ហិរញ្ញប្បទានឥតសំណងពីអាមេរិក

កម្ពុជារំពឹងទទួលបានហិរញ្ញប្បទានឥតសំណងពីអាមេរិក ៣០០លានដុល្លារ នៅត្រីមាសទី១ឆ្នាំ២០២២


ប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក រំពឹងថា នឹងបញ្ចប់កិច្ចចរចា និងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២១-២០២៥ នៅអំឡុងត្រីមាសទី១ឆ្នាំ២០២២ខាងមុខនេះ។ តាមរយៈកិច្ចព្រមព្រៀមនេះ ហិរញ្ញប្បទានឥតសំណងប្រមាណ ៣០០ លានដុល្លាអាមេរិក នឹងត្រូវសហរដ្ឋអាមេរិកផ្ដល់ជូនមកឲ្យកម្ពុជា សម្រាប់គាំទ្រដល់វិស័យសំខាន់ៗដូចជា សុខាភិបាល អប់រំ កសិកម្ម និងបរិស្ថាន សម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កម្ពុជារំពឹងទទួលបានហិរញ្ញប្បទានឥតសំណងពីអាមេរិក ៣០០លានដុល្លារ
ដោយ

សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្រោយជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនឹងឯកឧត្តម ផាតទ្រីក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជា និងអាមេរិក គ្រោងនឹងបញ្ចប់ការចរចា និងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រទេសទាំងពីរ នៅអំឡុងត្រីមាសទី១ឆ្នាំ២០២២ខាងមុខនេះ។ ដោយក្នុងនោះ អាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ៣០០លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់២០២៥។

ឯកឧត្តម ឈៀង យ៉ាណារ៉ា បានគូសបញ្ជាក់ថា តាមរយៈទីភ្នាក់ងារUSAID អាមេរិក បានផ្ដល់ជាជំនួយជាច្រើនដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ វិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច និងអន្តរវិស័យ។ ជាពិសេស សហរដ្ឋអាមេរិកបានផ្ដល់នូវហិរញ្ញប្បទាន ឥតសំណងប្រមាណ ១៥ លានដុល្លារអាមេរិក និងវ៉ាក់សាំងកូវីដ១៩ (Johnson & Johnson) ចំនួនប្រមាណជាង ១ លានដួស ដល់កម្ពុជាសម្រាប់គាំទ្រដល់វិធានការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងវិធានការស្ដារសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានៅអំឡុងពេលនៃវិបត្តិកូវីដ១៩ នេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក លោក ផាតទ្រី មូហ្វី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការគ្រប់គ្រងបានល្អនៃការឆ្លងរីករាលដាលកូវីដ១៩ និងការសម្រេចបានចាក់វ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា និងជនប្រទេសរស់នៅ និងធ្វើការនៅកម្ពុជាផងដែរ៕

 អត្ថបទ៖ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ រំពឹងទីផ្សារអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រ អាចនឹងរីកចម្រើនលឿន

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យសង្កេតឃើញថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាបើកប្រទេសលើគ្រប់វិស័យឡើងវិញ ចរន្តទិញលក់ និងការសំឡឹងមើលឱកាសវិនិយោគលើវិ…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មសំខាន់ៗចំនួន៣ ដែលទើបអនុម័ត នឹងជួយស្ដារសេដ្ឋកិច្ច និងសង្គមកម្ពុជាពីវិបត្តិកូវីដ១៩

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា សេចក្ដីព្រាងច្បាប់ពាណិជ្ជកម្មសំខាន់ៗចំនួន៣ ដែលទើបត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃព្រហស្បតិ៍ម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ