លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា យល់ឃើញថា តាមរយៈវិធានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន របស់រាជរដ្ឋាភិបាល វានឹងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា អាចទាក់ទាញអ្នកទេសចរចិនបានកាន់តែច្រើនថែមទៀត។ អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយគម្រោងនេះទទួលបានជោគជ័យនោះចង់ ឬមិនចង់ រដ្ឋាភិបាលអាចនឹងពិចារណាអនុវត្តវិធានការដូចគ្នានេះលើភ្ញៀវទេសចរមកពីតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាម៉េរិកបន្ថែមទៀត។ បើតាមលោក ធួន ស៊ីណាន ដើម្បីឱ្យការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើន គឺទាមទារឱ្យមានការចូលរួមផ្សព្វផ្សាយបានកាន់តែច្រើន ក៏ដូចជាចាត់វិធានការឱ្យដល់ឬសគល់នៃប្រភពឆបោកអនឡាញនៅកម្ពុជា ខណៈបញ្ហានេះកំពុងបង្កក្ដីបារម្ភដល់វិស័យទេសចរណ៍។
ដោយឡែកលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកការសម្រេចលើកលែងទិដ្ឋាការសាកល្បងលើជនជាតិចិននេះ គឺជាសមិទ្ធផលថ្មី ដែលវិស័យឯកជនបានរង់ចាំអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយលោកជឿជាក់ថា តាមរយៈការអនុវត្តសាកល្បងនេះនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើនបន្ថែមទៀត។ យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា ក្រៅពីពលរដ្ឋចិន រដ្ឋាភិបាលកម្ពុជា គួរសាកល្បងលើកលែងទិដ្ឋាការដល់ពលរដ្ឋជប៉ុន កូរ៉េ អឺរ៉ុប សហរដ្ឋអាម៉េរិក និងអូស្រ្តាលីជាដើម ព្រោះប្រទេសជិតខាងកម្ពុជា បានអនុវត្តគោលនយោបាយនេះរួចហើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិន ដោយផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ រយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។ ក្នុងអំឡុងពេលនៃការអនុវត្តការលើកលែងទិដ្ឋាការនេះ ភ្ញៀវចិន អាចមកកម្ពុជា ប៉ុន្មានលើកក៏បាន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលជំរុញឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចរចាជាមួយរដ្ឋាភិបាលចិន ឱ្យបន្ធូរបន្ថយ និងសម្រួលនីតិវិធី នៃការស្នើសុំទិដ្ឋាការដល់ទេសចរខ្មែរទៅប្រទេសចិន ដើម្បីឈានដល់ការអនុវត្តការលើកលែងទិដ្ឋាការបដិការនាពេលអនាគត៕
អត្ថបទ៖ បូ ដូឡា