លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ បង្ហាញថា លោកត្រាំ ដូណាល់ ត្រាំ កំពុងនាំមុខលោកស្រី កាម៉ាឡា ហារីស ដាច់ឆ្ងាយគិតត្រឹមម៉ោង១រសៀល(ម៉ោងនៅកម្ពុជា) ដោយលោក ដូណាល់ ត្រាំ ទទួលបាន២៤៦សំឡេង
ខណៈដែលលោកស្រី កាម៉ាឡា ហារីស ទទួលបាន១៨៧សំឡេង។ ដើម្បីឈ្នះឆ្នោតក្លាយជាប្រធានាធិបតីទី៤៧ ជំនួសលោក ចូ បៃឌិន លោក ដូណាល់ ត្រាំ ត្រូវការ២៤សំឡេងបន្ថែមទៀត ខណៈដែលលោកស្រី កាម៉ាឡា ហារីស ត្រូវការ៨៣សំឡេងបន្ថែមទៀត។
ផលបត្ររតនាគារអាម៉េរិកបានហក់ឡើង នៅពេលដែលគេហទំព័រភ្នាល់មួយចំនួនបានគាំទ្រលោក ដូណាល់ ត្រាំ ខណៈដែលទីផ្សារនានាមានជំនឿចិត្តថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់ជាថ្មីក្នុងរង្វង់០,២៥%នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ស្អែកនេះ។
បណ្ដាអ្នកវិភាគជឿថា ប្រសិនបើផែនការរបស់លោក ដូណាល់ ត្រាំ ថានឹងរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ កាត់បន្ថយពន្ធក្នុងស្រុក និងដំឡើងពន្ធគយលើទំនិញនាំចូលត្រូវបាន
អនុម័តមែននោះ វានឹងធ្វើឱ្យអតិផរណា និងផលបត្រសញ្ញាប័ណ្ណ (bond yields) កើនឡើងខ្លាំង បើធៀបនឹងគោលនយោបាយរបស់លោកស្រី កាម៉ាឡា ហារីស។
អ្នកជំនាញមើលឃើញថា សំណើរបស់លោក ដូណាល់ ត្រាំ ក៏ទំនងជានឹងជំរុញឱ្យប្រាក់ដុល្លារ ហក់ឡើងថ្លៃផងដែរ និងកំណត់ថា តើធនាគរកណ្ដាលអាម៉េរិកអាចបញ្ចុះអត្រាការប្រាក់បានក្នុងកម្រិតណា៕
ដោយ: តែម សុខុម