រថយន្តអគ្គិសនី

ថ្លៃដើមផលិតរថយន្តអគ្គិសនី នឹងថោកជាងរថយន្តប្រើឥន្ធនៈនៅត្រឹមឆ្នាំ២០២៧?


ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ ហ្កាតនឺ (Gartner) បានព្យាករថា ថ្លៃផលិតយានយន្តអគ្គិសនីនឹងថោកជាងការផលិតយានយន្តដើរដោយថាមពលឥន្ធនៈ នៅត្រឹមឆ្នាំ២០២៧ ដោយសារវិធីសាស្រ្តផលិតថ្មីមានការកាត់បន្ថយថ្លៃដើមផលិតកម្ម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner មានក្ដីរំពឹងថា ការចំណាយលើការផលិតយានយន្តអគ្គិសនីនឹងធ្លាក់ចុះខ្លាំងបើធៀបនឹងការចំណាយលើការផលិតថ្មអាគុយ ដែលជាផ្នែកមួយថ្លៃបំផុតសម្រាប់យានយន្តអគ្គិសនី ដែលបានរួមចំណែកប្រហែល៤០%នៃតម្លៃយានយន្តទាំងមូល។ ការរំពឹងបែបនេះរបស់ក្រុមហ៊ុននេះ គឺផ្អែកលើការច្នៃប្រឌិតដែលជួយសម្រួលដល់ការចំណាយលើផលិតកម្មដូចជាស្ថាបត្យកម្មផ្នែកកណ្ដាលរថយន្ត ឬការបង្កើតគ្រោងឆ្អឹងរបស់រថយន្តជាដើម ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត និងពេលវេលាដំឡើង។

លោក ផេដ្រូ ផាឆេកូ (Pedro Pacheco) អនុប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Gartner បាននិយាយថា តាមរយៈបច្ចេកវិទ្យាថ្មីនេះ វានឹងធ្វើតម្លៃរថយន្តអគ្គិសនីឈានដល់កម្រិតស្មើគ្នាជាមួយរថយន្តប្រើម៉ាស៊ីនចំហេះ ដែលវាលឿនជាងការរំពឹងទុកពីដំបូង។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏នឹងធ្វើឱ្យការជួសជុលរថយន្តអគ្គិសនីមួយចំនួនមានតម្លៃថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះវាយតម្លៃថា ការចំណាយជាមធ្យមនៃការជួសជុលតួរថយន្តអគ្គិសនី និងថ្មអាគុយ បន្ទាប់ពីជួបឧប្បត្តិហេតុធ្ងន់ធ្ងរណាមួយហើយនោះ នឹងកើនឡើង៣០% នៅត្រឹមឆ្នាំ២០២៧។ ម្ល៉ោះហើយវាអាចធ្វើឱ្យយានជំនិះដែលរងការប៉ះទង្គិចខ្លាំងពេកកាន់តែងាយនឹងបោះបង់ចោលទាំងស្រុងផងដែរ ដ្បិតការជួសជុលអាចថ្លៃជាងតម្លៃ ដែលលក់រថយន្តខូចនេះ។

ការចំណាយទាក់ទងនឹងការជួសជុលរថយន្តអគ្គិសនីនេះ គឺជាក្តីកង្វល់ក្នុងចំណោមអ្នកទិញដ៏មានសក្តានុពលរួចទៅ​ហើ​យ។ ក្រុមហ៊ុន Gartner បាននិយាយថា អ្នកប្រើប្រាស់អាចនឹងមានប្រតិកម្មតបចំពោះការច្នៃប្រឌិតនេះ ប្រសិនបើការកាត់បន្ថយថ្លៃដើមផលិតកម្មនេះបានកើតឡើងដោយធ្វើឱ្យការចំណាយលើការជួសជុលកើនខ្ពស់មែននោះ។ ក្រុមហ៊ុននេះ​វាយតម្លៃថា ប្រហែល១៥%នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលបង្កើតឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ​ នឹងត្រូវបានគេទិញយក ឬក្ស័យធននៅឆ្នាំ២០២៧៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារកណ្ដាលអាម៉េរិកប្រាប់សមាជិកសភា កុំឱ្យព្រួយបារម្ភចំពោះការកើនឡើងរូបិយប័ណ្ណឌីជីថល

ព័ត៌មាន
ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជេរូម ផៅវែល បានប្រាប់សមាជិកសភាអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍កុំឱ្យមានការព្រួយបារម្ភខ្លាំងពេកលើការបង្កើតរូប…

តើមានកត្តាអ្វីខ្លះជំរុញឱ្យការធ្វើពាណិជ្ជកម្មរបស់ចិននៅដើមឆ្នាំនេះ សម្រេចបានលើសការព្យាករ?

ព័ត៌មាន
ការនាំចេញរបស់មហាយក្សចិន នៅក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ ទទួលបានកំណើនកើនឡើងជាង៧% ដែលជាកម្រិតកើនឡើងលើសពីការរំពឹងទុក ខណៈដែលការនាំចូលវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ