អត្ថបទក្រុមហ៊ុន

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិត ២ជំនាន់


បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានរៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិត ជំនាន់ទី៣ និង ទី៤ ក្នុងឆ្នាំបញ្ចប់ការសិក្សា ២០២០ និង ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅអគារនវានុត្តន៍នៃបណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២២។
ពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រជូននិស្សិតជំនាន់ទី៣ និងទី៤ ក្នុងឆ្នាំបញ្ចប់ការសិក្សា ២០២០ និង ២០២១ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។

ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សារបស់ CADT តំណាងស្ថានទូត ក្រុមហ៊ុន នានា ព្រមទាំងអាណាព្យាបាល និងស្ថាប័នដៃគូ និងនិស្សិត បញ្ចប់បរិញ្ញាបត្រដោយជោគជ័យ ប្រមាណជាង ៣០០នាក់។

នេះគឺជាលើកទី៣ ហើយសម្រាប់ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងការ រៀបចំពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រ ជូននិស្សិតបញ្ចប់បរិញ្ញាបត្រដោយជោគជ័យ បន្ទាប់ពីខកខាន មិនបានរៀបចំកាលពីឆ្នាំកន្លងទៅ។ ក្នុងពិធីដ៏ឱឡារិកនេះ មាននិស្សិតបញ្ចប់បរិញ្ញាបត្រដោយជោគជ័យ សរុបចំនួន ១១៩ រូប ដែលនេះគឺជាសមិទ្ធផល និងជាទីមោទនភាពសម្រាប់បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា (CADT)។ មិនតែប៉ុណ្ណោះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបចំឲ្យមាន ការទទួលសញ្ញាបត្រ ពីចម្ងាយ តាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ សម្រាប់និស្សិតដែលកំពុងបន្តការសិក្សានៅក្រៅប្រទេស ដែលនេះជាកម្មវិធីលើកដំបូងគេបង្អស់នៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងការអបអរសាទរ និង​មានប្រសាសន៍ថា៖ «នេះគឺជាភាព ជោគជ័យលើកទី ២ សម្រាប់ក្មួយៗនិស្សិត បន្ទាប់ពីការប្រលងជាប់សញ្ញាបត្រទុតិយភូមិ ឥឡូវនេះ បន្ទាប់ពីបញ្ចប់ដំណើរនៃការសិក្សាបរិញ្ញាបត្ររយៈពេល ៤ ឆ្នាំ គឺដល់ពេលដែល ក្មួយៗត្រូវធ្វើការ បន្តដំណើរទៅក្នុងពិភពការងារជាក់ស្តែង ជួបនឹងបរិស្ថានថ្មីដែលខុសពីពេលដែលយើងនៅជានិស្សិត ដូច្នេះ យើងត្រូវចេះរៀនសម្របខ្លួនទៅក្នុងសង្គមការងារ ដើម្បីពង្រឹងខ្លួនឯង ជាធនធានមនុស្សដែលមាន ប្រសិទ្ធភាព និងប្រសិទ្ធផល។ នេះជាចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការបង្កើនធនធានមនុស្សក្នុងវិស័យ បច្ចេកវិទ្យាឌីជីថល សមិទ្ធផល និងភាពជោគជ័យរបស់ក្មួយៗ នៅថ្ងៃនេះ គឺបាន រួមចំណែកលើកកម្ពស់ វិស័យបច្ចេកវិទ្យាឌីជីថល ដែលបានដើរតួសំខាន់បំផុតនៅប្រទេសកម្ពុជា។ ការរៀបចំនូវគោលការណ៍ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ គឺមានគោលដៅ ជម្រុញឲ្យប្រជាពលរដ្ធ មានជំនាញ និងចំណេះដឹង ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការប្រកបជីវភាព ប្រចាំថ្ងៃ។ ការប្រែក្លាយជារដ្ឋាភិបាលឌីជីថលបម្រើជូនសេវាសាធារណៈ ទៅកាន់ ប្រជាពលរដ្ឋ ធុរជន ពីរដ្ឋទៅរដ្ឋ និងការចូលរួមអភិវឌ្បន៍ចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ឲ្យមានភាពរឹងមាំ ជាមួយដៃគូ ទាំងក្នុងនិង ក្រៅប្រទេស ដែលទាំងអស់នេះគឺសុទ្ធតែត្រូវការធនធានមនុស្សដូចក្មួយៗទាំងអស់គ្នា»។

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានថ្លែងថា៖ «ប្អូនៗ និស្សិតទាំងអស់ គឺមានការរួមចំណែកយ៉ាងខ្លាំងដល់ការលូតលាស់ និងការអភិវឌ្ឍរបស់បណ្ឌិត្យសភា បច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងនោះមានការចូលរួមក្នុងសកម្មភាពសាលា ដូចជាសិល្បៈ កីឡា ពិធី ទទួលនិស្សិត ជាពិសេសគឺការចូលរួមប្រឡងប្រជែងក្នុងកម្មវិធីនានាទាំងក្នុងនិងក្រៅប្រទេស ហើយ តែងតែទទួលបាននូវជ័យលាភី និងលទ្ធផលល្អជានិច្ច។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយជា សរសរទ្រូង និងជាទូតសុឆន្ទៈ របស់សាលា ជាគម្រូល្អដល់ប្អូនៗជំនាន់ក្រោយនៅក្នុងវិស័យបច្ចេកវិទ្យា ឌីជីថលនេះ»។

គួរបញ្ជាក់ថានិស្សិតដែលបានបញ្ចប់ការសិក្សាមានជាង ៩៥% ទទួលបានការងារធ្វើត្រូវនឹងជំនាញរបស់ ខ្លួនជាមួយក្រុមហ៊ុនល្អៗ ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល ក៏ដូចជាធុរកិច្ចថ្មីឌីជីថល ហើយ មាននិស្សិតមួយចំនួនបានទទួលអាហារូបករណ៍សិក្សាបន្តនៅបរទេសផងដែរ និងខ្លះទៀតចាប់ផ្តើម អាជីវកម្មផ្ទាល់ខ្លួន។ ក្នុងអំឡុងពេលសិក្សា និស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល តែងតែបាន ចុះធ្វើកម្មសិក្សាផ្ទាល់តាមក្រុមហ៊ុន ចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិ ហើយទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាថ្មីម្តងទៀត យើងខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានធ្វើការបញ្ចប់ការសិក្សារបស់ខ្លួនបានដោយជោគជ័យ និងជាទីមោទនៈ៕

សម្រាប់ព័ត៌មានបន្ថែម៖

● ចូលទៅកាន់គេហទំព័រ http://cadt.edu.kh

● ទំនាក់ទំនង [email protected]u.kh

● Facebook:  http://bit.do/cadt-academy-fb

● LinkedIn:  http://bit.do/cadt-linkedin

● Instagram: cadtofficial

● t.me/cadt_official

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


«ទឹកឃ្មុំព្រៃមណ្ឌលគិរី» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ខណៈទិន្នផល១ឆ្នាំមានជាង១០០តោន

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានអះអាងថា ក្រសួងសម្រេចបានសម្រេចយក «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (IG) ជ…

អេស៊ីលីដា នៅតែរំពឹងកំណើនឥណទាន និងប្រាក់បញ្ញើខ្ពស់នៅឆ្នាំ២០២២

ព័ត៌មាន
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា អះអាងថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនមិនបានជះឥទ្ធិពលធ្ងន់ធ្ងរមកលើប្រតិបត្តិការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ