យោងតាមប្រភពផ្លូវការធំៗជាច្រើនរួមមានទាំងសារព័ត៌មាន BUSINESS INSIDER និងសារព័ត៌មាន FINANCIAL TIMES ផងបានឱ្យដឹងថា ការធ្លាក់ថ្លៃយ៉ាងគំហុករបស់ត្បូងពេជ្រដែលជាគ្រឿងអលង្ការជាទីបេតីបំផុតនៃស្ត្រីទូទៅ បណ្ដាលមកពីកត្តាចម្បងៗមួយចំនួនដូចខាងក្រោម៖
ទី១, តម្រូវការធ្លាក់ចុះនៅក្នុងប្រទេសចិន៖ ទិន្នន័យបានបង្ហាញថា តម្រូវការត្បូងពេជ្រនៅក្នុងប្រទេសចិន ដែលមានប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់ និងជាទីផ្សារត្បូងពេជ្រធំបំផុតទី២របស់ពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបណ្ដាលមកពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ការប្រែប្រួលនៃចំណូលចិត្តរបស់អ្នកប្រើប្រាស់ និងការធ្លាក់ចុះនៃអត្រារៀបអាពាហ៍ពិពាហ៍។
កត្តាចម្បងទី២ គឺការកើនឡើងនៃពេជ្រចិញ្ចឹម ដែលទទួលបានការពេញនិយមកាន់តែខ្លាំងឡើងដោយសារវាមានតម្លៃធូរថ្លៃជាងឆ្ងាយ បើធៀបនឹងពេជ្រធម្មជាតិ និងដែលគេយល់ថាមិនប៉ះពាល់ដល់បរិស្ថាន ហើយទាំងអស់នេះបានធ្វើឱ្យត្បូងពេជ្រធម្មជាតិ កាន់តែពិបាកប្រកួតប្រជែង។
កត្តាចម្បងទី៣ គឺសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដ៖ ការព្រួយបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចរួមទាំងអតិផរណា និងអស្ថិរភាពទីផ្សារពិភពលោកផង បាននាំឱ្យអ្នកប្រើប្រាស់បង្ខំចិត្តចាយវាយត្បិតត្បៀតដោយកំណត់ចំណាយអាទិភាពលើរបស់ចាំបាច់ខ្លាំង ជាជាងការចំណាយខ្ជះខ្ជាយលើវត្ថុប្រណីតដូចជាត្បូងពេជ្រជាដើម។
កត្តាចម្បងទី៤ គឺផលប៉ះពាល់មកលើឧស្សាហកម្មត្បួងពេជ្រ៖ ក្រុមហ៊ុនផលិតពេជ្រធំៗដូចជាក្រុមហ៊ុន De Beers ដែលមានការិយាល័យកណ្ដាលនៅអង់គ្លេសជាដើមមានស្តុកត្បូងពេជ្រយ៉ាងច្រើនលក់មិនចេញដោយសារការលក់ធ្លាក់ចុះខ្លាំង ជាហេតុបង្ខំឱ្យក្រុមហ៊ុននេះកាត់បន្ថយការផលិត និងបញ្ចុះតម្លៃត្បូងពេជ្រដើម្បីរក្សាស្ថិរភាពទីផ្សារ។
ទី៥ ដែលជាកត្តាចម្បងចុងក្រោយគេ គឺការប្រែប្រួលនៃឥរិយាបថរបស់អ្នកប្រើប្រាស់៖ ជាការពិតណាស់ បច្ចុប្បន្ន អ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើនឡើងមានទំនោរប្រើប្រាស់ពេជ្រចិញ្ចឹមជាជាងពេជ្រធម្មជាតិដោយសារកត្តាមួយចំនួន ក៏ដូចជាបញ្ហាសេដ្ឋកិច្ចជាដើម៕
ដោយ: តែម សុខុម