
អ្នកជំនួញក្នុងវិស័យដឹកជញ្ជូនទទួលស្គាល់ថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយឥណ្ឌូនេស៊ី ពិតជានៅមានកម្រិតពិតប្រាកដមែន បើទោះបីប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេនៅតំបន់អាស៊ានក៏ដោយ។
លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា កត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងឥណ្ឌូនេស៊ី ហាក់នៅមានកម្រិតនៅឡើយ បើទោះបីទំហំពាណិជ្ជកម្មទ្វេភាគីបានកើនលើស១ពាន់លានដុល្លារនៅពីរឆ្នាំចុងក្រោយក៏ដោយ។ ទន្ទឹមនឹងរំពឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជំរុញឱ្យប្រទេសទាំងពីរបង្កើនការតភ្ជាប់ការដឹកជញ្ជូនឱ្យកាន់តែទូទូលាយ ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះលោកប្តេជ្ញាជួយជំរុញវិនិយោគិនឥណ្ឌូនេស៊ី ឱ្យមកសិក្សាឱកាសវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។
ឯកអគ្គរដ្ឋទូតរូបនេះ បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ាន ឥណ្ឌូនេស៊ី ក៏មានតម្រូវការនាំចូលទំនិញពីប្រទេសដទៃដែរ ប៉ុន្តែការនាំចូលទំនិញពីកម្ពុជា គឺនៅមានបញ្ហប្រឈមមួយចំនួនដោយសារផលិតផលកម្ពុជា នៅពុំទាន់អាចប្រកួតប្រជែងតម្លៃជាមួយផលិតផលរបស់បណ្តាប្រទេសដទៃ ឬផលិតផលដែលផលិតក្នុងប្រទេសឥណ្ឌូនេស៊ីបាន ដូច្នេះប្រសិនបើកម្ពុជា អាចកាត់បន្ថយថ្លៃដើមផលិតរបស់ខ្លួនបាននោះផលិតផលរបស់កម្ពុជានឹងអាចប្រកួតប្រជែងចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី បានកាន់តែច្រើន។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស ទទួលស្គាល់ថា ការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី បច្ចុប្បន្នពិតជានៅមានម្រិតនៅឡើយមែន បើទោះបីជាឥណ្ឌូនេស៊ី ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់អាស៊ានយ៉ាងណាក្តី។ តែយ៉ាងណាអ្នកជំនួញរូបនេះរំពឹងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ីនឹងមានការរីកចម្រើនថែមទៀតនាពេលអនាគត ស្របពេលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងខិតខំជំរុញបន្ថែមលើកិច្ចការនេះ។
សូមជម្រាបថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី នៅក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៥ សម្រេចបានជាង៣៥៧លានដុល្លារ ធ្លាក់ចុះ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅឥណ្ឌូនេស៊ី មានទំហំជាង២៦លានដុល្លារធ្លាក់ចុះ២៨% ខណៈកម្ពុជា នាំចូលពីឥណ្ឌូនេស៊ី មកវិញ មានទំហំជាង៣៣០លានដុល្លារ ធ្លាក់ចុះជិត៦%៕ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕