លោក ង៉ែត ប៊ុនធឿន នាយកប្រតិបត្តិប្រតិបត្តិការនៃធនាគារ ឌីជីប៊ី បានលើកឡើងថា បច្ចុប្បន្ន ធនាគារ ឌីជីប៊ី មានសាខាសរុបចំនួន១០ រួមទាំងសាខាដែលទើបបើកដំណើរការថ្មីនៅក្នុងខណ្ឌកំបូលនេះ។ ដោយក្នុងនោះ មាន៩សាខានៅរាជធានីភ្នំពេញ និង១សាខានៅទីក្រុងតាខ្មៅ។
លោក ង៉ែត ប៊ុនធឿន បានលើកឡើងពីកត្តាសំខាន់ៗមួយចំនួន ដែលជំរុញឲ្យធនាគារនេះ បើកពង្រីកសាខាជាបន្ដបន្ទាប់នៅកម្ពុជា បើទោះបីជា បច្ចុប្បន្នស្ថានការណ៍សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្ដី។
ថ្នាក់ដឹកនាំធនាគារ ឌីជីប៊ីរូបនេះ បានគូសបញ្ជាក់ថា ការបើកសាខាបន្ថែមរបស់ធនាគារ ឌីជីប៊ីនាពេលនេះ គឺការឆ្លើយតបទៅនឹងកំណើននាពេលបច្ចុប្បន្ន និងអនាគត ហើយវាក៏ជាការផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានតម្រូវការសេវាធនាគារផងដែរ។
លើសពីនេះ ភាគទុនិករបស់ធនាគារ មានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងលើទីផ្សារកម្ពុជា ស្របពេលដែលស្ថានភាពនយោបាយនៅក្នុងប្រទេសមានភាពល្អប្រសើរ។
ក្រៅតែពីសាខានៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ធនាគារ ឌីជីប៊ី ក៏មានផែនការនឹងពង្រីកសាខាទៅកាន់បណ្ដាខេត្តសក្ដានុពលផ្សេងៗទៀត ដូចជាសៀមរាប និងខេត្តព្រះសីហនុជាដើម។
នៅពេលដែលត្រូវបានសួរថា តើអ្វីជាចំណុចពិសេសរបស់ធនាគារឌីជីប៊ី ក្នុងការប្រកួតប្រជែងទីផ្សារ? លោក ង៉ែត ប៊ុនធឿន បានបញ្ជាក់អះអាងថា ធនាគារ ឌីជីប៊ី គឺមានការផ្ដល់ជូននូវសេវាកម្មធនាគារលឿនរហ័ស និងល្អបំផុតសម្រាប់អតិថិជន ពិសេស សម្រាប់ការអនុម័តផ្ដល់កម្ដីតែម្ដង ពោលគឺអតិថិជនអាចចំណាយពេលត្រឹមតែ១សប្ដាហ៍ប៉ុណ្ណោះ នឹងទទួលបានកម្ចីយកទៅប្រើប្រាស់តាមតម្រូវការ។
សូមបញ្ជាក់ថា ធនាគារ ឌីជីប៊ី ទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាធនាគារពាណិជ្ជកាលពីអំឡុងខែកញ្ញាឆ្នាំ២០២០។ កាលពីឆ្នាំ២០២១ ធនាគារនេះ ទទួលបានប្រាក់ចំណូលសុទ្ធប្រមាណជាង ១៦លានដុល្លារ៕