វិស័យអាកាសចរណ៍

ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន ត្រូវបានបើកដំណើរការឡើងវិញ ក្រោយផ្អាកអស់ជាច្រើនឆ្នាំ


ការតភ្ជាប់ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនរបស់ចិន ត្រូវបានបើកដំណើរការឡើងវិញក្រោយផ្អាកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ដោយជើងហោះហើរត្រង់ទី១ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបាននាំយកអ្នកដំណើរសរុបចំនួន១៤៨នាក់ បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ រំពឹងការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញនេះ នឹងជួយជំរុញការស្រូបទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យចូលមកកាន់ខេត្តព្រះសីហនុ បានកាន់តែច្រើនថែមទៀត។
ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន
ដោយ

ជើងហោះហើរត្រង់រវាងខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនរបស់ចិន ត្រូវបានបើកដំណើរការឡើង បន្ទាប់ពីបានផ្អាកដំណើរការអស់រយៈពេលជាច្រើនឆ្នាំ ពោលគឺតាំងពីកម្ពុជា និងចិន រងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់ស្តែងបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ ពីទីក្រុងស៊ិនជិន ប្រទេសចិន ដែលបានពាំនាំភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិសរុបចំនួន១៤៨នាក់ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងស៊ិនជិន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន កាន់តែច្រើនបន្ថែមទៀតចូលមកកាន់គោលដៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ននេះ ស្ថានភាពនៃភ្ញៀវទេសចរ និងវិនិយោគិនចិន ដែលចូលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ គឺមានកំណើនវិជ្ជមានជាប្រក្រតី។

ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានសាទរចំពោះសមិទ្ធផលដ៏ប្រសើររបស់កម្ពុជា ក្នុងការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាបន្តបន្ទាប់ តួយ៉ាងដូចជាការតភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងស៊ិនជិន-ក្រុងព្រះសីហនុនេះ ដែលជាចលករដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចិន បន្ថែមទៀត ចូលមកកាន់កម្ពុជា និងរំពឹងថា កម្ពុជានឹងមានការតភ្ជាប់ជើងហោះហើរត្រង់ពីតំបន់ផ្សេងៗបន្ថែមទៀតផងដែរនាពេលខាងមុខ។

គួររំលឹកថា ខេត្តព្រះសីហនុ ធ្លាប់មានជើងហោះហើរត្រង់ទៅទីក្រុងស៊ិនជិនម្តងរួចមកហើយ តែត្រូវបានផ្អាកទៅវិញដោយសារវិបត្តិកូវីដ-១៩។ ការភ្ជាប់ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានេះជាការឆ្លើយតបនឹងយុទ្ធនាការ«ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ដែលបានរៀបចំឡើងដោយរដ្ឋាភិបាលទាំងពីរ និងការពង្រីកគោលដៅថ្មីៗ ដើម្បីបំពេញតម្រូវការកំពុងកើនឡើងទាំងផ្នែកពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រជាជនទាំងពីរប្រទេស។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ៕




អត្ថបទបន្ទាប់


នាង Boom Panadda ដែលតែងតែឌឺដងពេបជ្រាយដាក់កម្ពុជា បានជ្រុះចេញពីតំណែងអ្នកនាំពាក្យ

នៅទីបំផុតនាង Boom Panadda បានជ្រុះបាត់តំណែងជាអ្នកនាំពាក្យរបស់មជ្ឈមណ្ឌលបញ្ជាការព្រំដែនថៃ ហើយ បន្ទាប់ពីលោក អនុទីន ឆានវីរៈគុល បានស្បថចូល…

តម្លៃជ្រូករស់បានធ្លាក់ថ្លៃជាង២,០០០រៀលក្នុង១គីឡូក្រាម តើមកពីមូលហេតុអ្វី?

តម្លៃជ្រូករស់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ បន្ទាប់ពីបានស្ទុះឡើងមួយរយៈកន្លងមក។ បច្ចុប្បន្នជ្រូករស់អាចលក់បានចន្លោះពី៨,០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ