
ការផ្ទុះបាតុកម្មជាថ្មីទៀតនៅក្នុងប្រទេសថៃ គឺនៅចំពេលដែលប្រទេសនេះ កំពុងមានករណីឆ្លងកូវីដ-១៩ហក់ឡើងខ្លាំងមែនទែន ដោយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃរកឃើញអ្នកឆ្លងថ្មីជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ។ក្រោមការដឹកនាំដោយរដ្ឋាភិបាលលោកប្រាយុទ្ធ ចាន់អូចា ក្នុងការដោះស្រាយបញ្ហាកូវីដ-១៩នេះ ក៏បានខិតខំដាក់ចេញនូវវិធានការ និងទម្លាក់កញ្ចប់ថវិការាប់ពាន់លានដុល្លារណាស់ដែរ ក៏ប៉ុន្ដែវាហាក់មិនបានជួយសម្រួលផលប៉ះពាល់បានច្រើននោះទេ ស្របពេលដែលវិធានការនានាហាក់មិនមានប្រសិទ្ធភាព ដោយជាលទ្ធផល កូវីដ១៩នៅប្រទេសថៃ នៅបន្តបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លារបស់ខ្លួននៅឡើយ។
ជាមួយនឹងការទំលាក់កញ្ចប់ថវិកាម្តងហើយម្តងទៀត ក្នុងចំនួនរាប់រយពាន់លានបាត ដែលស្មើនឹងរាប់ពាន់លានដុល្លារ នៅតែមិនអាចជួយដល់ពលរដ្ឋ ដែលរកមួយថ្ងៃខ្វះមួយថ្ងៃអំឡុងពេលវិបត្តិកូវីដ១៩នេះបានដែរ។ លើសពីនេះ វារឹតតែមិនបានជួយស្តារប្រជាប្រិយភាពរបស់លោកប្រាយុទ្ធក្នុងចំណោមពលរដ្ឋ និងជាពិសេសក្នុងចំណោមយុវជនថៃបានឡើយ។
សម្រាប់ពលរដ្ឋថៃមួយចំនួន បានអះអាថា បើពួកគេបន្តនៅក្នុងផ្ទះ ពួកគេនឹងត្រូវរងគ្រោះ ឬស្លាប់ដោយសារកូវីដ១៩ដូចដែរគ្នា។ ហេតុនេះហើយ នៅរសៀលថ្ងៃអាទិត្យទី១៨ កក្កដា កន្លងទៅថ្មីៗនេះ មានបាតុករថៃ ដែលភាគច្រើនជាយុវជនប្រមាណ ១ពាន់នាក់ បានចេញផ្លូវធ្វើបាតុកម្មប្រឆាំង រិះគន់នឹងការដឹកនាំរបស់លោកប្រាយុទ្ធ ដែលពួកគេគិតថាជាការដឹកនាំមិនល្អ ជាពិសេសគឺមិនអាចដោះស្រាយវិបត្តិកូវីដ១៩បាន។

បាតុករថៃ បានមកប្រមូលផ្តុំគ្នានៅវិមានសន្តិភាពនៅរសៀលថ្ងៃដដែល ដោយបានស្រែកទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីដំណែងដោយគ្មានលក្ខខណ្ឌ។ លើសពីនេះ បាតុករចង់ឲ្យមានការកាត់បន្ថយការចំណាយ ដ៏ច្រើនសម្បើមរបស់រាជវាំងថៃ ដែលពួកគេគិតថា ជាការចំណាយមិនចាំបាច់ ដើម្បីអាចយកថវិកាទាំងនោះ ទៅទិញវ៉ាក់សាំងបង្ការកូវីដ១៩យកមកប្រើប្រាស់បន្ថែមវិញ ក្នុងពេលដែលថៃកំពុងខ្វះខាតវ៉ាក់សាំងប្រើប្រាស់ ជាពិសេសវ៉ាក់សាំង AstraZeneca ដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀត។
នៅក្នុងការការចេញធ្វើបាតុកម្ម ក្រុមបាតុករមិនបានដើរក្បួនទៅដល់វិមានរដ្ឋាភិបាល ជាកន្លែងដែលលោកប្រាយុទ្ធធ្វើការដូចតាមការគ្រោងទុកនោះទេ ដោយបាតុករត្រូវបានស្ទាក់ រារាំង និងធ្វើការបង្រ្កាបពីកងកម្លាំងសន្តិសុខថៃ។ សារព័ត៌មាន Reuters បានរាយការណ៍ថា ប៉ូលីសបានប្រើប្រាស់កាំភ្លើងជ័រ និងរថយន្តបាញ់ទឹក បាញ់ទៅលើហ្វូងបាតុករដើម្បីបំបែកពួកគេពីការប្រមូលផ្តុំ។

ក៏មានដែរ ការប៉ះទង្គិចគ្នារវាងបាតុករនឹងប៉ូលីសដោយផ្ទាល់ អំឡុងពេលនៃការតវ៉ា ប៉ុន្តែយុវជនអ្នករៀបចំបាតុកម្មបានគ្រោងនឹងបញ្ឈប់ការតវ៉ាត្រឹមម៉ោង៦ល្ងាចថ្ងៃដដែល។ ប៉ុន្ដែ វាមិនបានបញ្ចប់តាមការគ្រោងទុកនោះទេ ដោយការប៉ះទង្គិចគ្នានៅបន្តរហូតដល់ម៉ោង៩យប់ ជាពេលដែលបម្រាមគោចរនៅក្រុងបាងកកចាប់ផ្តើមអនុវត្តរហូតដល់ម៉ោង ៤ទៀភ្លឺ។
មិនមានអ្នករងរបួសធ្ងន់ធ្ងរណាម្នាក់ត្រូវបានគេរាយការណ៍នោះទេ ប៉ុន្តែបើតាមការអះអាងពីកម្លាំងសន្តិសុខថៃ យ៉ាងហោចណាស់បាតុករ១៣នាក់ត្រូវបានចាប់ខ្លួន និងមានអ្នកយកព័ត៌មានជនជាតិថៃម្នាក់រងរបួស។
សូមបញ្ជាក់ថា ប្រទេសថៃក្រោមការដឹកនាំរបស់បុរសខ្លាំង ប្រាយុទ្ធ ចាន់អូចា ហាក់កំពុងធ្លាក់ផុងខ្លួនកាន់តែជ្រៅក្នុងរលកឆ្លងកូវីដ១៩ ដែលនៅប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខនៃអ្នកឆ្លងកូវីដ១៩ថ្មីៗបានហក់ឡើងដល់ជាង១ម៉ឺននាក់ ខណៈដែលអ្នកស្លាប់ប្រចាំថ្ងៃកើនឡើងដល់៣ខ្ទង់ដូចគ្នា ពោលគឺមានជាង ១០០នាក់៕