
លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន យល់ឃើញថា ភាពខុសគ្នារវាងតម្លៃទុរេននាំចូល និងទុរេនដាំក្នុងស្រុក គឺដោយសារកត្តាគុណភាព និងសុវត្ថិភាពនៃផ្លែទុរេន។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើផ្លែទុរេននាំចូលមានតម្លៃថោកជាងទុរេនដាំក្នុងស្រុក អាចដោយសារទុរេននាំចូលទាំងនោះមិនមានគុណភាព និងរសជាតិឆ្ងាញ់ដូចទុរេនដាំក្នុងស្រុក ព្រោះទុរេននាំចូលមួយចំនួនត្រូវបានកាត់មុនអាយុដោយសារកត្តាទីផ្សារ និងរលំដើម ហើយទុរេនមួយចំនួនមិនត្រូវតាមស្តង់ដានាំចេញ។ អ្នកជំនាញរូបនេះជឿជាក់ថា ការហូរចូលទុរេនមិនសូវមានគុណភាពនេះចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមរបស់ទុរេនកម្ពុជា។
ដោយឡែក លោក ឃឹម ប៊ុនឡែន កសិករដាំទុរេនម្នាក់នៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia ដែលជាក្រុមហ៊ុននាំចេញផ្លែទុរេនស្រស់ទៅក្រៅប្រទេសដែរនោះ យល់ឃើញថា មូលហេតុដែលទុនរេននាំចូលទីផ្សារកម្ពុជា ពីប្រទេសជិតខាងមានតម្លៃថោក គឺដោយសារតែទុរេនទាំងនោះខុសស្តង់ដា ឬមិនមានគុណភាព និងសុវត្ថិភាពសម្រាប់ធ្វើការនាំចេញទៅទីផ្សារប្រទេសចិន ឬប្រទេសផ្សេងទៀតដែលមានលក្ខខណ្ឌតឹងរ៉ឹង។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើទុរេនប្រទេសជិតខាងមានស្តង់ដា និងគុណភាពនោះគេនឹងមិននាំចូលមកកម្ពុជា នោះទេ ហើយប្រសិនបើនាំចូល ក៏មានតម្លៃមិនថោកជាងទុរេនរបស់កម្ពុជា នោះដែរ។ ជាមួយគ្នានេះ លោក ឃឹម ប៊ុនឡែន ហាក់ព្រួយបារម្ភចំពោះការហូរចូលផ្លែទុរេនពីបរទេសមកទីផ្សារកម្ពុជា ខណៈកម្ពុជា ទើបទទួលបានភ្លើងខៀវក្នុងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន។ អ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជាគួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទប់ស្កាត់ការហូរចូលផ្លែទុរេនពីប្រទេសជិតខាង បើពុំដូច្នោះទេ អាចនឹងមានអ្នកឆ្លៀតឱកាសជ្រកក្រោមឈ្មោះរបស់កម្ពុជា នាំចេញទៅប្រទេសទី៣ ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យកសិកម្ម និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។
សូមបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានភាគីគយចិន ទើបបើកភ្លៀងខៀវឱ្យនាំចូលទីផ្សារចិន ក្រោមការគោរពតាមលក្ខខណ្ឌ និងភូតគាមអនាម័យ។ មុនឈានដល់ការនាំចេញជាផ្លូវការទៅចិនបាន អ្នកដាំ និងក្រុមហ៊ុននាំចេញត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ទៅអគ្គនាយកដ្ឋានកសិកម្ម។ ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីគយចិន ចុះមកពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ