លោក ស៊ូវីត ឆូបប្រាដូ ( Suvit Chobpradu ) អនុប្រធានសមាគមអ្នកចែកចាយរថយន្តប្រើប្រាស់ហើយបានឱ្យដឹងថា ស្ថានភាពទីផ្សាររថយន្តនៅប្រទេសថៃបច្ចុប្បន្ន គឺស្រដៀងគ្នានឹងស្ថានភាពរបស់ឧស្សាហកម្មនានា ដែលកំពុងដំណើរការនៅថៃដែរ ពោលគឺកំពុងរងសម្ពាធពីការប្រកួតប្រជែង។ សង្គ្រាមតម្លៃរថយន្តអគ្គិសនីកំពុងវាយប្រហារលើទីផ្សាររថយន្តមួយទឹកនៅប្រទេសថៃ ដោយបានបណ្តាលឱ្យមានជនរងគ្រោះ និងប៉ះពាល់ដល់ភាគីផ្សេងៗនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងវិស័យនេះ។
លោកបានអះអាងថា ជាធម្មតាតម្លៃរថយន្តដែលប្រើប្រាស់រួចអាចថយចុះពី៥ទៅ១០% ក្នុងមួយឆ្នាំ តែសម្រាប់រថយន្តអគ្គិសនីវិញ១ឆ្នាំទម្លាក់ថ្លៃដល់៣០% ឬប្រមាណជា៤ពាន់៣រយដុល្លារ។ ហើយជាធម្មតារថយន្តជប៉ុនត្រូវបានធ្វើបច្ចុប្បន្នភាពតម្លៃនៅរៀងរាល់៤ ទៅ៥ឆ្នាំម្តង ហើយរថយន្តអឺរ៉ុបរៀងរាល់៤ទៅ៦ឆ្នាំម្តង។ នៅពេលម៉ូដែលថ្មីចេញលក់ តម្លៃម៉ូដែលចាស់ធ្លាក់ចុះតាមស្តង់ដារ តែរថយន្តអគ្គិសនី គឺទម្លាក់ថ្លៃយ៉ាងសម្បើម ហើយតម្លៃប្រែប្រួលត្រឹមតែ ២ទៅ៣ខែប៉ុណ្ណោះ ហើយពេលខ្លះសូម្បីតែអ្នកដែលបញ្ជាទិញមិនទាន់បានរថយន្តមកប្រើប្រាស់ផង វាបានបញ្ចុះថ្លៃបាត់ទៅហើយ។
លោកបានបន្តថា ដោយសារតែស្ថានភាពបែបនេះហើយ ទើបធ្វើឱ្យទីផ្សាររថយន្តរងការរង្គោះរង្គើយ៉ាងខ្លាំង ហើយក៏ជាមូលហេតុចម្បងមួយដែលឱ្យទីផ្សាររថយន្តបច្ចុប្បន្នមានការធ្លាក់ចុះខ្លាំងផងដែរ។ លោកកត់សម្គាល់ឃើញថា អាជីវកម្មរថយន្តទាំងមូលបានរងផលប៉ះពាល់ដោយសារសង្គ្រាមតម្លៃ ហើយសូម្បីតែម៉ូដែលដ៏ពេញនិយមដូចជា Toyota Camry Hybrid ដែលមានតម្លៃដើមប្រហែល៤ម៉ឺន៩ពាន់ដុល្លារ បានធ្លាក់ថ្លៃចុះមកនៅត្រឹមប្រហែល២ម៉ឺន៥ពាន់ដុល្លារប៉ុណ្ណោះ។
ក្រៅពីការប្រកួតប្រជែងតម្លៃហើយនោះ បញ្ហានៃការកំណត់លក្ខខណ្ឌហិរញ្ញប្បទានដ៏តឹងរ៉ឹង ដោយធនាគារនានា ក៏ជាបច្ច័យធ្វើឱ្យទីផ្សារលក់រថយន្តមានការធ្លាក់ចុះផងដែរ ដោយសារអ្នកទិញរថយន្តមួយទឹកចន្លោះពី៨0-៩0% គឺទិញតាមគម្រោងបង់រំលស់៕
ដោយៈ សរ សុជាតិ