
ធនាគារអាម៉េរិក Morgan Stanley កំពុងជួយក្រុមហ៊ុនបច្ចេកវិទ្យា AI ទើបបង្កើតថ្មីមួយដែលមានឈ្មោះថា xAI របស់កំពូលមហាសេដ្ឋី Elon Musk ដើម្បីកៀរគរដើមទុនចំនួន៥ពាន់លានដុល្លារ តាមរយៈការលក់បណ្ណបំណុល។ ទន្ទឹមនេះ ក្រុមហ៊ុន xAI ក៏មានមហិច្ឆតាធ្វើឱ្យតម្លៃរបស់ខ្លួនកើនឡើងឈានដល់១១៣ពាន់លានដុល្លារផងដែរ តាមរយៈការលក់ភាគហ៊ុននៅថ្ងៃអនាគត។
សារព័ត៌មានអន្តរជាតិ Bloomberg បានចុះផ្សាយដោយដកស្រង់ប្រភពច្បាស់ការថា ការលក់បណ្ណបំណុលក្នុងទំហំ៥ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចាប់ផ្ដើមកាលពីថ្ងៃទី២ ខែមិថុនា រួមមាន កម្ចីឥណទាន និងការបោះផ្សាយលក់មូលបត្របំណុលជាច្រើនប្រភេទខុសៗគ្នា ហើយដើមទុនដែលកៀរគរបាន នឹងត្រូវយកទៅប្រើប្រាស់សម្រាប់បំពេញតម្រូវការទូទៅរបស់អាជីវកម្ម។
ហើយសម្រាប់បណ្ដាវិនិយោគិនដែលមានចំណាប់អារម្មណ៍ចង់ទិញបំណុលរបស់ក្រុមហ៊ុន xAI ត្រូវបង្ហាញការប្ដេជ្ញាចិត្តវិនិយោគឱ្យបានត្រឹមថ្ងៃទី១៧ ខែមិថុនា៕
ដោយ: តែម សុខុម