មន្រ្តីរាជការ

តើការពិនិត្យសារធាតុញៀនលើមន្រ្តីរាជការ នឹងចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពមន្រ្តី និងថវិកាជាតិ ដែរឬទេ?


ការដាក់ចេញវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ កំពុងទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីសាធារណជនទូទៅ។
មន្រ្តីរាជការ
ដោយ

រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានចាត់ទុកវិធានការនេះ ជានយោបាយអាទិភាពដ៏សំខាន់មួយរបស់ខ្លួន ស្របពេលដែលគ្រោះថ្នាក់ ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្តរីករាលដាលគួរឱ្យព្រួយបារម្ភទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។

តើការពិនិត្យសារធាតុញៀនលើមន្រ្តីរាជការអាចចូលរួមចំណែកជួយលើកកម្ពស់គុណភាពមន្ត្រី និងកាត់បន្ថយការចំណាយថវិកាដែរឬទេ? ហើយអ្នកជំនាញមានការយល់ឃើញបែបណាចំពោះបញ្ហានេះ?

លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា ក្រោយរាជរដ្ឋាភិបាលដាក់ចេញវិធានការត្រួតពិនិត្យសារធាតុញៀនលើមន្ត្រីរាជការទូទាំងប្រទេស គឺទទួលបានការគាំទ្រ និងសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។ សម្រាប់អ្នកជំនាញរូបនេះ វាល្មមដល់ពេលហើយ ដែលរាជរដ្ឋាភិបាលត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្រ្កាបគ្រឿងញៀន ដែលជាបញ្ហាចាក់ស្រេះដ៏ស្មុគស្មាញមួយ ដែលកំពុងបង្កក្តីបារម្ភដល់រាជរដ្ឋាភិបាល និងប្រជាជន។

ទន្ទឹមនឹងគាំទ្រចំពោះចំណាត់ការនេះ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ចាត់ទុកវិធានការនេះ គឺជារឿងដ៏សំខាន់មួយក្នុងការកាត់ផ្ដាច់ទំនាក់ទំនងរវាងមន្រ្តីរដ្ឋមួយចំនួន ដែលតែងតែឆ្លៀតឱកាសរកផលចំណេញពីក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន។ បន្ថែមពីនេះ វានឹងចួលរួមចំណែកជួយពង្រឹងក្របសីលធម៌ និងគុណភាពមន្ត្រី ក្នុងការផ្ដល់សេវាសាធារណៈជូនដល់ពលរដ្ឋ ហើយវាក៏ជាផ្នែកមួយជួយចូលរួមកាត់បន្ថយការចំណាយថវិកាជាតិផងដែរ។

​ជុំវិញវិធានការនេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជ​បណ្ឌិត្យសភាកម្ពុជា​ យល់ឃើញថា វិធានការរបស់រដ្ឋាភិបាលនេះ គឺជាវិធានការមួយដ៏ល្អក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបគ្រឿងញៀននៅកម្ពុជា។

ប៉ុន្តែសម្រាប់អ្នកជំនាញរូបនេះ រដ្ឋាភិបាលគួរតែផ្ដោតអាទិភាពលើមន្រ្តីណា ដែលអាចមានជាប់ការសង្ស័យ និងផ្ដោតទៅលើកន្លែងផ្ដល់សេវាកម្សាន្ត ព្រោះការផ្ដោតតែលើមន្រ្តីទូទៅនឹងត្រូវចំណាយពេលវេលាយូរ និងអស់ថវិកាអស់ច្រើន។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះចាត់ទុកវិធានការពិនិត្យរកសារធាតុញៀនលើមន្រ្តីរាជការនេះ គឺជាយន្តការមួយក្នុងការជួយបន្សុតមន្រ្តី ដើម្បីផ្ដល់សេវាសារធាណៈជូនដល់ពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបានមួយកម្រិតបន្ថែមទៀត។

​ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តន៍រកសារធាតុញៀនលើមន្រ្តីរាជការនៅទូទាំងប្រទេស ដើម្បីពង្រឹង វិន័យឡើងវិញ។ ក្នុងករណីមន្ត្រីរាជការណាមួយត្រូវបានរកឃើញមានផ្ទុកសារធាតុញៀននោះនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការអនុគ្រោះ។

​យោងតាមទិន្នន័យពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣ អាជ្ញាធរបង្ក្រាបបទល្មើសគ្រឿងញៀនបានសរុបចំនួនជាង៥ម៉ឺន៥ពាន់ករណី ដោយឃាត់ខ្លួនជនសង្ស័យជាង១២ម៉ឺននាក់​ ជាមួយសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ២៧តោន និងសារធាតុគីមីផ្សំ ព្រមទាំងវត្ថុតាងជា​ច្រើនទៀតផងដែរ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


កំណើនភ្ញៀវទេសចរចិនចេញក្រៅប្រទេស កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រទេសពឹងផ្អែកលើទេសចរណ៍

ភ្ញៀវទេសចរចិន បានសម្រុកធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេសនៅទូទាំងអាស៊ីនៅអំឡុងពេលសម្រាកក្នុងពិធីបុណ្យចូលឆ្នាំចិនកន្លងទៅជាថ្មីៗ។ បើយោងតាមកំណ…

ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ឥណ្ឌូនេស៊ី កាន់តែពុះកញ្ជ្រោល ខណៈ VinFast និង BYD ឈានជើងចូលទីផ្សារនេះព្រមគ្នា

ការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី (EV) របស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែពុះកញ្ជ្រោលកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនផលិតរថយន្ត VinFast របស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ