កូរ៉េខាងជើង-អាមេរិក

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល២គ្រាប់បើកឆាកដើមឆ្នាំ២០២១


នៅចំពេលដែល ស្ថានការណ៍ពិភពលោកហាក់កំពុងតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសលោកខាងលិច និងចិន រួមជាមួយរុស្ស៊ីផងដែរនោះ ប្រទេសកូរ៉េខាងជើងឯណោះវិញ ក៏កំពុងបង្ហាញឫទ្ធិជាថ្មីទៀតហើយ ដោយកាលចុងសប្តាហ៍មុន ប្រទេសនេះបានបាញ់សាកល្បងក្បាលគ្រាប់មីស៊ីលរយៈចំងាយខ្លីរបស់ខ្លួនចំនួន២គ្រាប់ នៅតំបន់អុនឆុន ភាគខាងត្បូងទីក្រុងព្យុងយ៉ាង ចំងាយប្រមាណ២០០គីឡូម៉ែតប៉ុណ្ណោះពីក្រុង សេអ៉ូល ប្រទេសកូរ៉េខាងត្បូង។
លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង (ស្តាំ) លោក ចូ បៃឌិន ប្រធានាធិបតេយ្យអាមេរិក (ស្តាំ)
ដោយ

ការ​បាញ់​មី​ស៊ី​ល​សាកល្បង​របស់​កូរ៉េ​ខាងជើង​នា​ពេល​នេះ នៅ​គ្រា​ដែល​កូរ៉េ​ខាងជើង ក៏​កំពុង​តែ​ស​ង្គ្រៀ​ត​ធ្មេញ​ដាក់​គ្នា​ជាមួយ​អា​មេ​រិ​ក​ខ្លាំង​ណាស់​ដែរ ។ ទោះ​យ៉ាងណា អា​មេ​រិ​កថា ខ្លួន​នៅ​តែ​បើក​ចំហរទ្វារ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង​ដដែល​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

ត្រូវ​បាន​ស្រង់​សម្ដី​ដោយ សារព័ត៌មាន Reuters អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​ទី ២៤​មីនា​ថា កូរ៉េ​ខាងជើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​ស​ប្ដា​ហ៍​មុ​នេះ ពិតជា​បាន​បាញ់​សាកល្បង​ក្បាល​គ្រាប់​មី​ស៊ី​ល​រយៈ​ចំងាយ​ខ្លី​របស់​ខ្លួន​ពិតមែន​។ បើ​តាម​យោធា​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ទៀត​ថា នេះ​ជា​ការ​ល្បង​មី​ស៊ី​ល​ជា​សាធារណៈ​លើក​ដំបូង​ហើយ ចាប់តាំងពី​រដ្ឋបាល​លោក​ចូ បៃ​ឌិន​របស់​អា​មេ​រិ​ក​ចូល​កាន់​តំណែង​។ 

គួរ​កត់​សម្គាល់ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​របប​ក្រុង​ព្យុ​ង​យ៉ាង ធ្វើ​ឡើង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ជំនួប​ការទូត​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក អេ​ន​តូ​នី ប្លី​ង​ខេន (Antony Blinken) រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ឡ​យ អូស​ស្ទី​ន (Lloyd Austin) ជាមួយ​លោក​ម៉ូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នាទី​ក្រុង​សេ​អ៊ូ​ល កាលពី​ស​ប្តា​ហ៍​មុន​។

ជំនួប​រវាង​សម្ព័ន្ធមិត្ត​ទាំង​ពីរ ទំនងជា​ធ្វើ​ឲ្យ​រដ្ឋបាល​លោក​គី​ម ខ្នើ​ស​ចិត្ត​។ ខ្នើ​ស​ចិត្ត​នៅ​ត្រង់​ថា អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​បាន​ស្កាត់​មក​ជួប​គ្នា​ដើម្បី​ពិភាក្សា​ពី​ផែនការ​ចង់​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​។

យ៉ាងណាមិញ អា​មេ​រិ​ក​មិន​មាន​ប្រតិកម្ម​ខ្លាំងក្លា​ប៉ុន្មាន​ទេ ជុំវិញ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​លើក​នេះ ដោយ​លោក ចូ បៃ​ឌិន​គ្រាន់តែ​បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​ថា​៖ យើង​អាច​សម្គាល់​បាន​ហើយ​ថា មក​ដល់​ពេល​នេះ ក្រុង​ព្យុ​ង​យ៉ាង​មិន​បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ខ្លួន​នោះ​ទេ​។ ទោះ​យ៉ាងណា យើង​នៅ​តែ​បន្ត​បើកទ្វារ​សម្រាប់​ជំនួប​ចរចា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​។

គេ​នៅ​ចាំ​បាន​ថា កូរ៉េ​ខាងជើង​បាន​ជួប​ពិភាក្សា​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​លើក​ចុង​ក្រោយ​បំផុត​គឺ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម គ្រា​ដែល​លោក ដូ​ណា​ល់​ត្រាំ​នៅ​ជា​ប្រធានាធិបតី​អា​មេ​រិ​ក​។ ជំនួប​កាលនោះ​ជា​ជំនួប​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ជា​ជំនួប​ដ៏​បរាជ័យ​មួយ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​មាន​អ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន​២នាក់ទៀតហើយ! នាំឲ្យចំនួនអ្នកស្លាប់កើនដល់៧នាក់!

ព័ត៌មាន
កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ពីរនាក់បន្ថែមទៀតហើយ នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះ ដែលជាបុរសខ្មែរអាយុ៣៨ឆ្នាំ និងបុរសជនជាតិចិនអាយុ…

ស្ថាប័នអន្តរជាតិធំៗជាច្រើនបង្កើនការព្យាករសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២១ខ្ពស់ជាងមុន

ព័ត៌មាន
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិធំៗ ជាច្រើនដូចជា ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ, អង្គការមូលនិធិរូប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ