ការជួញភាគហ៊ុននៅកម្ពុជាមានការធ្លាក់់ចុះ ក្រោយធនាគារអាមេរិកដួលរលំ

សម្ទុះនៃការជួញដូរផ្សារភាគហ៊ុនកម្ពុជាថយចុះ ក្រោយព្រឹត្តិការណ៍ដួលរលំភ្លាមៗនៃធនាគារធំៗ២របស់អាមេរិក


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា ការជួយដូរភាគហ៊ុននៅលើទីផ្សារមូលបត្រកម្ពុជាមាននិន្នាការធ្លាក់ចុះនៅ២ទៅ៣ថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីមានព័ត៌មានចុះផ្សាយពីធនាគារមួយចំនួននៅសហរដ្ឋអាមេរិកបានដួលក្ស័យធន។ និន្នាការធ្លាក់ចុះការជួញដូរនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា អាចបណ្តាលមកពីអ្នកវិនិយោគមានការព្រួយបារម្ភចំពោះភាពចលាចលនៃវិស័យហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកក្នុងការធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុនៅកម្ពុជា។
ផ្សារភាគហ៊ុនកម្ពុជា

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា នៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ១៣-១៤ខែមីនា ការជួញដូរភាគហ៊ុនកម្ពុជាហាក់បង្ហាញនិន្នាការធ្លាក់ចុះ បន្ទាប់ពីមានព័ត៌មានចុះផ្សាយពីការដួលរលំរបស់ធនាគារធំៗពីរ គឺ Silicon Valley Bank និង Signature Bank នៅសហរដ្ឋអាមេរិក។ ទោះយ៉ាងណា ឯកឧត្តម មិនហ៊ានវាយតម្លៃទេថា ការធ្លាក់ចុះនេះអាចបណ្តាលមកពីការព្រួយបារម្ភរបស់អ្នកវិនិយោគចំពោះការក្ស័យធនរបស់ធនាគារទាំងពីរ ឬក៏ជាការធ្លាក់ចុះធម្មតារបស់ទីផ្សារនោះទេ។ ប៉ុន្ដែ ឯកឧត្តម ហុង សុហួរ កត់សម្គាល់ឃើញថា បើទោះតម្លៃភាគហ៊ុនមានការធ្លាក់ចុះ តែមិនទាន់មានសញ្ញាណាមួយបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជួញដូរមានការធ្លាក់ចុះនោះទេ។

សម្រាប់ឯកឧត្តម ហុង សុហួរ ប្រសិនបើការធ្លាក់ចុះការជួញដូរភាគហ៊ុននៅកម្ពុជាបណ្តាលមកពីការព្រួយបារម្ភរបស់អ្នកវិនិយោគចំពោះស្ថានការណ៍ដួលរលំធនាគារធំៗពីរនៅសហរដ្ឋអាមេរិកមែននោះ វាជាសញ្ញាល្អមួយទៅវិញទេសម្រាប់ទីផ្សារជួយដូរភាគហ៊ុននៅកម្ពុជា ដ្បិតវាបានបង្ហាញពីភាពចាស់ទុំ និងភាពអាជីពរបស់អ្នកវិនិយោគ ដែលចេះសិក្សាពីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ ព្រោះកន្លងមកបើទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយការជួញដូរភាគហ៊ុននៅកម្ពុជាមិនមានការប្រែប្រួលគូរឲ្យកត់សម្គាល់នោះទេ។

ពាក់ព័ន្ធការដួលរលំរបស់ធនាគារធំៗមួយចំនួននៅសហរដ្ឋអាមេរិក លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា លោកមិនទាន់អាចវាយតម្លៃចំពោះផលប៉ះពាល់មកលើវិស័យហិរញ្ញវត្ថុកម្ពុជាដែលបណ្តាលមកពីការដួលរលំរបស់ធនាគារធំៗមួយចំនួននៅសហរដ្ឋអាមេរិកបាននោះទេ ដោយសារវាបានកើតឡើងក្នុងរយៈពេលខ្លីពេក។ អ្នកជំនាញរូបនេះបានបន្តថា បើទោះបីបច្ចុប្បន្នភាពចលាចលនៃវិស័យហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិកមិនទាន់បានបង្ហាញសញ្ញានៃផលប៉ះពាល់មកលើវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាក៏ពិតមែន ប៉ុន្ដែវាក៏ក្តីព្រួយបារម្ភមួយផងដែរ ដែលទាមទារឲ្យកម្ពុជាត្រូវយកចិត្តទុកដាក់តាមដានលើបញ្ហានេះ។ យ៉ាងណាក៏ដោយ លោក កាំង តុងងី អះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែមានការប្រុងប្រយ័ត្ន និងត្រៀមសេណារីយ៉ូជានិច្ច ដើម្បីត្រៀមឆ្លើយតបនឹងបញ្ហា ដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុកម្ពុជា។

ជុំវិញបញ្ហានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានអះអាងថា ការដួលរលំរបស់ធនាគារ Silicon Valley Bank និង Signature Bank នៅសហរដ្ឋអាមេរិកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធនាគារនិងស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជានោះទេ ដ្បិតបរិយាកាសអាជីវកម្មស្ថិតនៅដាច់ឆ្ងាយពីគ្នា។ ម្យ៉ាងទៀតធនាគារនៅកម្ពុជាស្ថិតនៅក្នុងបរិយាកាសសេដ្ឋកិច្ច និងក្រោមច្បាប់ និងបទប្បញ្ញត្តិកម្ពុជា ដែលមានធនាគារជាតិនៃកម្ពុជាដែលពោរពេញដោយសមត្ថភាពជាអាណាព្យាបាល។ ដូច្នេះការដួលរលំរបស់ធនាគារទាំងពីរគ្មានអ្វីគួរឲ្យព្រួយបារម្ភសម្រាប់ស្ថានភាពហិរញ្ញវត្ថុកម្ពុជានោះទេ៕




អត្ថបទបន្ទាប់


ហេតុអ្វីកម្ពុជាត្រូវជំរុញការតភ្ជាប់មធ្យោបាយដឹកជញ្ជូនរវាងកម្ពុជា និងផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិនឲ្យបានឆាប់?

ព័ត៌មាន
កម្ពុជា និងភាគីឡាវបាននិងកំពុងស្វែងរកវិធីសាស្ត្ររួមគ្នា ក្នុងការធ្វើយ៉ាងណាតភ្ជាប់ការធ្វើដំណើរទាំងផ្នែកទេសចរណ៍ និងការដឹកជញ្ជូនទំនិញរវាងកម្…

តើការដួលរលំរបស់ធនាគារអាមេរិក SVB អាចនឹងរុញឲ្យមានវិបត្តិហិរញ្ញវត្ថុដូចឆ្នាំ២០០៧-២០០៨ ដែរ ឬយ៉ាងណា?

ព័ត៌មាន
ស្ថានភាពទីផ្សារហិរញ្ញវត្ថុរបស់អាមេរិកនៅតែមិនទាន់ថយចុះមកត្រជាក់វិញនៅឡើយទេ ចាប់តាំងពីមានព្រឹត្តិការណ៍ដួលរលំភ្លាមៗនូវធនាគារធំៗចំនួន៣របស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ