របាយការណ៍ស្ទង់ស្ទង់មតិឯកជនមួយបានបង្ហាញថា ការទិញទំនិញនៅចិន នៅក្នុងខែកក្កដា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ ជាមួយគ្នានេះ សកម្មភាពផលិតកម្មរបស់រោងចក្រនៅប្រទេសជប៉ុន បានធ្លាក់ចុះ ខណៈសកម្មភាពផលិតកម្មលើផ្នែកខ្លះនៅកូរ៉េខាងត្បូង មានសន្ទុះកំណើនយឺត ក្រោយតម្រូវការក្នុងស្រុកមានការធ្លាក់ចុះ គួបផ្សំភាពមិនប្រាកដប្រជានៃសកម្មភាពរោងចក្រនៅប្រទេសចិន។
ប្រទេសចិន គឺជាទីផ្សារដ៏មានសក្តាពលសម្រាប់ការពង្រីកអាជីវកម្មនៅក្នុងតំបន់។ ជាក់ស្ដែង ការនាំចេញរបស់កូរ៉េខាងត្បូង ក្នុងខែកក្កដា បានកើនឡើងលឿនបំផុតក្នុងរយៈពេល៦ខែចុងក្រោយ ដែលជំរុញដោយការកើនឡើងតម្រូវផលិតផលបន្ទះឈីប។
ភាពទន់ខ្សោយក្នុងវិស័យផលិតកម្មក្នុងប្រទេសសេដ្ឋកិច្ចនាំចេញសំខាន់ៗដូចជាចិន និងជប៉ុន ជាដើមបានចង្អុលបង្ហាញពីទស្សនវិស័យដ៏លំបាកសម្រាប់តំបន់នេះ ទោះបីជាអ្នកសេដ្ឋកិច្ចកំពុងផ្ដោតលើវដ្តនៃការបន្ធូរបន្ថយអត្រាការប្រាក់ជាសកលតាមការគេរំពឹងទុក ដើម្បីផ្តល់ក្ដីសង្ឃឹមចំពោះកំណើនសេដ្ឋកិច្ចជាសកលក៏ដោយ។
លោក ស៊ីវ៉ាន តានដុន (Shivaan Tandon) សេដ្ឋវិទូខាងទីផ្សារនៅក្រុមហ៊ុន Capital Economics បាននិយាយថា ដោយសម្លឹងមើលពីស្ថានភាពទៅមុខ លោកជឿជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះទាប នឹងចោលទម្ងន់លើសកម្មភាពផលិតកម្មនៅទូទាំងតំបន់អាស៊ីនៅចុងឆ្នាំនេះ៕
អត្ថបទ៖ សុខ មង្គល