មន្រ្តីរាជការ

ធនាគារពិភពលោក៖ កម្ពុជាគួរតែទទួលបានលទ្ធផលប្រសើរជាងមុន ពីការដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ


ធនាគារពិភពលោក បានលើកឡើងថា ប្រទេសកម្ពុជា គួរខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការប្រែក្លាយការចំណាយសាធារណៈកាន់តែច្រើនទៅលើវិស័យសង្គមកិច្ច ដើម្បីធ្វើឱ្យការចំណាយនេះទទួលបានគុណផលផ្នែកសុខាភិបាល និងផ្នែកអប់រំកាន់តែល្អប្រសើឡើង។
មន្រ្តីរាជការ
ដោយ

ធនាគារពិភពលោក កត់សម្គាល់ថា កន្លងមកកម្ពុជាមានលទ្ធភាពក្នុងការបញ្ចៀសផលប៉ះទង្គិចអាក្រក់ពីការរាតត្បាតជំងឺកូវីដ-១៩ និងក្នុងការចាយវាយបានកាន់តែច្រើនទៅលើផ្នែកសង្គមកិច្ច ដោយសារការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈបានហ្មត់ចត់ និងការកើនឡើងនៃការប្រមូលចំណូល ដែលបានមកពីកំណើនថេរនៃសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំចន្លោះឆ្នាំ១៩៩៥ និង២០១៩។

តែយ៉ាងណាការកើនឡើងខ្លាំងនៃចំណាយនេះ គឺមួយផ្នែកធំកើតឡើងដោយសារការចំណាយទៅលើការដំឡើងប្រាក់បៀវត្សរ៍ទូទៅរបស់បុគ្គលិកក្នុងវិស័យសាធារណៈ ដោយមិនបានផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្មការងារ។ ជាលទ្ធផលបច្ចុប្បន្ននេះ ប្រាក់បៀវត្សរ៍គោលជាមធ្យមនៅក្នុងវិស័យសាធារណៈបានឡើងហួសប្រាក់បៀវត្សរ៍គោលរបស់បុគ្គលិក ដែលកាន់ការងារស្រដៀងគ្នានៅក្នុងវិស័យឯកជនទៅទៀត។

របាយការណ៍របស់ធនាគារពិភពលោកស្តីពីការត្រួតពិនិត្យហិរញ្ញវត្ថុសាធារណ «កម្ពុជា៖ ពីការចំណាយកនាន់តែច្រើន ទៅការចំណាយកាន់តែប្រសើរ» ដែលចេញផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ កត់សម្គាល់ឃើញថា ការដំឡើងប្រាក់បៀរវត្សរ៍របស់រាជរដ្ឋាភិបាលកម្ពុជាមិនទាន់បានប្រែក្លាយគុណផលការងារឱ្យមានភាពកាន់តែប្រសើរនៅឡើយទេ ជាពិសេសនៅក្នុងផ្នែកសង្គមកិច្ច។ គុណផលក្នុងវិស័យអប់រំមានភាពប្រសើរបន្តិចបន្តួចមែន ប៉ុន្តែនៅតែទាបបើធៀបជាមួយប្រទេសឯទៀតក្នុងតំបន់។

ការប្រើប្រាស់គ្រឹះស្ថានសេវាថែទាំសុខភាពសាធារណៈ នៅមានកម្រិតទាប ហើយពលរដ្ឋកម្ពុជាចាយលុយហោប៉ៅខ្លួនឯងទៅលើការព្យាបាល ក្នុងកម្រិតមួយខ្ពស់ជាងកម្រិតមធ្យមនៅក្នុងតំបន់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈគួរត្រូវបានកែលម្អឱ្យមានភាពប្រសើរជាងមុន។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាគួរទទួលបានមកវិញនូវតម្លៃប្រសើរជាងមុន ពីការចំណាយរបស់ខ្លួនទៅលើផ្នែកសេវាសាធារណៈ ដើម្បីឈានទៅសម្រេចបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្នយូរអង្វែង។ពោលគឺការចាយវាយឱ្យកាន់តែមានប្រសិទ្ធផល តាមរយៈការគ្រប់គ្រងថវិកាឱ្យកាន់តែមានលក្ខណៈយុទ្ធសាស្ត្រ ដោយចងលក្ខខណ្ឌនៃការដំឡើងប្រាក់បៀវត្សរ៍ជាមួយនឹងសមិទ្ធកម្មការងារ ហើយថ្លឹងថ្លែងឱ្យបានប្រសើរជាងមុនក្នុងការបែងចែកធនធានថវិកានៅតាមគ្រប់កម្រិតរបស់រដ្ឋាភិបាល។

ទន្ទឹមនេះ កម្ពុជាអាចរៀបចំដំណាក់កាលនៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីកសាងភាពធន់ផ្នែកសារពើពន្ធ ដែលចាំបាច់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំណាយរយៈពេលវែង និងចំពោះបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ នេះជាការលើកឡើងនៅក្នុងរបាយការណ៍ ដែលធនាគារពិភពលោកបានធ្វើឡើង តាមសំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការរៀបចំសម្រាប់កំណែទម្រង់នេះ អាចសម្រេចបានតាមរយៈការពង្រឹងតំណភ្ជាប់រវាងការរៀបចំផែនការ និងការរៀបចំថវិកា ព្រមទាំងការផ្សាភ្ជាប់រវាងការចំណាយ និងសមិទ្ធកម្មការងារ។ ហើយការបង្កើនគណនេយ្យភាព និងការវាយតម្លៃសមិទ្ធកម្មការងារនៅក្នុងវិស័យសាធារណៈ និងការពង្រឹងការគ្រប់គ្រងថវិកាមូលធន ក៏នឹងរួមចំណែកបានកាន់តែធំដែរ ក្នុងការធ្វើឱ្យចំណាយកាន់តែទទួលបានប្រសិទ្ធផលល្អជាងមុន។

បើតាមរបាយការណ៍ខាងលើ ការកែលម្អប្រតិបត្តិការឱ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងធនធានមនុស្ស និងការពង្រឹងសមត្ថភាពរបស់បុគ្គលិក នៅតាមគ្រប់កម្រិតនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងរួមចំណែកធ្វើឱ្យការចំណាយសាធារណៈ អាចជះឥទ្ធិពលវិជ្ជមានបានកាន់តែប្រសើរថែមទៀតផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ ការកសាងធនធានមនុស្សជាការបង្កើនភាពក្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកិច្ចការអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបា…

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅដំណាក់កាលទី១ សម្រេចបានជាង៦៤% ហើយ

ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលកំពុងដំណើរការសាងសង់នៅក្នុងដំណាក់កាលទី១ សម្រេចបានលទ្ធផលជាង៦៤%ហើយ ខណៈការកសាងសង់ផ្លូវតភ្ជាប់ពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ