹកនាំនៃឧស្សាហកម្មខុសច្បាប់ ដែលបានជួញដូរមនុស្សរាប់ពាន់នាក់។
ស្ថានទូតចិន ប្រចាំប្រទេសមីយ៉ាន់ម៉ា បាននិយាយតាមបណ្ដាញសង្គមថា ក្រុមប្រទេសនៅក្នុងតំបន់នឹង ចាប់ផ្តើម ហើយនឹងប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំទំនាក់ទំនង និងបង្កឧក្រិដ្ឋកម្មនេះជាបន្តបន្ទាប់ ជាពិសេសពលរដ្ឋដែលបាត់ព័ត៌មាន និងបាត់ខ្លួននៅប្រទេសនីមួយៗ ដើម្បីសហការគ្នាជួយសង្គ្រោះជនរងគ្រោះឱ្យអស់ពីសមត្ថភាព។
ពាក់ព័ន្ធនឹងតម្លៃខាតបង់សេដ្ឋកិច្ចដែលបង្កឡើងដោយឧក្រិដ្ឋកម្មនេះ សារព័ត៌មាន US Daily បានចុះផ្សាយថា ការបោកប្រាស់តាមអ៊ីនធឺណិតមានតម្លៃរហូតជាង១ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៤ ហើយអ្នកជំនាញការឧក្រិដ្ឋកម្មបានព្រមានថា ឧក្រិដ្ឋកម្មនេះអាចនឹងបង្កវិនាសសកម្ម និងការខាតបង់សេដ្ឋកិច្ចកាន់តែច្រើនថែមទៀត ប្រសិនបើបណ្ដាប្រទេសនានាខ្វះការយកចិត្តទុកដាក់លើបញ្ហានេះ៕
ដោយ: សរ សុជាតិ