សារព័ត៌មាននៅបស្ចិមប្រទេស បានរាយការណ៍ថា ស្ថានភាពបំណុលរបស់បណ្តា ប្រទេសនៅអឺរ៉ុប ដែលមានស្ថានភាពប្រសើរបន្តិច កាលពីឆ្នាំ២០២៣ តែឥឡូវនេះកំពុងស្ទុះងើបឡើងវិញរហូតដល់អ្នកជំនាញខ្លះបានអះអាងថា ស្ថានភាពនេះ គឺហាក់ដូចជាអាក្រក់ជាងគេចាប់តាំងពីសម័យដែលអឺរ៉ុបរងគ្រោះដោយសង្រ្គាមណាប៉ូឡេអុង កាលពីទស្សវត្សរ៍នៃឆ្នាំ១៨២០ ឯណោះ។ ស្ថានភាពបំណុលសាធារណៈនៅចក្រភពអង់គ្លេស បារាំង និងអ៊ីតាលីជាដើមសុទ្ធតែត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងស្ថានភាពអវិជ្ជមាន ដោយសារតែការកើនឡើងនូវតម្លៃថាមពល អតិផរណា បញ្ហាអត្រាការប្រាក់ និងបញ្ហាសាកលផ្សេងៗ ដែលកើតមាននៅលើពិភពលោក។
ស្ថានភាពបំណុលសាធារណៈរបស់បារាំង បានធ្លាក់ចុះពីជិត៥០ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២២មកនៅត្រឹម៤០ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៣ ស្របពេលដែលតម្លៃថាមពលហាក់មានស្ថិរភាព តែនៅឆ្នាំ២០២៤នេះវិញ បំណុលរបស់បារាំង បានហក់ឡើងជិតដល់៥០ពាន់លានអឺរ៉ូជាថ្មី ដោយសារកំណើនតម្លៃថាមពលកម្រើកឡើងវិញ ស្របពេលដែលអឺរ៉ុបកំពុងតែស្មុគស្មាញ និងមានបញ្ហានយោបាយនៅក្នុងប្រទេសរវាងក្រុមអ្នកអភិរក្ស និងក្រុមស្តំានិយមជាច្រើនកើតមានឡើង និងដោយសារការអូសបន្លាយនៃសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងកម្តៅសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
ចក្រភពអង់គ្លេស ក៏មានស្ថានភាពប្រហាក់ប្រហែលនឹងបារាំងដែរ ដោយនៅពេលនេះអង់គ្លេស កំពុងតែប្រឈមមុខនឹងឱនភាពសេដ្ឋកិច្ចបង្កឡើងដោយផលប៉ះពាល់នៃការកើនឡើងអត្រាការប្រាក់ រីឯប្រទេសអ៊ីតាលី ឯណោះវិញ បំណុលសាធារណៈត្រូវគេព្យាករណ៍ថា អាចនឹងឡើងដល់ទៅកម្រិត១៤០% នៃអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ខ្លួន។
ពាក់ព័ន្ធនឹងស្ថានភាពនេះ លោក ប៊ួរ ប្រេន (Borge Brende) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោកបានលើកឡើងថា ស្ថានភាពនៃវិបត្តិបំណុលសាធារណៈនៅអឺរ៉ុប នាពេលនេះ បានធ្វើឲ្យអត្រាអនុបាតបំណុលពិភពលោកឡើងជិតដល់កម្រិត ដែលមិនធ្លាប់ជួបពីមុនមក តាំងពីសង្រ្គាមទន្ទ្រានវាទទីអឺរ៉ុបកាលពីទស្សវត្សរ៍នៃឆ្នាំ១៨២០។
លោកបានអះអាងថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំនេះ អាចមានក្នុងរង្វង់៣,២% ពោលគឺ វាមិនអាក្រក់នោះទេ ប៉ុន្តែពិភពលោកកំពុងជាប់ក្នុងស្ថានភាពនៃការរិតបន្តឹងពាណិជ្ជកម្មរវាងគ្នានិងគ្នា។ លោកបានលើកឡើងថា ដើម្បីជំរុញស្ថានភាពសេដ្ឋកិច្ចពិភពលោកកាន់តែប្រសើរឡើងថែមទៀតនោះ ពិភពលោកត្រូវធ្វើពាណិជ្ជកម្មជាមួយគ្នា ហើយគួរតែបង្កើនខ្សែច្រវាក់តម្លៃពាណិជ្ជកម្មសកល៕
ដោយៈ សរ សុជាតិ