ចលនាបាតុកម្ម

អ៊ីរ៉ង់ព្រមានវាយកម្ទេចមូលដ្ឋានទ័ពអាម៉េរិក បើហ៊ានលូកដៃអន្តរាគមន៍ជួយក្រុមបាតុករប្រឆាំងខ្លួន


ស្ថានការណ៍នៅប្រទេសអ៊ីរ៉ង់ធ្លាក់ក្នុងភាពភាពចលាចលកាន់តែធ្ងន់ធ្ងរ ដោយចំនួនអ្នកស្លាប់ក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរដ្ឋអ៊ិស្លាមបានកើនឡើងដល់ជាង៥០០នាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា។ ទន្ទឹមនឹងនេះទីក្រុងតេអេរ៉ង់ បានគំរាមវាយប្រហារមូលដ្ឋានយោធាអាម៉េរិក ប្រសិនបើប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ហ៊ានលូកដៃធ្វើអន្តរាគមន៍ជួយក្រុមបាតុករ។
ចលនាបាតុកម្ម
ដោយ

ស្របពេលស្ថាប័នដឹកនាំសាសនារបស់រដ្ឋអ៊ិស្លាម កំពុងប្រឈមមុខនឹងរលកបាតុកម្មដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២២ មក ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា ទីក្រុងវ៉់ាស៊ីនតោននឹងចូលខ្លួនជួយអន្តរាគមន៍លើបញ្ហានេះ ប្រសិនបើកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់ប្រើហិង្សាបង្ក្រាបលើក្រុមបាតុករឃោរឃៅពេក។

យោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស រ៉ាណា (HRANA) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកបានបញ្ជាក់តួលេខចុងក្រោយថា យ៉ាងហោចណាស់មានមនុស្ស៤៩០នាក់បានបាត់បង់ជីវិត រួមទាំងកម្លាំងសន្តិសុខចំនួន៤៨នាក់ផ្សេងទៀត ខណៈមនុស្សជាង១០,៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការធ្វើបាតុកម្មប្រមាណ២សប្តាហ៍កន្លងមកនេះ។

ពាក់ព័ន្ធបញ្ហានេះ លោក ដូណាល់ ត្រាំ នឹងជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់លោកនៅថ្ងៃទី១៣ ខែមករា ដើម្បីពិភាក្សាអំពីជម្រើសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលរួមមានទាំងការវាយប្រហារខាងយោធា ការវាយប្រហារតាមអ៊ីធឺណិត ការពង្រីកទណ្ឌកម្ម និងការផ្តល់ជំនួយខាងអ៊ីនធឺណិតដល់ប្រភពព័ត៌មានប្រឆាំងរដ្ឋាភិបាល។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃទី១១ ខែមករា ថា កងទ័ពអាម៉េរិកកំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ ហើយអាម៉េរិកក៏កំពុងពិនិត្យមើលជម្រើសដ៏ម៉ឺងម៉ាត់មួយចំនួន និងត្រៀមខ្លួនដើម្បីជួយផងដែរ។

ឆ្លើយតបនឹងការលើកឡើងនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ូហាមម៉េត បាកា កាលីបាហ្វ (Mohammad Baqer Qalibaf) បានព្រមានក្រុងវ៉ាស៊ីនតោន កុំឱ្យគណនាខុសចំពោះនៅអ៊ីរ៉ង់ ហើយបានសង្កត់ធ្ងន់ថា ប្រសិនបើមានការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ នោះទឹកដីអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ពនានា និងកប៉ាល់ទាំងអស់របស់សហរដ្ឋអាម៉េរិក នឹងក្លាយជាគោលដៅសងសឹកស្របច្បាប់របស់អ៊ីរ៉ង់។

ជាមួយគ្នានេះ អ៊ីស្រាអែល ក៏កំពុងដាក់កងទ័ពឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុតផងដែរ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានជជែកគ្នាតាមទូរសព្ទយ៉ាងក្តៅគគុកអំពីលទ្ធភាពនៃប្រតិបត្តិការសឹក ដែលអាចនឹងកើតឡើងនាពេលខាងមុខ ប្រសិនបើទីក្រុងតេអេរ៉ង់នៅតែបន្តការបង្រ្កាបដោយហិង្សាលើក្រុមបាតុករ៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


វៀតណាម ដាក់មហិច្ឆតាឈានទៅសម្រេចអតិរេកពាណិជ្ជកម្ម២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦

វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា រំពឹងសម្រេចបានអតិរេកពាណិជ្ជកម្ម ឬការនាំចេញធំជាងការនាំចូលឈានដល់ប្រមាណ២៣ពាន់លានដុល្លារនៅឆ្នាំ២០២៦ ក្រោយស…

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចាត់ទុកការលើកលែងទិដ្ឋាការចំពោះជនជាតិចិន និងការចាប់ខ្លួនលោក ចេន ហ្ស៊ី ជាអំណោយដ៏ធំសម្រាប់វិស័យទេសចរណ៍

រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានសុទិដ្ឋិនិយមខ្ពស់ថា វិស័យទេសចរណ៍កម្ពុជានឹងមានកំណើនវិជ្ជមានបន្ថែមទៀតនៅឆ្នាំ២០២៦នេះ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ