បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីឱ្យគណៈប្រតិភូ ធនាគារ ហត្ថា បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ធនាគារ ក៏ដូចជាផែនការអាជីវកម្មរបស់ធនាគារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពប្រតិបត្តិការសាខា។
នៅក្នុងជំនួបនោះ លោក Kenichi បានលើកឡើងអំពីស្ថានភាពប្រតិបត្តិការរបស់ធនាគារ ហត្ថា កត្តាប្រឈមមួយចំនួន និងផែនការប្រតិបត្តិការរយៈពេលវែង។ បន្ថែមលើនេះ លោកក៏បានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការប្រកាន់ខ្ជាប់នូវអនុលោមភាពស្របតាមបទប្បញ្ញាត្តិនានា និងអាទិភាពនៃការគ្រប់គ្រងប្រតិបត្តិការប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានផ្តល់អនុសាសន៍មួយចំនួនទៅលើផែនការ ដែលបានលើកឡើង និងបានលើកទឹកចិត្តឱ្យធនាគារ ហត្ថា បន្តរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងរបស់របស់ខ្លួនផងដែរ។ លោកជំទាវក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាបានបណ្តាញសាខា និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ផែនការនៃការធ្វើប្រតិបត្តិការរបស់ធនាគារ ស្របពេលដែលគ្រឹះស្ថានកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា។