![លោក ដូណាល់ ត្រាំ](https://cdn.cambonomist.com/media/images/lknngbrkspnthkythm-lbrtsasdadadads.2e16d0ba.fill-960x540.jpg)
លោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងប្រកាសពន្ធគយថ្មីៗស្មើភាពគ្នាលើប្រទេសជាច្រើននៅសប្ដាហ៍នេះ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះឡើយ ដោយគ្រាន់តែព្រលយពាក្យថា វាជាកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយ ដែលអាចដោះស្រាយបញ្ហាថវិការបស់សហរដ្ឋអាម៉េរិក បានផងដែរ។
លោក ដូណាល់ ត្រាំ បានថ្លែងកាលពីសប្ដាហ៍កន្លងទៅថា លោកនឹងប្រកាសពន្ធគយថ្មីៗនៅសប្ដាហ៍នេះ ដើម្បីធានាបាននូវភាពត្រឹមត្រូវយុត្តិធម៌ជាមួយប្រទេសផ្សេងៗ ហើយថា សហរដ្ឋអាម៉េរិក គ្រាន់តែចង់បានការធ្វើពាណិជ្ជកម្មដែលស្មើភាពគ្នាប៉ុណ្ណោះ គឺមិនបានលើស ហើយក៏មិនចង់បានតិចជាងគេនោះដែរ។
ចំណាត់ការនេះ គឺជាការបំពេញតាមអ្វីដែលលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលលោកបានសន្យាថា នឹងដំឡើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាម៉េរិក ឱ្យស្មើនឹងអត្រាពន្ធ ដែលបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មដាក់លើទំនិញនាំចេញរបស់សហរដ្ឋអាម៉េរិក។
លោក ដូណាល់ ត្រាំ បានប្រកាសបែបនេះអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គើរុ អ៊ីស៊ីបា (Shigeru Ishiba) ដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក។ លោកបានលើកឡើងថា ពន្ធលើរថយន្តកំពុងស្ថិតក្នុងការពិចារណានៅឡើយ បើទោះបីជាសេតវិមានបានពិភាក្សាអំពីលទ្ធភាពលើកលែងពន្ធ ដែលអាចកើតមានយ៉ាងណាក៏ដោយ។
លោក ដូណាល់ ត្រាំ បានតវ៉ាជាយូរមកហើយចំពោះការយកពន្ធ១០% របស់សហភាពអឺរ៉ុប លើរថយន្តនាំចូល ដែលខ្ពស់ជាងឆ្ងាយបើធៀបនឹងអត្រាពន្ធត្រឹមតែ២,៥% របស់សហរដ្ឋអាម៉េរិក។ លោក ត្រាំ បានអះអាងថា អឺរ៉ុប បានរារាំងការនាំចូលរថយន្តរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែបែរជានាំចូលរថយន្តរបស់ខ្លួនរាប់លានគ្រឿងដឹកតាមកប៉ាល់ឆ្លងកាត់មហាសមុទ្រអាត្លង់ទិចចូលមកទឹកដីសហរដ្ឋអាម៉េរិកក្នុងមួយឆ្នាំៗ ដែលនេះជាភាពអយុត្តិធម៌មួយសម្រាប់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម