
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅឯសេតវិមានថា លោកបានទូរសព្ទទៅប្រធានាធិបតីចិន លោក ស៊ី ជិនភីង និងមេដឹកនាំជប៉ុន ថា ប្រទេសទាំងពីរនេះមិនអាចបន្តទម្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួនតទៅទៀតបានឡើយ ព្រោះការធ្វើបែបនេះ វាអយុត្តិធម៌សម្រាប់សហរដ្ឋអាម៉េរិក។
ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើយក្រោយលោកយល់ឃើញថា ការទម្លាក់ថ្លៃរូបិយប័ណ្ណរបស់ជប៉ុន និងមហាយក្សចិន បានធ្វើឱ្យទំនិញនាំចេញរបស់ប្រទេសទាំងពីរនេះ មានតម្លៃថោក និងមានការប្រកួតប្រជែងជាងមុននៅលើទីផ្សារពិភពលោក តែវាបានធ្វើឱ្យទំនិញនាំចេញរបស់សហរដ្ឋអាម៉េរិក មានតម្លៃកាន់តែថ្លៃពិបាកនឹងលក់ចេញ។ កត្តានេះបានធ្វើឱ្យសហគ្រាសផលិតរបស់សហរដ្ឋអាម៉េរិក ដូចជា ក្រុមហ៊ុនផលិតត្រាក់ទ័រ ខេតធ័រភីល័រ (Caterpillar) ហៅកាត់ថា CAT ជាដើម កាន់តែពិបាកលក់ផលិតផលរបស់ខ្លួនទាំងនៅលើទីផ្សារក្នុងស្រុក និងលើទីផ្សារអន្តរជាតិ។
ជុំវិញការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បានបញ្ជាក់ថា ទីក្រុងតូក្យូ គ្មានគោលនយោបាយ ឬចេតនាទម្លាក់ថ្លៃរូបិយប័ណ្ណយ៉េនរបស់ជប៉ុននោះទេ។
ទន្ទឹមនឹងនេះលោកបានអះអាងថា ជប៉ុនប្រកាន់គោលជំហរជាមូលដ្ឋានលើគោលនយោបាយរូបិយវត្ថុជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) ដែលមានសមាជិក ដូចជា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដា ផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន លោក រីយ៉ូសី អាកាហ្សាវ៉ា (Ryosei Akazawa) បានលើកឡើងថា រដ្ឋាភិបាលជប៉ុន ធ្វើអន្តរាគមន៍ក្នុងទីផ្សាររូបិយប័ណ្ណតែក្នុងករណីដែលប្រាក់យ៉េនមានការប្រែប្រួលខ្លាំង ដោយសារការទិញលក់រូបិយប័ណ្ណយ៉េន ដើម្បីបានចំណេញជាជាងតម្រូវការប្រើប្រាស់សាច់ប្រាក់ជាក់ស្ដែងនៅក្នុងចរន្តសេដ្ឋកិច្ចតែប៉ុណ្ណោះ។
ជាការកត់សម្គាល់ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន បានធ្លាក់ចុះជាង១% នៅថ្ងៃអង្គារ ទី៤ ខែមីនា នេះ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ បានធ្វើឱ្យប្រាក់យ៉េនហក់ឡើងថ្លៃ ហើយនេះឆ្លុះបញ្ចាំងពីហានិភ័យដែលសេដ្ឋកិច្ចជប៉ុន ប្រឈមដោយសារគោលនយោបាយរូបិយប័ណ្ណ និងពន្ធគយរបស់សហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា ប្រាក់យ៉េនបានឡើងថ្លៃដល់១៤៩,១១យ៉េន ក្នុងមួយដុល្លារអាម៉េរិក ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំនេះ។
ទោះជាយ៉ាងណា ជុំវិញបញ្ហានេះ មិនទាន់មានប្រតិកម្មឆ្លើយយបពីប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកនៅឡើយទេ៕
ដោយ: តែម សុខុម