ក្រៅតែពីជំរុញឱ្យរដ្ឋាភិបាល គិតគូរជួយទម្លាក់ថវិកាប្រមាណ ៣ពាន់លានដុល្លារ រួមបញ្ចូលទាំង ការកាត់បន្ថយពន្ធ និងផ្ដល់កម្ចីការប្រាក់ទាបហើយនោះ ក្រុមធុរជនថៃ បានស្នើឱ្យរដ្ឋាភិបាល បង្កើតច្រកផ្លូវភស្ដុភារកម្មជំនួស និងវិធានការការពារខ្សែច្រវាក់ផ្គត់ផ្គង់ជាតិជាដើម។
តាមការប៉ាន់ប្រមាណរបស់ក្រុមធុរជនថៃ ការជាប់គាំងនៅតាមព្រំដែនកំពុងបង្កការខូខាតសេដ្ឋកិច្ចថៃយ៉ាងធ្ងន់ធ្ងរ ដ្បិតវាបានរាំងខ្ទប់ពាណិជ្ជកម្មនាំចេញ នាំចូលក្នុងតម្លៃប្រមាណ ៤៦០លានដុល្លារក្នុងមួយខែ។
យ៉ាងណាក៏ដោយចុះ លោក អនុទីន នាយករដ្ឋមន្ត្រីថៃ ក្រោយត្រឡប់មកពីចូលរួមនៅកិច្ចប្រជុំកំពូលអាស៊ានវិញ បានចេញមកអះអាងថា ថៃមិនទាន់មានផែនការបើកព្រំដែនឡើងវិញជាមួយប្រទេសកម្ពុជានៅឡើយទេ ពោលគឺត្រូវរង់ចាំមើលភាគីកម្ពុជាអនុវត្តនូវ ៤ចំណុច ដែលបានព្រមព្រៀងគ្នាឱ្យបានជាមុនសិន។
ទាក់ទងនឹងការបើកព្រំដែនកម្ពុជា និងថៃឡើងវិញនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានអះអាងជាច្រើនលើកច្រើនសារមកហើយថា ការបិទព្រំដែន គឺភាគីថៃ ជាអ្នកបិទដោយឯកតោភាគី ដូច្នេះ ភាគីថៃ ត្រូវបើកមុន ហើយកម្ពុជានឹងបើកតាមក្រោយ យ៉ាងយូរត្រឹម ៥ម៉ោងប៉ុណ្ណោះ។
ភាគីថៃ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តឱ្យបាន ៤ចំណុចរួមមាន ការដាកអាវុធធន់ធ្ងន់ចេញពីតំបន់ព្រំដែន, ការបោសម្អាតមីននៅតាមតំបន៉ព្រំដែន, ការបង្ក្រាបការឆបោកតាមប្រព័ន្ធអ៊ីនធើណែត និងការគ្រប់គ្រងតំបន់ដែលមានជម្លោះ។
សូមបញ្ជាក់ថា ក្រោយពីបានចុះហត្ថលេខានៅលើ សេចក្ដីថ្លែការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅប្រទេសម៉ាឡេស៊ី ភាគីកម្ពុជា និងថៃ បានចាប់អនុវត្តដកអាវុធធន់ធ្ងន់ចេញពីតំបន់ព្រំដែនជាបណ្ដើរៗហើយ៕