
បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង៤ របស់កម្ពុជា មានសមត្ថភាពផលិតទឹកដោះគោស្រស់បានប្រមាណ២ម៉ឺនលីត្រក្នុង១ថ្ងៃ ខណៈកម្ពុជា មានតម្រូវការទឹកគោស្រស់ប្រមាណ១០ម៉ឺនលីត្រក្នុង១ថ្ងៃ។
លោក ជី សិលា សហស្ថាបនិកកសិដ្ឋានគិរីសួគ៌ ដែលជាកសិដ្ឋានផលិតទឹកដោះគោស្រស់ដ៏ធំមួយនៅកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតម្រូវការប្រើប្រាស់ទឹកដោះគោស្រស់ផលិតក្នុងស្រុកមានការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈការផ្គត់ផ្គង់នៅលើទីផ្សារពុំទាន់បានគ្រប់គ្រាន់ទាំងស្រុងនោះទេ។ ទោះបីស្ថានភាពទីផ្សារអាចមានការប្រែប្រួលយ៉ាងណាក៏ដោយ តែអ្នកជំនាញរូបនេះលើកឡើងថា កសិដ្ឋានគិរីសួគ៌ នៅតែបន្តផលិតទឹកដោះគោស្រស់ឱ្យអស់ពីលទ្ធភាព ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ។ បើតាមលោក ជី សិលា បច្ចុប្បន្នពលរដ្ឋខ្មែរចាប់ផ្ដើមទទួលស្គាល់ពីគុណភាពផលិតផលក្នុងស្រុកជាបណ្ដើរៗហើយ ខណៈតម្លៃលក់ទឹកដោះគោលស្រស់របស់ក្រុមហ៊ុនលោកពុំមានការដំឡើងថ្លៃនោះទេ។ បើតាមការអះអាងរបស់សហស្ថាបនិកកសិដ្ឋានគិរីសួគ៌រូបនេះ ការចំណាយថ្លៃដើមផលិតខ្ពស់ជាបញ្ហាប្រឈមមួយសម្រាប់ទឹកដោះគោស្រស់ផលិតក្នុងស្រុកក្នុងការប្រកួតប្រជែងជាមួយផលិតផលនាំចូល។
បើតាមលោក ជី សិលា បច្ចុប្បន្នកម្ពុជា ត្រូវការទឹកដោះគោស្រស់ប្រមាណ១០ម៉ឺនលីត្រក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ ប៉ុន្តែការផលិតសរុបនាពេលនេះបានប្រមាណ២ម៉ឺនលីត្រប៉ុណ្ណោះក្នុង១ថ្ងៃ។
គិតត្រឹមឆ្នាំ២០២៤ កម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗចំនួន៤ ដែលអាចផលិតទឹកដោះគោស្រស់ជាង១ម៉ឺន៣ពាន់លីត្រក្នុង១ថ្ងៃ ឬស្មើនឹង៥លានលីត្រក្នុងមួយឆ្នាំ ដែលស្មើនឹងប្រមាណ១៧% នៃតម្រូវការទឹកដោះគោស្រស់សរុបក្នុងស្រុក ដែលមានជាង៣០លានលីត្រ។ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំៗទាំង៤ រួមមានកសិដ្ឋានគិរីសួគ៌ កសិដ្ឋានមូមូហ្វាម កសិដ្ឋានក្នុងឧទ្យានជាតិ ឫស្សីត្រឹប និងកសិដ្ឋានអូម៉៕
អត្ថបទ៖ បូ ដូឡា