ទស្សនៈមួយ

កម្ពុជា​ចម្លង​ពី​អាមេរិក ឬ អាមេរិក​ចម្លង​ពី​កម្ពុជា?


ឲ្យ​តែ​និយាយ​ពី​ស្តង់ដារ​ប្រជាធិបតេយ្យ នយោបាយ សង្គម និង​ការដឹកនាំ​គ្រប់គ្រង​អ្វីៗ​ផ្សេង​ទៀត ក្រុម​អ្នក​មាន​ទំនោរ​ទៅ​អាមេរិក តែង​តែ​លើក​យក​របៀប​របប​ដឹកនាំ​គ្រប់គ្រង ទាំង​អំណាច​នីតិ​ប្បញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និង​អំណាច​តុលាការ របស់​សហរដ្ឋ​អាមេរិក ​មក​ធ្វើ​ជា​គំរូ​ស្តង់ដារ​បែប​អន្តរជាតិ ដែល​កម្ពុជា​គួរ​តែ​ប្រណិប័តន៍​តាម។ ប៉ុន្តែ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បច្ចុប្បន្ន កំពុងតែ​អនុវត្ត​ស្តង់ដារ​មួយ ដែល​កន្លង​មក អាមេរិក​ខ្លួន​ឯង​តែង​រិះគន់​ដល់​រដ្ឋាភិបាល​កម្ពុជា។
ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន

ចុះ​បើ​វា​ទៅ​ជា​អ៊ីចឹង​ហើយ​នោះ តើ​កម្ពុជា ឬ​ក៏​អាមេរិក​ទៅ ដែល​ជា​អ្នក​ចម្លង​យក​ស្តង់ដារ​មួយ​នេះ​ពី​គ្នា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​តែ​បដិសេធ​រាល់​ការ​​ដែល​មាន​ការ​ជំរុញ​ ឲ្យ​មាន​ការ​ដឹកនាំ​ប្រទេស​តាម​ប្រជាធិបតេយ្យ​សេរី​បែប​អឺរ៉ុប ឬ​ បែប​អាមេរិក។ លោកថា ការ​ដឹកនាំ​ប្រទេស វា​អាស្រ័យ​​ទៅ​លើ​ភូមិសាស្ត្រ​នយោបាយ ស្ថានភាព​សង្គម និង​វប្បធម៌ ​ប្រពៃណី​របស់​ប្រជាជាតិ​នីមួយៗ។

អ៊ីចឹងទេ វា​គ្មាន​ស្តង់ដារ​នោះ​ទេ! ការ​ដឹកនាំ​ឲ្យ​មាន​សន្តិភាព​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម គឺ​ជា​កត្តា​ចាំបាច់​របស់​ប្រទេស​នីមួយៗ។ ដូច្នេះ វា​គ្មាន​បែប​បទ​ដឹកនាំ​គ្រប់គ្រង​របស់​ប្រទេស​ណា​មួយ ត្រូវ​តម្រូវ​លើក​យក​មក​អនុវត្ត​ទាំង​ដុល​សម្រាប់​ប្រទេស​មួយ​ផ្សេង​ទៀត​នោះ​ទេ។

ទស្សនៈ​បែប​នេះ​សម្រាប់​ក្រុម​ប្រឆាំង​តែងតែ​យក​មក​ចម្អក​ឡក​ឡឺយ ថា​ជា​សម្តី ឬ​ជា​វិធី​ការពារ​និង​រក្សា​អំណាច​ឲ្យ​គង់វង់​តែ​ប៉ុណ្ណោះ ហើយ​បាន​អះអាង​តប​ថា តើ​អ្នកណា​ដែល​មិន​ទទួល​ស្គាល់​ថា ស្រុក​អាមេរិក ​ជា​ប្រទេស​បិតា​ប្រជាធិបតេយ្យ។

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប្រធានាធិបតី​អាមេរិក​រវាង​លោក ដូណាល់ ត្រាំ និង​លោកស្រី ហ៊ីលឡារី គ្លីនតុន កន្លង​មក លោក ត្រាំ បាន​ប្រើ​យុទ្ធសាស្ត្រ​ប្លែក​ពី​គេ ហើយ​ក៏​ត្រូវ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំ​លើ​ពិភពលោក និង​របស់​អាមេរិក​ខ្លួន​ឯង​ផង ចាត់​ទុក​ជា​មនុស្ស​ដ៏​គ្រោះ​ថ្នាក់​ដល់​ប្រទេស​អាមេរិក និង​ពិភព​លោក ប្រសិន ​បើ​គាត់​ឈ្នះ​ឆ្នោត។ 

តែ​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់ គឺ​តាំង​ពី​ដើម​ទី​រហូត​ថ្ងៃ​បោះឆ្នោត កេរ្តិ៍​ឈ្មោះ​លោក ត្រាំ ដែល​ចុះទាប​ជាង​លោកស្រី គ្លីនតុន ពី​មុន បាន​ហក់​ឡើង​ជា​លំដាប់ រហូត​លោក​ឈ្នះ​ឆ្នោត​ និង​ធ្វើ​ឲ្យ​លោកស្រី គ្លីនតុន ស្រក់​ទឹក​ភ្នែក សុំ​ចុះ​ចាញ់ ដោយ​មិន​មាន​អី​ប្រកែក​បាន​សោះ​ឡើយ។ 

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​ទី៤៥ របស់​សហរដ្ឋ​អាមេរិក

តើ​លោក ត្រាំ ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នោះ គឺ​គ្មាន​អ្នក​ណា​ដឹង​ទេ?

តែ​រឿង​ដែល​កំពុង​ភ្ញាក់​ផ្អើល​ពិភពលោក គឺ​ការ​អនុវត្ត​ពាក្យ​សន្យា ក្រោយ​ពេល​លោក ត្រាំ កាន់​តំណែង​ជា​ប្រធានាធិបតី​ផ្លូវ​ការ​របស់​អាមេរិក​សព្វថ្ងៃ។ ចំណាត់ការ​លោក​ចាប់​ពី​ថ្ងៃ​២០ មករា មក​ដល់​ពេល​នេះ ទើប​សម្រេច​បាន​តែ​មួយ​ទេ គឺ​លុប​បំបាត់​គោលនយោបាយ អូបាម៉ាឃែរ ក្រៅ​ពី​​នោះ ដូចជា រឿង​ហាម​ជន​មូស្លីម ៧ ប្រទេស​មិន​ឲ្យ​ចូល​អាមេរិក រឿង​សង់​កំផែង​ព្រំដែន​ជាប់​ម៉ិកស៊ិក រឿង​នយោបាយ​បំបែក​សហភាព​អឺរ៉ុប នយោបាយ​ចាប់​ដៃ​រុស្ស៊ី និង​កូរ៉េ​ខាង​ជើង ជាដើម កំពុង​ជួប​ភាព​ចម្រូងចម្រាស។ 

ភាព​ចម្រូងចម្រាស​នេះ គឺ​ដោយសារ​តែ​ប្រព័ន្ធ​គ្រប់គ្រង​អាមេរិក មិន​បាន​ប្រគល់​អំណាច​ជូន​លោក ត្រាំ អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​តាម​អំពើ​ចិត្ត​នោះទេ។ គេ​មាន​ក្រុមប្រឹក្សា​ជាតិ នៅ​សេតវិមាន ចាំ​ត្រួត​ពិនិត្យ មាន​តុលាការ​ជាន់​ខ្ពស់​សហព័ន្ធ​ចាំ​ខ្ទាស់ មាន​ព្រឹទ្ធ​សភា​នៅ​ឃ្លាំ​មើល និង​អនុម័ត​ពី​លើ។ 

ដល់​អ៊ីចឹង អ្វី​ដែល​លោក ត្រាំ សន្យា​ពេល​ឃោសនា វា​គ្រាន់​តែ​ជា​ប្រជាភិថុត ​សម្រាប់​ប្រជាជន ពិសេស ពលរដ្ឋ​អាមេរិក​ដែល​ចង់​ឃើញ​របៀប​ដឹកនាំ​ថ្មី ក្រោម​ការ​សន្យា​ដែល​មិន​ធ្លាប់​មាន​តែ​ប៉ុណ្ណោះ ហើយ​ដែល​មក​ដល់​ពេល​នេះ គ្រប់​មជ្ឈដ្ឋាន ក៏​នៅ​តែ​មិន​ទាន់​ច្បាស់​ថា អ្វី​ជា​នយោបាយ​ពិត​ប្រាកដ​របស់ ​លោក ត្រាំ ក្នុង​ការ​ដឹកនាំ​ប្រទេស​មហាអំណាច​ទី១ ​របស់​ពិភព​លោក​នេះ​នៅ​ឡើយ​ដែរ។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច ហ៊ុន សែន

និយាយ​ពី​នៅ​កម្ពុជា​វិញ រដ្ឋាភិបាល​ដែល​ដឹកនាំ​ប្រទេស​ត្រាំ​ត្រែង​ជាង​៣០​ឆ្នាំ មាន​រឿងរ៉ាវ​អវិជ្ជមាន​មិន​តិច​ទេ ហើយ​ពី​មួយ​អាណត្តិ ទៅ​មួយ​អាណត្តិ គេ​ឃើញ​មាន​វឌ្ឍនភាព​តិច​តួច​ ក្នុង​ការលុប​បំបាត់​ភាព​អសកម្ម ភាព​អយុត្តិធម៌​នានា និង​អំពើ​ពុក​រលួយ​អត់​តម្លាភាព។ 

ប៉ុន្តែ អ្វី​ដែល​គេ​មើល​ឃើញ ជាទូទៅ គឺ​បញ្ហា​សន្តិភាព ស្ថិរភាព​សេដ្ឋកិច្ច ​សង្គម និង​ការ​អភិវឌ្ឍ​តាម​ជំហាន​គីង្គក់​របស់​រដ្ឋាភិបាល គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ជា​អត្ថិភាព​ក្នុង​ការ​គ្រប​ដណ្តប់​សម្រាប់​សង្កត់​និង​បង្រ្កាប​ក្រុម​ប្រឆាំង។ 

យុទ្ធសាស្ត្រ​ឃោសនា​ប្រជាភិថុតិ​ នៅ​អាមេរិក និង​កម្ពុជា

ដោយ​ឡែក គណបក្ស​ប្រឆាំង ពិនិត្យ​ជា​ទូទៅ ក៏​ប្រើ​យុទ្ធសាស្ត្រ​ស្រដៀង​លោក ត្រាំ ដែរ ដើម្បី​ទាញ​សន្លឹក​ឆ្នោត គឺ​ការ​សន្យា​ក្នុង​រឿង​ធំៗ របៀប​ប្រជាភិថុត ដែល​ខ្លួន​មិន​ប្រាកដ​ថា ធ្វើ​បាន ឬ​យ៉ាង​ណា​ផង​ទេ។ ឧ. រឿង​ទឹកដី​ព្រំដែន រឿង​កោះត្រល់ រឿង​អន្តោប្រវេសន៍​ចូល​ស្រុក រឿង​ដំឡើង​ប្រាក់​ខែ​មន្ត្រី​ប៉ូលិស ទាហាន ... រឿង​មិន​យក​កម្រៃ​សេវា​សាធារណៈ ។ល។ និង។ល។ ឃើញ​តែ​សន្យា​ចោល មិន​ឃើញ​គិត​គូរ​ដាក់​លក្ខខណ្ឌ​ទាមទារ​អី​ពី​បក្ស​កាន់​អំណាច​សោះ ជិត​ពេញ​មួយ​អាណត្តិ​នេះ​ទៅ​ហើយ។

រឿង​ព្រំដែន​គោក សមុទ្រ កោះត្រល់ ជា​ដើម ជា​រឿង​រសើប ហើយ​ដែល​បាន​បង្ក​បញ្ហា​ក្នុង​ស្រទាប់​យុវជន គ្រប់​សម័យ​កាល សូម្បី​តែ​អតីត​មហាក្សត្រ សម្តេច​ព្រះ បរម​រតនកោដ្ឋ ក៏​ដោះស្រាយ​មិន​បាន និង​បង្ក​ទៅ​ជា​សង្គ្រាម​ជាច្រើន​ទសវត្ស ក៏​តែ​ពី​រឿង​ស្អប់​យួន​ហ្នឹង​ដូច​គ្នា។ 

អ៊ីចឹងទេ តើ​បក្ស​ប្រឆាំង​មាន​យន្តការ​និង​លទ្ធភាព​អី? បើ​សូម្បី​តែ​ផែនទី​យក​មក​ផ្គូរផ្គង ផ្ទៀង​ផ្ទាត់ ក៏​មិន​មាន​អី ច្បាស់​លាស់ លើស​បក្ស​កាន់​អំណាច​ផង​នោះ។  

រឿង​មួយ​ទៀត ដែល​មើល​ទៅ​ងាយ​សោះ គឺ​ប្រាក់​ឧបត្ថម្ភ​ពលរដ្ឋ​វ័យ​លើស​ពី ៦០​ឆ្នាំ ម្នាក់ ៤​ម៉ឺន​រៀល​មួយ​ខែ មួយ​អាណត្តិ​មក​នេះ បក្ស​សង្គ្រោះ​ជាតិ ​មិន​ដែល​នឹកនា ឬ​ទាមទារ​ក្នុង​សភា​ឲ្យ​ឮ​សំឡេង​ម្តង​ណា​ឡើយ។

រដូវ​បោះឆ្នោត គឺ​ជា​ពេល​ដែល​អ្នកនយោបាយ​ធ្វើ​ប្រជាភិថុតិ​ដើម្បី​សន្លឹក​ឆ្នោត

ពី​មុន​ការ​បង្ក្រាប​ការ​តវ៉ា​លើ​លទ្ធផល​បោះឆ្នោត ដែល​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ គេ​ថា អាជ្ញាធរ​កម្ពុជា​ធ្វើ​ខុស​ច្បាប់ តែ​ឥឡូវ​នៅ​អាមេរិក ក៏​​គេ​បង្ក្រាប​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ដូច​គ្នា តែ​នៅ​អាមេរិក បែរ​ជា​ថា ប៉ូលិស​បង្ក្រាប​ហ្នឹង​អត់​ខុស​ច្បាប់​ទៅ​វិញ។ អ៊ីចឹង មិន​ដឹង​ថា បែប​ម៉េច​ជា​ស្តង់ដារ​អាមេរិក ហើយ​កម្ពុជា​ចម្លង​ពី​អាមេរិក ឬ ​អាមេរិក​ទេ ដែល​ចម្លង​ពី​កម្ពុជា។ 

សិទ្ធិ​សេរីភាព​អ្នក​កាសែត នៅ​អាមេរិក និង​នៅ​កម្ពុជា

រឿង​បិទ​សិទ្ធិ​អ្នក​កាសែត នៅ​កម្ពុជា គណបក្ស​ប្រកាន់​យក​តែ​ប្រព័ន្ធ​ផ្សាយ ​ក្រុម​បក្ស​ពួក​រៀងៗ​ខ្លួន។ បក្ស​កាន់​អំណាច​គេ​ឲ្យ​អាទិភាព ​តែ​ប្រព័ន្ធ​ផ្សាយ​គាំទ្រ​អែបអប​ខ្លួន ឯ​បក្ស​ប្រឆាំង ​ក៏​ស្វាគមន៍​តែ​បណ្តាញ​ផ្សាយ​ណា​ដែល​និយាយ​ល្អ​ពី​ខ្លួន​ដូច​គ្នា។ បែប​នេះ​គេ​ថា អ្នក​នយោបាយ​ស្រុក​ខ្មែរ រើសអើង​អ្នក​កាសែត តែ​ឥឡូវ​នៅ​សេត​វិមាន​ប្រធា នាធិបតី​អាមេរិក ក៏​ហាម​កាសែត ទូរទស្សន៍​ល្បីៗ មាន ញូវយ៉ក ថែមស៍  CNN BBC ... មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ដែរ បើ​បែប​ហ្នឹង ជា​ស្តង់ដារ​ថ្មី​របស់​អាមេរិក​មែន​ទេ?។ ដល់អ៊ីចឹង តើ​នរណា​ចម្លង​ពី​នរណា​ទៅ? កម្ពុជា ឬអាមេរិក ជា​អ្នក​ចម្លង​គេ? 

ឥឡូវ ចាំ​មើល ដល់​ក្រោយ​ប្រកាស​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ តើ​រាល់​ការ​សន្យា​របស់​អ្នក​នយោបាយ​ខ្មែរ ត្រូវ​គេ​លើក​យក​មក​អនុវត្ត ដែរ​ឬ​ទេ? ហើយ​តើ​ស្តង់ដារ​អាមេរិក​ថ្មី​របស់​លោក ត្រាំ នឹង​ជា​បទ​ពិសោធន៍​ដល់​អ្នក​នយោបាយ​កម្ពុជា ក្នុង​ការ​ផ្លាស់ប្តូរ​របៀប​ធ្វើ​នយោបាយ ពី​ការ​គិត​តែ​ប្រកាប់​ប្រចាក់​គ្នា ដើម្បី​ដណ្តើម​អំណាច​ដឹកនាំ ហើយ​ភ្លេច​គិត​ពី​ម្ចាស់​ឆ្នោត និង​គិត​ពី​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​នោះ ដែរ ឬទេ ?៕  




អត្ថបទបន្ទាប់


មហាសេដ្ឋី​ទីបី​របស់​ចិន តាម​ពិត​ពី​មុន​ជា​អ្នក​ដឹក​ជញ្ជូន​ទំនិញ​ឲ្យ​គេ​តាម​ផ្ទះ

ព័ត៌មាន
បុរស​ដែល​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​ទីបី​ នៅ​ក្នុង​ប្រទេស​ចិន បន្ទាប់​ពី​មហាសេដ្ឋី វ៉ាង ជៀនលីន (Wang Jianlin) និង​​មហាសេដ្ឋី …

រៀន​ចប់​ផ្នែក​​កសិកម្ម ចង់​ក្លាយ​ជា​"មេដឹកនាំ​កសិករ"​នៅ​ស្រុក​កំណើត

ព័ត៌មាន
នៅ​កម្ពុជា យុវជន​ភាគ​ច្រើន​ចូលចិត្ត​ជ្រើសរើស​យក​មុខ​វិជ្ជាសិក្សា​​ណា​ដែល​នាំ​ឲ្យ​គេ​បាន​ការងារ​ធ្វើ​នៅ​ការិយាល័យ​មាន​ម៉ាស៊ីន​ត្រជាក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ