ថ្លែងក្នុងពិធីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រែប្រួល និងការវិវត្តយ៉ាងលឿនរបស់ស្ថានការណ៍ពិភពលោក ជាពិសេសវិស័យយោធា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរមកលើសកម្មភាបសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងពិភពលោកទាំងមូល។ ដូច្នេះក្នុងបរិការណ៍នេះ សម្តេចធិបតី ជំរុញឱ្យក្រសួងការពារជាតិត្រូវពង្រឹងសមត្ថភាពលើការវិភាគ និងការរៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីបង្កភាពងាយស្រួលក្នុងការត្រៀមលក្ខណៈឱ្យបានច្បាស់លាស់ពេលមានហេតុការណ៍អ្វីមួយកើតមានឡើង។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការជ្រើសរើសពលទាន ឬទាហានសកម្មត្រូវឈរលើគោលការណ៍សមាមាត្រ ពោលគឺធ្វើយ៉ាងណាឱ្យមានតុល្យភាពរវាងចំនួននាយទាហាន និងពលទាហានត្រូវឱ្យមានភាពសមស្រប និងជាពិសេសត្រូវខិតខំលុបបំបាត់ឱ្យបានជាជំហានៗនូវស្ថានភាពចំនួនទ័ពលើសតែខ្វះ និងខ្វះតែលើស។
លើសពីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យពង្រឹងការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងកាត់ការវាយតម្លៃរបស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័នកងឯកភាពតាមឋានានុក្រមផងដែរ៕