កម្ពុជាប្រកាន់គោលជំហរមិនតម្លើងថ្លៃអគ្គិសនី និងប្រេងឥន្ធនៈ

សម្តេចតេជោ ហ៊ុន សែន អះអាងថាកម្ពុជា នៅតែប្រកាន់គោលជំហរមិនតម្លើងថ្លៃអគ្គិសនី និងប្រេងឥន្ធនៈនៅកម្ពុជា


បើទោះបីជា មានសម្ពាធជាសកលបង្កឲ្យមានអតិផរណាកើនឡើង ដែលបណ្ដាលមកពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែនក្ដី ប៉ុន្ដែ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច តេជោ ហ៊ុន សែនបានប្រកាសជាថ្មីទៀតថា កម្ពុជានឹងមិនបានដំឡើងថ្លៃអគ្គិសនីសម្រាប់ការប្រើប្រាស់ប្រចាំរបស់ប្រជាពលរដ្ឋនោះទេ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការកើនឡើងនូវអតិផរណាផងដែរ។
សម្តេចតេជោ ហ៊ុន សែន អះអាងថាកម្ពុជា នៅតែប្រកាន់គោលជំហរមិនតម្លើងថ្លៃអគ្គិសនី និងប្រេងឥន្ធនៈនៅកម្ពុជា

យន្តការមិនដំឡើងថ្លៃ ហើយជួយចេញថ្លៃអគ្គិសនីជូនពលរដ្ឋ​ប្រើប្រាស់ចុងក្រោយនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានវាយតម្លៃថា រដ្ឋអាចខាតបង់ថវិកាប្រមាណ ១០០លានដុល្លារ នៅឆ្នាំ២០២២នេះ។

ថ្លែងចេញពីទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវមានយន្ដការច្បាស់លាស់ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅក្នុងប្រទេសកម្ពុជា។ សម្ដេចបានអះអាងថា បើទោះបី កម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្ដែ ការទប់ស្កាត់នេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាស​លួចតម្លើងថ្លៃ ពីជនខិលខូចមួយចំនួន ដែលអាចនឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ស្របពេលដែលប្រជាពលរដ្ឋ​កម្ពុជា បានរងផលប៉ះពាល់ស្រាប់ទៅហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩។ សម្ដេចក៏បានសង្កត់ធ្ងន់ទៀតថា សម្ដេច នឹងមិនអនុញ្ញាតឲ្យមានតម្លៃប្រេងឡើងចុះ តាមតែអំពើចិត្តនៅក្នុងប្រទេសកម្ពុជា នោះទេ ដ្បិតនៅសកលលោកទាំងមូល មានការប្រែប្រួលនៃតម្លៃប្រេង ដែលបណ្ដាលមកពីឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក៏ដោយចុះ។

យ៉ាងណាក៏ដោយ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ អំពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា បានបង្ហាញថា ចាប់ពីថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២២ គ្រប់ស្ថានីយទាំងអស់ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៤ ១០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត ត្រូវលក់ក្នុងតម្លៃ ៤ ២៥០រៀល ក្នុង១លីត្រ។

ជាមួយនឹងវិធានការទប់ស្កាត់ការតម្លើងថ្លៃប្រេងនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពី តម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនី ផងដែរ ដោយសម្ដេចបានអះអាងថា រាជរដ្ឋាភិបាល មិនតម្លើងថ្លៃអគ្គិសនី នោះទេ បើទោះបី រដ្ឋខាតបង់យ៉ាងណាក្ដី។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប្រសិនបើ រាជរដ្ឋាភិបាលតម្លើងថ្លៃអគ្គិសនី នឹងបង្កគ្រោះថ្នាក់បន្ថែមដល់ជីវភាពប្រជាជន ដែលកំពុងតែមានចំណូលធ្លាក់ចុះ ការដឹកជញ្ជូនឡើងថ្លៃ ហើយអ្វីដែលកាន់តែធ្ងន់ទៀតនោះ រោងចក្រនានា ត្រូវចំណាយកាន់តែខ្លាំងទៅលើថ្លៃភ្លើង ដូច្នេះ ទើបសម្ដេចណែនាំឲ្យអគ្គិសនីកម្ពុជា រក្សាតម្លៃនៅដដែល។ យ៉ាងណាមិញ ជុំវិញបញ្ហាអគ្គិសនីនេះដែរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា ធ្លាប់បានអះអាងថា ក្នុង១ឆ្នាំៗ អគ្គិសនីកម្ពុជា( EDC ) បានចេញខាតជូនអ្នកប្រើប្រាស់តាមរយៈការឧបត្ថម្ភធនប្រមាណ ១២០លានដុល្លារអាមេរិក ខណៈការចេញខាតនេះ គឺរាប់ទាំងអ្នកប្រើប្រាស់ ទាំងលំនៅឋាន ទាំងផ្នែកវិស័យកសិកម្ម។

សូមបញ្ជាក់ថា ក្រៅពីប្រកាសមិនតម្លើងថ្លៃប្រេង និងអគ្គិសនី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសម្រាប់ឆ្នាំ២០២៣ ក្នុងទំហំទឹកប្រាក់ចំនួន ៤៦៥លានដុល្លារ ដើម្បីជួយសម្រួលជីវភាពគ្រួសារងាយរងហានិភ័យ នៅអំឡុងមានសម្ពាធអតិផរណា ក៏ដូចជា រងគ្រោះធ្ងន់ធ្ងរដោយសារទឹកជំនន់ នៅតាមបណ្ដាខេត្តមួយចំនួន។ បើតាមសម្ដេច ហ៊ុន សែន កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៧០ម៉ឺនគ្រួសារ ហើយនៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលនឹងបន្តជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ប្រមាណ ៦០ម៉ឺនគ្រួសារបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន អះអាងថា កម្ពុជានឹងសាងសង់ស្ពានចំនួន៣ បន្ថែមទៀត

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា កម្ពុជានឹងមានការសាងសង់ស្ពានឆ្លងទន្លេចំនួន ៣បន្ថែមទៀត នៅពេលខាងមុខនេះ ដែលក្នុងនោះរួម…

រាជរដ្ឋាភិបាលនៅតែបន្តនីតិវិធីបោះផ្សាយបណ្ណបំណុលរដ្ឋ ទោះមិនសូវមានការគាំទ្រវិនិយោគក្ដី

ព័ត៌មាន
ឆ្នាំ២០២២នេះ ជាឆ្នាំដំបូងដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបោះផ្សាយបណ្ណបំណុលរដ្ឋសរុប៣០០លានដុល្លារ ដើម្បីជាការសាកល្បងស្រូបទាញយកប្រភពទុនក្នុង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ