ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល គ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ចបានចាប់យកបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋានក្នុងប្រតិបត្តិការ និងជាឃ្នាស់ក្នុងការអភិវឌ្ឍ ដែលញ៉ាំងឱ្យវិស័យទូរគមនាគមន៍កាន់តែមានតួនាទីសំខាន់មិនអាចខ្វះបាន។ ជាក់ស្តែងកាលពីពេលកន្លងទៅក្រសួងប្រៃសណីយ៍ បានជំរុញជាបន្តបន្ទាប់ឱ្យមានការវិនិយោគសាងសង់បង្គោលអង់តែនថ្មីៗនៅតាមបុរី តាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប៉ុន្តែត្រូវប្រឈមមុខជាមួយបញ្ហាមួយចំនួនដូចជាការខ្វះកិច្ចសហការក្នុងការផ្តល់ទីតាំង និងការតវ៉ារារាំងមិនឱ្យសាងសង់ដោយមានការយល់ខុសអំពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនជាដើម។ ឯកឧត្តម ជា វ៉ានដេត បញ្ជាក់បន្ថែមបែបនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថលនិងលើកទិសដៅការងារបន្តនាពេលថ្មីៗនេះ។
ពាក់ព័ន្ធការសាងសង់អង់តែនទូរសព្ទនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រាប់សាធារណជនទាំងអស់កុំឱ្យមានការព្រួយបារម្ភចំពោះផលប៉ះពាល់នានាដែលបង្កឡើងបង្គោលអង់តែន ព្រោះមកទល់ពេលនេះមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបង្ហាញថា ការប្រើប្រាស់ទូរសព្ទ និងបង្គោលអង់តែនទូរសព្ទបានបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស ហើយប្រសិនបើមានផលប៉ះពាល់មែននោះពិភពលោកនឹងមិនប្រើទូរសព្ទនោះទេ។
បើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បច្ចុប្បន្នកម្ពុជាមានបង្គោលអង់តែនទូរសព្ទសរុបចំនួន១១,៥១១បង្គោល និងកំពុងជំរុញការសាងសង់បង្គោលអង់តែនទូរសព្ទបន្ថែមចំនួន៣,៦៧៤ ដែលនឹងជំរុញឱ្យចំនួនស្ថានីយអង់តែនកើនដល់៦,៣៥៥ត្រឹមឆ្នាំ២០២៧៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ