
ស្របពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅកាត់ថា G20 បានចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅប្រទេសអាហ្វ្រិកខាងត្បូងនោះ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ក្នុងឯកសារ ស្ដីពី គោលនយោបាយមួយកាលពីថ្ងៃអង្គារ ថា អត្រាសងការប្រាក់លើបំណុលបានកើនលើស១០% នៃប្រាក់ចំណូលរបស់រដ្ឋាភិបាលនៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍចំនួន៥៦ ដោយកើនឡើងជិតពីរដងបើធៀបនឹងមួយទសវត្សរ៍មុន។
កម្មវិធី UNDP បានអះអាងថា ក្នុងចំណោមប្រទេសទាំងនោះ គឺមាន១៧ប្រទេសបានចំណាយប្រាក់ចំណូលជាង២០% សម្រាប់ការបង់ការប្រាក់ ដោយកើនលើសកម្រិតហានិភ័យនៃការខកខានសងបំណុលទៅទៀត ហើយថា បន្ទុកបំណុលរបស់ប្រទេសទាំងនោះបានឈានដល់កម្រិតកំណត់ត្រាថ្មី ដែលមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។
លោក អេឈីម ស្តេន័រ (Achim Steiner) អ្នកគ្រប់គ្រងកម្មវិធី UNDP បានលើកឡើងថា ការកើនឡើងទំហំបំណុល និងការទូទាត់សងបំណុលរបស់បណ្តាប្រទេសទាំងនោះ កំពុងគំរាមកំហែង និងបង្អាក់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ។ ហើយបញ្ហានេះក៏កំពុងធ្វើឱ្យគន្លាតរវាងប្រទេសអ្នកមាន និងអ្នកក្រកាន់តែរីកប៉ោងធំផងដែរ។
បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ ប្រទេសក្រីក្របំផុតទាំង៣១ កំពុងប្រឈមនឹងវិបត្តិបំណុលបរទេសខ្ពស់បំផុតរហូតដល់ជាង២០០ពាន់លានដុល្លារ ពោលគឺតិចជាងមួយភាគបីនៃការបែងចែកសិទ្ធិទទួលបានរូបិយប័ណ្ណបម្រុងអន្តរជាតិ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឆ្នាំ២០២១។
UNDP យល់ឃើញថា មានតែការសម្រេចបានកិច្ចព្រមព្រៀងបន្ធូរបន្ថយបំណុលពហុភាគីថ្មី ដែលរួមបញ្ចូលម្ចាស់បំណុលទាំងអស់នោះទេ ទើបអាចធានាពីយកចិត្តទុកដាក់ចំពោះវិបត្តិបំណុលនេះ។ បើតាមការគណនារបស់ UNDP បើកិច្ចព្រមព្រៀងផ្តល់ជំនួយសង្គ្រោះនេះអាចសម្រេចបានមែន វាអាចជួយកាត់បន្ថយចំណែកបំណុលបានប្រមាណ៦០% ដែលអាចជួយសង្គ្រោះប្រទេសក្រីក្របំផុតទាំង៣១នេះបានជិត៨០ពាន់លានដុល្លារ ហើយវានឹងបន្តកើនឡើងដល់១០០ពាន់លានដុល្លារ ប្រសិនបើគេបានពន្យារពេលសងត្រឡប់បានរយៈពេល៧ឆ្នាំ៕
អត្ថបទ៖ សុខ មង្គល