វិស័យទេសចរណ៍

កម្ពុជា-ជប៉ុន គ្រោងតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នានៅចុងឆ្នាំនេះ


អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា វិស័យអាកាសចរណ៍កម្ពុជា នឹងកាន់តែមានភាពល្អប្រសើរថែមទៀតនៅឆ្នាំនេះ តាមរយៈកំណើននៃការតភ្ជាប់ភ្ជាប់ជើងហោះហើរថ្មីៗ។ តួយ៉ាង ការតភ្ជាប់ជើងហោះហើរ កម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា ដែលគ្រោងដាក់ឱ្យដំណើរការនៅក្នុងពេលឆាប់ៗនេះ។ បើតាមមន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិលកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូល តាមផ្លូវអាកាសសរុបជាង ១លាន ៩សែននាក់ កើនឡើងជាង ១៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
វិស័យទេសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ​ស្ថានភាពវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា ហាក់ទទួលបានកំណើនគួរឱ្យកត់សម្គាល់ ពោលគឺមានអ្នកដំណើរដល់ជាង ១លាន ៩សែននាក់ បានធ្វើដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិ ទាំង៣របស់កម្ពុជា មានការកើនឡើងជាង១៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ជាមួយនិងចំនួនជើងហោះហើរចេញ-ចូលសរុបជាង ១ម៉ឺន៧ពាន់ជើង កើនឡើងជាង១៩%។ ដោយឡែកសម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសក្នុងរយៈពេលដូចគ្នានេះវិញ សម្រេចបានជិត២ម៉ឺនតោន កើនឡើងជាង ១០%។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា (Air Cambodia/ K6) ទើបតែទទួលបានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងកម្ពុជា និងជប៉ុន ឱ្យធ្វើការហោះហើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែមេសា កន្លងទៅនេះ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្ថែមថា បើគ្មានអ្វីប្រែប្រួលទេនោះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អាចនឹងចាប់ផ្តើមដំណើរការប្រតិបត្តិការហោះដឹកជញ្ជូនអ្នកដំណើររបស់ខ្លួននៅអំឡុងខែតុលា ឆ្នាំ២០២៥ខាងមុខនេះ រវាង ភ្នំពេញ-កាន់សៃ (អូសាកា-ប្រទេសជប៉ុន) ឆ្លងកាត់ក្រុងហ្វូចូវ នៃប្រទេសចិន ដោយប្រតិបត្តិការនេះនឹងមានចំនួន៤ជើងក្នុងមួយសប្តាហ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A321។

ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបានចាត់ទុកការតភ្ជាប់ជើងហោះហើរថ្មីរវាងកម្ពុជា-ជប៉ុននេះ គឺជាសញ្ញាវិជ្ជមានបន្ថែមទៀតសម្រាប់ការរីកចម្រើននៃវិស័យអាកាសចរណ៍ និងទេសចរណ៍របស់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ភ្ញៀវទេសចរជប៉ុន គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដ្បិតថា ទេសចរជប៉ុន តែងតែចំណាយខ្ពស់ទៅលើដំណើរកម្សាន្តរបស់ពួកគេ ដែលនឹងអាចចូលរួមចំណែកបានច្រើនចូលក្នុងសេដ្ឋកិច្ចកម្ពុជា។

​លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា នៅដើមឆ្នាំ២០២៥នេះ ស្ថានភាពរបស់វិស័យទេសចរណ៍តាមផ្លូវអាកាសរបស់កម្ពុជា បង្ហាញពីការស្ទុះងើបឡើងគួរឱ្យកត់សម្គាល់។ ប៉ុន្ដែ អ្នកជំនាញរូបនេះរំពឹងថា កម្ពុជានឹងមានការតភ្ជាប់ជើងហោះហើរថ្មីៗបន្ថែមទៀតបានកាន់តែច្រើននៅឆ្នាំនេះ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរតាមផ្លូវអាកាសចូលមកកម្សាន្តនៅកម្ពុជា ឱ្យបានកាន់តែប្រសើរថែមទៀត។

​គួរជម្រាបថា បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ចំនួន៣១ កំពុងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិ ទាំង៣ របស់កម្ពុជា ដោយមានជើងហោះហើរចេញ-ចូល សរុបចំនួន ១៨៨ជើងក្នុង១ថ្ងៃ និងបានតភ្ជាប់ជើងហោះហើរអន្តរជាតិ កាន់គោលដៅ​១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់ ផងដែរ។ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានរំពឹងទុកថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងអាចសម្រេចបាននូវការដឹកជញ្ជូនអ្នកដំណើរចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨ម៉ឺនតោន នៅក្នុងឆ្នាំ២០២៥ នេះ៕




អត្ថបទបន្ទាប់


អ្នកជំនាញថា អ្នករកស៊ីផ្ដល់សេវាអចលនវត្ថុ ត្រូវចេះរួបរួមគ្នា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងបញ្ចៀសវិបត្តិ

នៅចំពេលដែលសេដ្ឋកិច្ចសកលប្រែប្រួលមិនទៀងទាត់ ហើយវិស័យអចលនទ្រព្យនៅកម្ពុជា មិនទាន់ស្ទុះងើបខ្លាំងមកវិញនោះ អ្នកជំនាញដែលមានបទពិសោធចាស់វស្សានៅក្…

បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូនៅថៃ ស្នើឱ្យរាជរដ្ឋាភិបាលជួយអន្តរាគមន៍បន្ទាន់ លើវិបត្តិបណ្ណបំណុលអចលនទ្រព្យជិត ៨ពាន់លានដុល្លារ

ដោយសារតែរងគ្រោះនឹងសម្ពាធនៃពន្ធបដិការរបស់សហដ្ឋអាម៉េរិក និង ផលប៉ះពាល់ដោយគ្រោះរញ្ជួយដីថ្មីៗនេះផង បានជំរុញឱ្យបណ្តាក្រុមហ៊ុនដែលកំពុងតែអភិវឌ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ