សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មដ៏តឹងតែងបំផុតទៅលើក្រុមហ៊ុនផលិត និងនាវាដឹកប្រេងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែមករា ដើម្បីទប់ស្កាត់ប្រាក់ចំណូលរបស់អ្នកនាំចេញប្រេងលំដាប់ទី២របស់ពិភពលោកមួយនេះ សំដៅកាត់ផ្តាច់ជំនួយសម្រាប់គាំទ្រដល់ការធ្វើសង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែន។
ទណ្ឌកម្មថ្មីរបស់អាម៉េរិកនេះ បានផ្ដល់ឱកាសដល់នាវាដឹកប្រេងស្រមោលថ្មីៗជាច្រើន ដែលបានព្យាយាមគេចពីការរឹតបន្តឹងរបស់បស្ចិមលោក ដើម្បីដឹកជញ្ជូនប្រេងទៅកាន់ប្រទេសឥណ្ឌា និងប្រទេសចិន ដោយធ្វើឱ្យក្រុមហ៊ុនចម្រាញ់ប្រេងនៅប្រទេសទាំងនេះទទួលបានផលប្រយោជន៍ច្រើនពីការនាំចូលប្រេងរបស់រុស្ស៊ីក្នុងតម្លៃថោក ដែលត្រូវបានហាមឃាត់មិនឱ្យនាំចូលទៅទ្វីបអឺរ៉ុបបន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។
លោកស្រី ណាតាលៀ ឡូសាដា (Natalia Losada) អ្នកវិភាគនៅក្រុមហ៊ុន Energy Aspects បាននិយាយថា កម្រិតប្រាក់ចំណេញប្រេងម៉ាស៊ូតបានកើនឡើងបន្ទាប់ពីមានព័ត៌មាន ស្តីពីការដាក់ទណ្ឌកម្មនេះ ហើយពួកគេរំពឹងថា នឹងមានការរំខានខ្លាំងដល់ការនាំចេញប្រេងម៉ាស៊ូតរបស់រុស្ស៊ី ជាពិសេសនឹងប៉ះពាល់ដល់ការនាំចេញប្រេងម៉ាស៊ូតរបស់ក្រុមហ៊ុនរុស្ស៊ី Gazprom Neft និងក្រុមហ៊ុន Surgutneftegas យ៉ាងហោចណាស់១៥ម៉ឺនធុងបារ៉ែលក្នុងមួយថ្ងៃ។
ទិន្នន័យរបស់ផ្សារមូលបត្រ LSEG នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហាញថា តម្លៃបុព្វលាភនៃកិច្ចសន្យាលក់ប្រេងម៉ាស៊ូតនៅអឺរ៉ុប នៅ៦ខែខាងមុខទៀត បានកើនឡើងដល់ជាង៥០ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយបានកើនឡើងខ្ពស់១០ខែជាប់ៗគ្នា។
កម្រិតប្រាក់ចំណេញពីការចម្រាញ់ប្រេងម៉ាស៊ូតនៅអាស៊ី បានកើនឡើង៨% កាលពីថ្ងៃចន្ទ សប្ដាហ៍មុន ដោយឡើងដល់ជាង១៧ដុល្លារក្នុងមួយធុងបារ៉ែល ដែលជាការកើនឡើងច្រើនបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះបន្តិចមកនៅត្រឹមប្រហែល១៦ដុល្លារប៉ុណ្ណោះក្នុងមួយធុងបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន៕
អត្ថបទ៖ សុខ មង្គល