វិស័យពាណិជ្ជកម្ម

អ្នកជំនាញសេដ្ឋកិច្ចព្រមានថា សេដ្ឋកិច្ចថៃនឹងខាតបង់កាន់តែធ្ងន់ធ្ងរ ប្រសិនបើជម្លោះព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ


អ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា សេដ្ឋកិច្ចថៃនឹងខាតបង់កាន់តែធ្ងន់ធ្ងរជាង៣ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំនេះ ហើយប្រសិនបើជម្លោះព្រំដែនថៃ-កម្ពុជា បន្តអូសបន្លាយនោះ ការនាំចេញ វិស័យសចរណ៍ និងទីផ្សារការងារនៅក្នុងប្រទេសថៃនឹងបន្តដាំក្បាលចុះ ស្របពេលតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងធ្លាក់ចុះស្រាប់ នឹងបន្តធ្លាក់ចុះបន្ថែមទៀត។ នេះបើយោងតាមការចុះគផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា នេះ។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ពូនយ៉ាវ៉ាត់ ស្រ៊ីស៊ីង (Poonyawat Sreesin) អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅមជ្ឈមណ្ឌលស៊ើបការណ៍សេដ្ឋកិច្ច (EIC) នៃធនាគារពាណិជ្ជស្យាម Siam Commercial Bank បានព្រមានថា ការនាំចេញរបស់ថៃក្នុងទំហំលើស៤ពាន់លានដុល្លារអាម៉េរិកមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ២០២៦ អាចនឹងបាត់បង់ទាំងស្រុង ប្រសិនបើភាពតានតឹងព្រំដែនកម្ពុជា-ថៃ នៅតែត្រូវបានអូសបន្លាយ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបាននិយាយថា អំឡុងត្រីមាសទី៣ ឆ្នាំ២០២៥ នេះ ការនាំចេញរបស់ថៃ មកកាន់ប្រទេសកម្ពុជា បានធ្លាក់ចុះ៤៣% ដោយពាណិជ្ជកម្មតាមព្រំដែនបានធ្លាក់ចុះជិត១០០% ដោយសារការដឹកជញ្ជូនទំនិញភាគច្រើនត្រូវបានធ្វើឡើងតាមផ្លូវអាកាស ឬតាមផ្លូវសមុទ្រ។

វិស័យទេសចរណ៍ និងកម្លាំងពលកម្ម ក៏ស្ថិតក្នុងហានិភ័យផងដែរ ខណៈដែលមួយចំនួនធំនៃពលករខ្មែររហូតដល់ទៅប្រមាណ២លាននាក់បានសម្រុកចាកចេញពីប្រទេសថៃ ដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ។

មជ្ឈមណ្ឌលស្រាវជ្រាវកសិករ (Kasikorn Research Center) បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចថៃ អាចនឹងខាតបង់ប្រមាណ៣,១ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំនេះ ដោយសារវិស័យទេសចរណ៍នៅតំបន់ព្រំដែនភាគឦសានធ្លាក់ចុះ។ ទំហំនៃការខូចខាតសេដ្ឋកិច្ចអាស្រ័យ ថា តើភាពតានតឹងនៅតំបន់ព្រំដែននឹងអូសបន្លាយយូរប៉ុនណា ប៉ុន្តែពាណិជ្ជកម្មតាមព្រំដែន និងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុករបស់ថៃបានធ្លាក់ចុះយ៉ាងខ្លាំងរួចទៅហើយ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី ស៊ូផារី សុធុមពុន (Suphajee Suthumpun) បានអះអាងថា ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ មិនបានប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាម៉េរិកនោះឡើយ ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន ចាត់ទុករឿងនយោបាយដាច់ដោយឡែកពីរឿងពាណិជ្ជកម្ម ហើយនៅតែមានគោលបំណងបញ្ចប់ការចរចាឱ្យសម្រេចជាស្ថាពរនៅឆ្នាំនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ រូបនេះបានបញ្ជាក់ថា បណ្ដាក្រុមហ៊ុនអាម៉េរិកនៅតែបន្តចាត់ទុកប្រទេសថៃជាមជ្ឈមណ្ឌលខ្សែច្រវាក់ផ្គត់ផ្គង់ដ៏សំខាន់ និងជាដៃគូសេដ្ឋកិច្ច ដែលមានស្ថិរភាព​៕

ដោយ: តែម សុខុម




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ