
មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីបង្ការកុំឱ្យកើតមានរូបភាពនេះម្ដងទៀត ក្រសួងពាណិជ្ជកម្ម បានផាកពិន័យអន្តរកាលដល់ក្រុមហ៊ុន ដែលបានលួចប្ដូរបាកូដក្នុងគោលបំណងទប់ស្កាត់មិនឱ្យមានប្រព្រឹត្តិទង្វើនេះម្ដងទៀត ក៏ដូចជាបង្ហាញជាគំរូដល់អ្នកផ្សេងត្រូវលក់ដូរប្រកបដោយសុចរិតភាព។ អ្នកជំនាញយល់ថា ក្នុងកាលៈទេសៈនេះម្ចាស់អាជីកម្មត្រូវលក់ដូរប្រកបដោយភាពស្មោះត្រង់ ត្រូវមានឧត្តមគតិរួម ក៏ដូចជាពង្រឹងសមត្ថភាពផលិត ដើម្បីអាចស្ដារទំនុកចិត្តពលរដ្ឋឡើងវិញ។
លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា រដ្ឋាភិបាលគួរតែចាត់វិធានការច្បាប់ឱ្យបានតឹងរ៉ឹងចំពោះក្រុមហ៊ុនណា ដែលយកបាកូដកម្ពុជា ទៅបិទលើផលិតផលថៃ រួចហើយដាក់លក់នៅលើទីផ្សារ ដើម្បីធ្វើជាគំរូកុំឱ្យមានសហគ្រាសផ្សេងលួចបន្លំបន្តទៀត ក៏ដូចជាធ្វើសេចក្ដីប្រកាសមិនឱ្យប្រព្រឹត្តិនូវទង្វើបែបនេះបន្តទៀត។ ស្របពេលពលរដ្ឋកម្ពុជា កំពុងធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃ ហើយថៃ តែងតែមានចេតនាធ្វើអាក្រក់មកលើកម្ពុជា ក្រុមហ៊ុន ឬសហគ្រាសក្នុងស្រុកត្រូវរួបរួមគ្នា មិនគួរលួចបន្លំបាកូដផលិតផលរបស់ថៃ ផលិតនៅកម្ពុជា នោះទេ។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ករណីបន្លំបាកូដលេខផលិតផលនៅថៃ តែប្ដូរមកដាក់ផលិតនៅកម្ពុជាវិញនេះ ជាអំពើគ្មានសុចរិតភាពមួយ ដែលអាចធ្វើឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើផលិតផលខ្មែរ ស្របពេលដែលពលរដ្ឋកំពុងធ្វើពហិការមិនប្រើទំនិញថៃ ដោយសារការឈ្លានពានលើអធិតេយ្យភាពកម្ពុជា ទាំងគឃ្លើន។ អ្នកជំនាញរូបនេះយល់ឃើញថា ពេលនេះសហគ្រាសគួរតែលក់ដូរប្រកបដោយសេចក្ដីស្មោះត្រង់ និងទៀងត្រង់ ជាពិសេសត្រូវបង្កើនសមត្ថភាពផលិតឱ្យបានខ្លាំងបន្ថែមទៀត ពីព្រោះជម្លោះកម្ពុជា និងថៃនេះ កំពុងហុចឱកាសល្អដល់អ្នកផលិតក្នុងស្រុកឱ្យមានការប្រកួតប្រជែងលើទីផ្សារ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងពីពលរដ្ឋ និងបានចុះត្រួតពិនិត្យដល់ទីតាំងស្តុកទុក ក្រុមមន្ត្រីជំនាញបានរកឃើញមានផលិតផលដឹកដោះគោ ដែលមានប្រភពពីម៉ាឡេស៊ី ដែលបានប្រើប្រាស់បាកូដកម្ពុជា បិទពីលើបាកូដថៃ ដែលជាការបិទបាំងនូវព័ត៌មាន និងមិនផ្ដល់នូវព័ត៌មានពិតប្រាកដសម្រាប់អ្នកប្រើប្រាស់ ដែលខុសនឹងច្បាប់ការពារអ្នកប្រើប្រាស់។ បើតាមអ្នកនាំពាក្យរូបនេះ ដើម្បីបង្កាកុំឱ្យកើតមានរូបភាពនេះម្ដងទៀត ក្រសួងពាណិជ្ជកម្ម បានផាកពិន័យអន្តរកាលដល់ក្រុមហ៊ុនដែលបានប្ដូរបាកូដក្នុងគោលបំណងទប់ស្កាត់មិនឱ្យមានប្រព្រឹត្តិទង្វើនេះម្ដងទៀត។
បើតាមក្រសួងពាណិជ្ជកម្ម ក្រោយរកឃើញមានផលិតផលបន្លំបាកូដ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានដាក់ចេញវិធានការបន្ទាន់ដូចជា តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលបានបិទបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅលក់ ចែកចាយទាំងនៅភ្នំពេញ និងបណ្តាខេត្តក្នុងរយៈពេលពីរថ្ងៃ ដោយមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីច្បាប់ ដែលមានចែងក្នុងច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
អត្ថបទ៖ ជា ម៉ារ៉ាវ