
ម្ចាស់ហាងមាសពេជ្រ ទី មង្គល បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការងើបឡើងនៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ គួបផ្សំនឹងការសម្រុកទិញយ៉ាងគំហុករបស់ពលរដ្ឋខ្មែរក្នុងពេលថ្មីៗនេះ បានធ្វើឱ្យឈ្មួញធំៗមួយចំនួននៅកម្ពុជា ឆ្លៀតឱកាសដាក់គម្លាតតម្លៃមាសខ្ពស់ជាងទីផ្សារអន្តរជាតិ ចន្លោះពី១៥០ដុល្លារដល់៣០០ដុល្លារក្នុង១តម្លឹង។ ការណ៍នេះ បានធ្វើឱ្យអ្នកប្រកបអាជីវកម្មចែកចាយបន្តមានបញ្ហាប្រឈមជាមួយអតិថិជន ហើយអតិថិជនបាត់បង់នូវទំនុកចិត្តក្នុងការជួញដូរមាស។
ជាមួយគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង កត់សម្គាល់ឃើញថា គម្លាតហាងឆេងមាសនៅក្នុងទីផ្សារកម្ពុជា កាលពីសប្ដាហ៍មុនមានការប្រែប្រួលខ្លាំង និងធ្វើឱ្យតម្លៃលក់ចេញទិញចូលខុសគ្នាខ្លាំងពីទីផ្សារអន្តរជាតិ។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះ វាយតម្លៃថា ដោយសារអ្នកជួញដូរមាសមានការប្រុងប្រយ័ត្ន និងការពារហានិភ័យពីការប្រែប្រួល និងម្យ៉ាងទៀតពួកគេដាក់គម្លាត ដើម្បីរក្សាផលចំណេញ។
ស្រដៀងគ្នានេះដែរ លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយប័ណ្ណអន្តរជាតិ សង្កេតឃើញថា គម្លាតតម្លៃមាសនៅកម្ពុជា ខ្ពស់ជាងទីផ្សារអន្តរជាតិ តែងកើតឡើងនៅពេលមានអ្នកសម្រុកទិញមាសច្រើន។ ជាក់ស្ដែងហាងឆេងមាសនៅកម្ពុជា កាលពីសប្ដាហ៍មុន ត្រូវបានអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា មានតម្លៃលើសទីផ្សារអន្តរជាតិចន្លោះពី២០០ដល់៣០០ដុល្លារក្នុង១តម្លឹង ខណៈតម្លៃលើទីផ្សារអន្តរជាតិ មិនមានគម្លាតខ្លាំងពេកនោះទេ។ គម្លាតមាសខ្ពស់ជាងទីផ្សារអន្តរជាតិនេះ ត្រូវបានលោក សេក ធារម្យ លើកឡើងថា គឺដោយសារការកំណត់របស់ឈ្មួញ ខណៈទីផ្សារមាសអន្តរជាតិ មានការកំណត់តម្លៃច្បាស់លាស់។
សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា បានហក់ឡើងដល់៥,៥០០ដុល្លារក្នុង១តម្លឹង។ ការកើនឡើងតម្លៃមាសជាប្រវត្តិសាស្រ្តនេះ បានកើតឡើងក្រោយសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចអាម៉េរិក និងចិន បានចាប់ផ្តើមកើនឡើងកម្តៅជាថ្មី និងបញ្ហាភូមិសាស្រ្តនយោបាយដែលកើតមាននាពេលថ្មីៗនេះផងដែរ៕
អត្ថបទ៖ បូ ដូឡា