ស្បៀងអាហារសកល

១ភាគ៥នៃការនាំចេញស្បៀងអាហារសកល ត្រូវបានរាំងខ្ទប់ ខណៈការប្រឈមនឹងវិបត្តិស្បៀងអាហារកំពុងកើនឡើង


យោងតាមតួលេខចុងក្រោយបង្អស់មួយបានឱ្យដឹងថា ការរឹតបន្តឹងលើការនាំចេញស្បៀងអាហារ មានចំនួនស្ទើរតែមួយភាគប្រាំទៅហើយ នៃពាណិជ្ជកម្មស្បៀងអាហារសកល ស្របពេលដែលប្រទេសនានាបានជ្រើសយកវិធីសាស្ត្ររឹតបន្តឹងការនាំចេញនេះ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសន្តិសុខស្បៀងអាហារ ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ស្បៀងអាហារសកល

ការហាមឃាត់ការនាំចេញ ការតម្លើងពន្ធខ្ពស់ជាងមុន និងរបាំងការនាំចេញផ្សេងទៀត ត្រូវបានប្រទេសនានាដាក់ចេញ ហើយបើគិតទៅវាស្មើនឹងប្រមាណ ១៧%នៃទីផ្សារស្បៀងអាហារអន្តរជាតិ។ នេះបើយោងតាមក្រុមអ្នកតាមដាន មកពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារអន្តរជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋសហរដ្ឋអាមេរិក។

ក្នុងចំណោមវិធានការរឹតបន្តឹងទាំងអស់ ការទប់ស្កាត់ការនាំចេញបានក្លាយជាវិធានការលេចធ្លោជាងគេ ពិសេសសម្រាប់ប្រភេទស្បៀងអាហារ ដែលប្រទេសរុស្ស៊ី និងអ៊ុយក្រែនធ្លាប់តែជាអ្នកដាំដុះច្រើនជាងគេ។ ជាក់ស្តែង ស្រូវសាលីស្ថិតនៅក្រោមការរឹតបន្តឹង ដោយប្រទេសចំនួន១៣ ដែលជាចំនួនមួយខ្ពស់បំផុតសម្រាប់ផលិតផលកសិកម្មមួយនេះ បន្ទាប់មកគឺពោតដែលមានប្រទេសចំនួន១០ បានធ្វើការរឹតត្បិតការនាំចេញដូចគ្នា។

ដោយឡែក ស្រូវសាលីនិងប្រេងដូង មានប្រហែល ៣០% នៃផលិតផលកសិកម្មដែលត្រូវបានហាមឃាត់។ គួរជម្រាបថា ប្រេងដូងនេះ មិនត្រឹមតែត្រូវបានគេប្រើប្រាស់នៅក្នុងចំណីអាហារប៉ុណ្ណោះទេ តែវាក៏ជាគ្រឿងផ្សំនៅក្នុងផលិតផលិតផលថែរក្សាសម្រស់ផងដែរ។

គួររំឭកថា ពិភពលោកបានជួបជាមួយនឹងអសន្តិសុខស្បៀងអាហារចំនួនពីរដងផ្សេងគ្នាក្នុងរយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ក្នុងនោះម្តង កាលពីឆ្នាំ២០០៨ ដែលពេលនោះដោយសារមានការកើនឡើងយ៉ាងគំហុកនៃតំរូវការស្បៀងពីប្រទេសកំពុងរីកចម្រើន ស្របពេលដែលប្រទេសទាំងនោះ មានកំណើនសេដ្ឋកិច្ចខ្លាំង ទើបជំរុញឱ្យមានអសន្តិសុខស្បៀងអាហារកើតឡើង។ ម្តងទៀតកាលពីពេលថ្មីៗនេះ ពោលគឺនៅក្នុងឆ្នាំ២០២០ ដែលបានបង្កឡើងពីជំងឺរាតត្បាតកូវីដ១៩។

ទោះជាយ៉ាងនេះក្តី វិបត្តិបច្ចុប្បន្ននេះ បានអូសបន្លាយអស់ពេលជិតកន្លះឆ្នាំទៅហើយ ជាមួយនឹងផលប៉ះពាល់កាន់តែខ្លាំងឡើង និងទូលំទូលាយ ក្នុងប្រទេសច្រើនជាងមុន។ មែនទែនទៅ មុនការផ្ទុះឡើងនៃសង្គ្រាម តម្លៃអាហារមាននិន្នាការកើនឡើងរួចទៅហើយ ដែលបណ្តាលមកពីបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។ សង្គ្រាមនៅអ៊ុយក្រែនបានក្លាយជាអ្នកជំរុញឱ្យតម្លៃស្បៀងអាហារកាន់តែខ្ពស់ជាងមុនមួយកំរិតទៀត។

ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានរបស់យើង គេសង្កេតឃើញមានឥណ្ឌូនេស៊ី និងវៀតណាម ដែលបាននិងកំពុងដាក់ចេញនូវវិធានការរឹតបន្តឹង លើការនាំចេញស្បៀងអាហាររបស់ពួកគេ។ ជាក់ស្តែង រដ្ឋាភិបាលឥណ្ឌូណេស៊ីបានហាមឃាត់ការនាំចេញប្រេងដូងកាលពីខែមេសា ដែលបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងទូទាំងពិភពលោក។ យ៉ាងណាមិញ ការហាមប្រាមនេះត្រូវបានដកចេញវិញកាលពីខែឧសភា ប៉ុន្តែឥណ្ឌូនេស៊ីនៅតែបន្តផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុកជាជាងការនាំចេញ ពោលគឺចំនួននៃការនាំចេញត្រូវបានកាត់បន្ថយ។

វៀតណាមក្បែរខាងកម្ពុជាយើងវិញ កំពុងពិចារណាដំឡើងពន្ធនាំចេញជីកសិកម្មរបស់ខ្លួន ដើម្បីឆ្លើយតបនឹងក្តីបារម្ភអំពីកង្វះខាតក្នុងស្រុក ដែលកើតចេញពីការឡើងតម្លៃខ្ពស់ និងការរំខានខ្សែចង្វាក់ផ្គត់ផ្គង់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឡាវទំនងមានឱកាសប្រើជំហរមិនថ្កោលទោសរុស្ស៊ីដែលឈ្លានពានអ៊ុយក្រែន ដើម្បីទៅបញ្ជាទិញប្រេងមកប៉ះប៉ូវកង្វះខាត

ព័ត៌មាន
គេនៅចាំបានថា កាលពីពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបើកការបោះឆ្នោតថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ប្រទេសឡាវបានបោះឆ្នោ…

រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមកិច្ចប្រជុំ G20 ទោះបីដឹងថានឹងមានការជជែកតឹងសរសៃរកដាក់គ្នា ជុំវិញសំណុំរឿងសង្គ្រាមអ៊ុយក្រែនក្ដី

ព័ត៌មាន
បន្ទាប់ពីមកដល់ប្រទេសវៀតណាម ឥលូវនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកស៊ើរហ្គី ឡារូវ (Sergei Lavro) បានធ្វើដំណើរទៅកាន់រមណីយដ្ឋានកោះបាលី (Ba…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ