អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ តាមរយៈគេហទំព័រប្រព័ន្ធជូនដំណឹងរហ័សសម្រាប់ម្ហូបអាហារ និងចំណីសត្វរបស់សហភាពអឺរ៉ុប បានរកឃើញកម្រិតសំណល់ថ្នាំកសិកម្មមួយចំនួននៅក្នុងអង្ករកម្ពុជា លើសកម្រិតបញ្ញត្តិជាធរមានរបស់សហភាពអឺរ៉ុប០,០១មីលីក្រាម ក្នុង១គីឡូក្រាម។ បើតាមអគ្គនាយកដ្ឋានកសិកម្ម សហភាពអឺរ៉ុប ដាក់បញ្ញត្តិកម្រិតសំណល់អតិបរមានៃថ្នាំកសិកម្មក្នុងអង្ករកម្ពុជា ត្រឹមតែ០,០១មីលីក្រាម ក្នុង១គីឡូក្រាមប៉ុណ្ណោះ ពោលគឺត្រូវបានទម្លាក់ចំនួន១០០ដង នៃកម្រិតចាស់ ដែលមាន១មីលីក្រាម ក្នុង១គីឡូក្រាម។
ការទម្លាក់កម្រិតសំណល់ថ្នាំកសិកម្មនេះ កំពុងជះឥទ្ធិពលដល់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ដោយកាលពីពេលថ្មីៗនេះ អង្ករកម្ពុជា មួយចំនួន ដែលមានកម្រិតសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ ត្រូវបានដឹកត្រឡប់មកវិញ។ នេះបើតាមការអះអាងរបស់អគ្គនាយករដ្ឋានកសិកម្ម។
ជុំវិញបញ្ហានេះ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានវាយតម្លៃថា ការចូលរួមរបស់ប្រជាកសិករ និងអ្នកផ្តល់សេវាបាញ់ថ្នាំកសិកម្ម គឺជាការចាំបាច់បំផុត ដ្បិតថា ពួកគេមិនត្រូវប្រើប្រាស់ថ្នាំកសិកម្មឱ្យលើសពីកម្រិតដែលទីផ្សារអឺរ៉ុប បានកំណត់នោះទេ។ តែយ៉ាងណា អ្នកជំនាញរូបនេះជឿជាក់ថា បញ្ហាដែលបានកើតឡើងខាងលើនេះ ភាគីពាក់ព័ន្ធនឹងដោះស្រាយឱ្យបានលឿនជាទីបំផុត ដ្បិតថា កម្ពុជា ជាប្រទេសមួយ ដែលមានការគិតគូរច្បាស់លាស់អំពីគោលការណ៍បរិស្ថាន គោលការណ៍សុវត្ថិភាព និងការគ្រប់គ្រងសារធាតុគីមីនៅក្នុងផលិតផលកសិកម្មសម្រាប់នាំចេញ។
ជាមួយគ្នានេះ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ ក្រសួងកសិកម្ម កំពុងរៀបចំចងក្រងសហគមន៍កសិកម្មទំនើបសម្រាប់ផលិតកម្មដំណាំស្រូវ ដែលស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបដាច់ដោយឡែកតែម្តង ដោយក្រសួងនឹងណែនាំដល់ប្រជាកសិករអំពីកម្រិតនៃការប្រើប្រាស់ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពទីផ្សារអង្ករកម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានកសិកម្ម ក៏បានអំពាវនាវដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រប់រាជធានី-ខេត្ត សហគមន៍កសិកម្មផលិតកម្មដំណាំស្រូវ ប្រជាកសិករ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមលើកកម្ពស់ការប្រើប្រាស់ថ្នាំកសិកម្មជាជម្រើសចុងក្រោយ ដោយអនុវត្តតាមគោលការណ៍ណែនាំបច្ចេកទេសដែលមាននៅលើសម្បកវេចខ្ចប់ប្រកបដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា។ ទន្ទឹមនេះ អ្នកនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប គួរធ្វើតេស្តរកសារធាតុសំណល់ថ្នាំកសិកម្មនៅក្នុងអង្ករមុននាំចេញ ដើម្បីបញ្ចៀសបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ និងធានាបាននូវនិរន្តរភាពទីផ្សារនាំចេញផងដែរ៕