លោក ជេរូម ផៅវែល បាននិយាយកាលពីពេលថ្មីៗថា វាច្បាស់ណាស់ថា គោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ខណៈអត្រាការប្រាក់គោល ដែលត្រូវបានដំឡើងតាមការរំពឹងទុកភ្លាមៗ«ត្រូវបានអនុវត្តត្រឹមត្រូវតាមគន្លងរបស់វា»។ ខណៈដែលលោក ផៅវែល បានរំលឹកជាថ្មីថា ធនាគារកណ្ដាលអាម៉េរិក (Fed) អាចនឹងរឹតបន្តឹងគោលនយោបាយបន្ថែមទៀតតាមការចាំបាច់នោះ ក្រុមពាណិជ្ជករជឿជាក់ថា វដ្តនៃការដំឡើងអត្រាការប្រាក់ត្រូវបានបញ្ចប់ហើយ។
ទីផ្សារប្រាក់ដុល្លារមួយចំនួនកំពុងកំណត់ថា លទ្ធភាព៦០% គឺធនាគារកណ្តាលអាម៉េរិក នឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងកិច្ចប្រជុំនៅខែមីនា ឆ្នាំ២០២៤ ខណៈកាលពីពេលជាងមួយសប្ដាហ៍មុននេះ ពួកគេរំពឹងថា មានលទ្ធភាពតែ២១% ដែលធនាគារនេះនឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងពេលដូចគ្នានេះ។ នេះបើតាមឧបករណ៍ FedWatch របស់ក្រុមហ៊ុន CME។ សន្ទស្សន៍ប្រាក់ដុល្លារអាម៉េរិក បានបង្ហាញពីការហក់ឡើងថែមទៀតនៅជុំវិញការបិទការជួញដូរនៅត្រឹមថ្ងៃសុក្រ ទី១ ខែធ្នូ នៅក្នុងតម្លៃជាង១០៣ដុល្លារ បើធៀបនឹងប្រាក់ដុល្លារសំខាន់ៗចំនួនប្រាំមួយផ្សេងទៀត។
លោក គីល រ៉ុដដា (Kyle Rodda) អ្នកវិភាគទីផ្សារហិរញ្ញវត្ថុជាន់ខ្ពស់នៅក្រុមហ៊ុន Capital.com បាននិយាយថា ទិន្នន័យរបស់អាម៉េរិក នៅតែជា«កត្តាជំរុញដ៏ចម្បង»នៃរូបិយប័ណ្ណជី១០ (G10) ដែលធ្វើឱ្យបញ្ជីប្រាក់បៀវត្សរ៍មិនមែនកសិកម្មក្លាយជា«ព្រឹត្តិការណ៍ហានិភ័យដ៏សំខាន់បំផុត»នៅក្នុងសប្តាហ៍នេះ ខណៈដែលរបាយការណ៍ការងារនៅខែវិច្ឆិកា ដែលគេបានតាមដានយ៉ាងដិតដល់នឹងចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ។
លោក រ៉ុដដា បានបន្ថែមថា អ្វីដែលគេកំពុងមើលឃើញនោះ គឺការកំណត់តម្លៃនៅក្នុងចំណោមករណីពិសេសផ្នែកសេដ្ឋកិច្ចរបស់អាម៉េរិក ដែលមានន័យថា ដៃគូប្រាក់ដុល្លារទាំងអស់អាចបន្តទទួលបានការកើនឡើងដោយអាស្រ័យលើទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ ធៀបនឹងប្រាក់យ៉េន ប្រាក់ដុល្លារកំពុងដូរបាន១៤៦,៥៨យ៉េន ក្នុងមួយដុល្លារបន្ទាប់ពីបានធ្លាក់ចុះដល់១៤៦,២៤យ៉េន ក្នុងមួយដុល្លារនៅក្នុងវគ្គជួញដូរមុននេះ ដែលជាកម្រិតទាបបំផុតបើគិតចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា៕
អត្ថបទ៖ សុខ ជា