ប្រទេសតៃវ៉ាន់

តៃវ៉ាន់បន្ទន់ជំហរជាងមុន ដោយជំរុញឲ្យចិនបញ្ឈប់ការដាក់បន្ទុក និងងាកមករកតុចរចាវិញ


ប្រធានក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់តៃវ៉ាន់កាលពីថ្ងៃសុក្រ ទី ២៨ តុលា បានបង្ហាញពីការបន្ទន់ឥរិយាបថចំពោះប្រទេសចិន ដោយបាននិយាយថា ទីក្រុងប៉េកាំងគួរតែបញ្ឈប់ចេតនាចង់ឈ្លានពានរបស់ខ្លួនមកលើកោះតៃវ៉ាន់ទៅ ដោយបែរទៅរក្សាសន្តិភាព និងស្ថិរភាពវិញ ខណៈដែលនៅមួយរយៈចុងក្រោយនេះ មហាអំណាចទី២របស់ពិភពលោកមួយនេះ បាននិងកំពុងបង្កើនសម្ពាធផ្នែកនយោបាយ និងយោធាលើដែនកោះតៃវ៉ាន់កាន់តែខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
តៃវ៉ាន់បន្ទន់ជំហរដាក់ចិន!

មែនទែនទៅ​ ប្រទេសចិនបានបង្កើតសមយុទ្ធយោធា​គួរឱ្យកត់សម្គាល់​ ព្រមទាំងបង្កើនវត្តមានយោធាក្នុងច្រកសមុទ្រតៃវ៉ាន់កាន់តែខ្លាំងឡើងនេះ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណេនស៊ី ផេឡូស៊ី មកកាន់កោះប្រជាធិបតេយ្យមួយនេះកាលពីខែសីហាមកម្ល៉េះ។

មន្ត្រីជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់កោះតៃវ៉ាន់ លោក ឈូ តៃសាន (Chiu Tai-san) បាន​ប្រាប់​វេទិកា​មួយ​​ក្នុង​ទីក្រុង​តៃប៉ិថា៖ «រដ្ឋាភិបាលទីក្រុងប៉េ​កាំង​គួរតែបញ្ឈប់ការរករឿង និងបង្កហេតុរបស់ខ្លួនទៅ ព្រោះវារឹងតែធ្វើឱ្យភាគីទាំងពីរ​មានគម្លាតកាន់តែខ្លាំង និងបង្កើនភាពក្តៅក្រហាយក្នុងតំបន់តែប៉ុណ្ណោះ»។

លោក ឈូ បានបន្ថែមថា «យើងជំរុញឱ្យចិនដីគោកបញ្ឈប់​ការដាក់សម្ពាធខាងយោធា និងរក្សាសន្តិភាព និងស្ថិរភាពវិញ ដោយប្រែក្លាយផ្នត់គំនិតក្នុងការដោះស្រាយបញ្ហា​ដោយកម្លាំង ទៅជា «ការសន្ទនាប្រកបដោយការស្ថាបនា និងគ្មានលក្ខខណ្ឌជាមុន ទើបវាប្រសើរជាង»។

លើសពីនេះ​ លោកសង្ឃឹមថា ប្រទេសចិនអាចបន្ធូរបន្ថយ​ការរឹតបន្តឹង​ការធ្វើដំណើររបស់ខ្លួនជាបណ្តើរៗ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីត១៩ ដូច្នេះភាគីទាំងពីរ​អាចបន្ត «ការផ្លាស់ប្តូរប្រកប​ដោយសុទ្ធចិត្ត និងសណ្តាប់ធ្នាប់ ព្រមទាំងបង្កើត​ការដោះស្រាយដោយសន្តិវិធី»។

មែនទែនទៅ ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនអាចចូលតុចរចារគ្នាដោយសមភាព​ជាមួយមេដឹកនាំតៃវ៉ាន់​លោកស្រី​ Tsai Ing-wen បានឡើយ ព្រោះដែនកោះមួយនេះជាផ្នែកមួយនៃប្រទេសចិន ដែលមិនទាន់បានបង្រួបបង្រួមគ្នានៅឡើយ។

គួរជម្រាបថា កាលពីដើមខែតុលានេះ បន្ទាប់ពីបានបន្តកាន់អំណាចជាអគ្គលេខាធិការបក្សក្នុងអាណត្តិទី៣ ក្រោយសមាជបក្សកុម្មុយនិស្តចិនលើកទី២០នាពេលថ្មីៗនេះ លោក ស៊ី ជីនពីង បានប្តេជ្ញាថា ចិនត្រូវតែ​បង្រួបបង្រួមគ្នាជាមួយតៃវ៉ាន់ឡើងវិញទោះ​ប្រើវិធីណាក៏ដោយ រួមទាំងសិទ្ធិប្រើប្រាស់កម្លាំងយោធាក្តី​ផងដែរ ព្រោះលោកចាត់ទុកការបង្រួបបង្រួម​ចិន​តែមួយនោះគឺជា «ការរស់ឡើងវិញដ៏អស្ចារ្យនៃប្រជាជាតិចិន»។

ទោះបីជាបែបនេះក្តី ទីក្រុងតៃប៉ិនិយាយថា មានតែប្រជាជនទាំង ២៣ លាននាក់របស់កោះនេះប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចអនាគតរបស់ពួកគេបាន ហើយតៃវ៉ាន់មិនធ្លាប់ត្រូវបានគ្រប់គ្រងដោយចិនកុម្មុយនិស្តនោះទេ ដូច្នេះហើយការទាមទារអធិបតេយ្យភាពពីសំណាក់ទីក្រុងប៉េកាំងគឺគ្មានន័យនោះទេ។

សហរដ្ឋអាមរិកចុងក្រោយនេះ ក៏បាន​ចេញមកព្រមានដែរថា ពេលនេះ ចិន​លែង​ទទួលយកស្ថានការណ៍ដើម​នៃកោះតៃវ៉ាន់តទៅទៀតហើយ ពោលគឺចិន​នឹងបង្កើនការដាក់សម្ពាធ និងធ្វើយ៉ាងណា​ត្រូវតែយកតៃវ៉ាន់មកគ្រប់គ្រងឲ្យបាន​​កាន់តែឆាប់​ជាងអ្វីដែលគេដៅទុកទៅទៀត៕




អត្ថបទបន្ទាប់


សេដ្ឋកិច្ចកម្ពុជារំពឹងនឹងកើន ៦,៦% នៅឆ្នាំ២០២៣ ប៉ុន្ដែត្រូវហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ជាច្រើន

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើងដល់ ៦,៦% នៅឆ្នាំ២០២៣ ក្រោយររំពឹងសម្រេចបានកំណើនជាង ៥% នៅឆ្នាំ២០២២។…

ធនាគារ អេស ប៊ី អាយ លីហួរ ត្រៀមឱកាសការងាររហូត១០០កន្លែងសម្រាប់អ្នកកំពុងស្វែងរកការងារ

ព័ត៌មាន
នៅឆ្នាំនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ២០២២ បាននាំមកនូវឱកាសការងារជាង ២ម៉ឺនកន្លែង ក្នុងមុខជំនាញផ្សេងៗ គ្នាជាច្រើន មកពីក្រុមហ៊ុន អង្គក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ