EU កំពុងប្រកួតប្រជែងនឹងអាមេរិក និងអាស៊ី

EU កំពុងប្រកួតប្រជែងនឹងអាមេរិក និងអាស៊ី ក្នុងការបង្កើតផែនការឧបត្ថម្ភធនសម្រាប់ផលិតបន្ទះគ្រឿងអេឡិចត្រូនិក


សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានព្រមព្រៀងគ្នាលើផែនការចំណាយថវិកាចំនួន ៤៣ ពាន់លានអឺរ៉ូ ឬប្រហែល ៤៧ ពាន់លានដុល្លារ សម្រាប់ឧស្សាហកម្មផលិតបន្ទះគ្រឿងអេឡិចត្រូនិករបស់តំបន់នេះ។ នេះការប៉ុនប៉ងតាមឱ្យទាន់សហរដ្ឋអាមេរិក និងអាស៊ី ហើយចាប់ផ្តើមបដិវត្តឧស្សាហកម្មបៃតង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
EU កំពុងប្រកួតប្រជែងនឹងអាមេរិក និងអាស៊ី ក្នុងការបង្កើតផលិតបន្ទះគ្រឿងអេឡិចត្រូនិក

ច្បាប់ស្ដីពីបន្ទះគ្រឿងអេឡិចត្រូនិករបស់សហភាពអឺរ៉ុប ដែលស្នើឡើងដោយគណៈកម្មការអឺរ៉ុបកាលពីឆ្នាំមុន និងដែលទទួលបានការយល់ព្រមពីស្នងការទីផ្សារផ្ទៃក្នុង គឺលោក ធៀរី ប្រេថុន (Thierry Breton) ដែរនោះ គឺមានបំណងបង្កើនការរួមចំណែករបស់សហភាពអឺរ៉ុប នៅក្នុងទិន្នផលបន្ទះគ្រឿងអេឡិចត្រូនិកសកល ឱ្យដល់ ២០% នៅត្រឹមឆ្នាំ ២០៣០។ ច្បាប់នេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្កើតច្បាប់ស្រដៀងគ្នានេះ។

សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃទី ៥ ខែមេសា ថា សហភាពអឺរ៉ុបជិតសម្រេចបានកិច្ចព្រមព្រៀងមួយហើយ ហើយការបញ្ជាក់បន្ថែមលើច្បាប់ស្ដីពីបន្ទះគ្រឿងអេឡិចត្រូនិកសហភាពអឺរ៉ុបក៏ទទួលបានការស្វាគមន៍ពីតួអង្គឧស្សាហកម្មសំខាន់ៗផងដែរ។ ពួកគេបាននិយាយថា ច្បាប់នេះនឹងនាំមកនូវសមត្ថភាព ជំនាញ ព្រមទាំងការស្រាវជ្រាវនិងការអភិវឌ្ឍ ក្នុងផ្នែកផលិតកម្ម កាន់តែប្រសើរឡើងថែមទៀត។

លោកស្រី ម៉ាក្រេត វ៉េស្តាហ្គ័រ (Margrethe Vestager) អនុប្រធានគណៈកម្មការអឺរ៉ុប បាននិយាយតាមប្រព័ន្ធទំនាក់ទំនងសង្គម ទ្វីតធឺ ថា៖ «យើងត្រូវការបន្ទះគ្រឿងអេឡិចត្រូវនិក ដើម្បីផ្តល់ថាមពលឱ្យការផ្លាស់ប្តូរទៅកាន់យុគសម័យឌីជីថលនិងបៃតង ឬដើម្បីពង្រឹងប្រព័ន្ធថែទាំសុខភាព»។

មន្ត្រីសហភាពអឺរ៉ុបបាននិយាយថា ចាប់តាំងពីការប្រកាសផែនការឧបត្ថម្ភធនលើបន្ទះគ្រឿងអេឡិចត្រូនិករបស់ខ្លួនកាលពីឆ្នាំមុនរួចមក សហភាពអឺរ៉ុបបានទាក់ទាញការវិនិយោគសាធារណៈ និងឯកជន នៅក្នុងទំហំទឹកប្រាក់ជាង ១០០ ពាន់លានអឺរ៉ូ ឬប្រហែលជាង ១០៩ ពាន់លានដុល្លារអាមេរិក រួចមកហើយ។

ប៉ុន្តែសហភាពអឺរ៉ុបអាចនឹងពិបាកបង្រួមគម្លាត ឬតាមឱ្យទាន់គូប្រជែងរបស់ខ្លួន ជាអាទិ៍សហរដ្ឋអាមេរិក។ នេះបើតាមអ្នកវិភាគមួយចំនួន ដូចជាលោក ផូល ទ្រីយ៉ូឡូ (Paul Triolo) ដែលជាអ្នកជំនាញខាងបច្ចេកវិទ្យារបស់ចិននៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ។

លោក ទ្រីយ៉ូឡូ បាននិយាយថា៖ «ផ្នែកសំខាន់នៃសមីការ ដែលសហភាពអឺរ៉ុបត្រូវការដើម្បីទទួលបានភាពសមស្របដូចជាសហរដ្ឋអាមេរិកនោះ គឺថាតើខ្សែសង្វាក់ផ្គត់ផ្គង់ដែលគាំទ្រឧស្សាហកម្មនេះអាចផ្លាស់ទីទៅកាន់សហភាពអឺរ៉ុបបានក្នុងកម្រិតណា និងក្នុងតម្លៃប៉ុនណា?»

ខណៈដែលគណៈកម្មការអឺរ៉ុបដំបូងឡើយបានស្នើសុំការផ្ដល់មូលនិធិដល់រោងចក្រផលិតបន្ទះគ្រឿងអេឡិចត្រូនិកទំនើបៗនោះ រដ្ឋាភិបាល និងសមាជិកសភាសហភាពអឺរ៉ុប បានពង្រីកវិសាលភាពនេះ ដើម្បីគ្របដណ្តប់ខ្សែសង្វាក់តម្លៃទាំងមូល រួមទាំងបន្ទះគ្រឿងអេឡិចត្រូនិកចាស់ៗ ព្រមទាំងកន្លែងស្រាវជ្រាវនិងការរចនាផងដែរ។

លោក ហិនឌ្រីក ប៊ួកហ្ស័រ (Hendrik Bourgeois) អនុប្រធានកិច្ចការរដ្ឋាភិបាលអឺរ៉ុប នៅក្រុមហ៊ុនផលិតបន្ទះគ្រឿងអេឡិចត្រូនិករបស់អាមេរិក អ៊ិនថែល (Intel) ដែលនឹងទទួលបានការឧបត្ថម្ភធនសម្រាប់រោងចក្រដែលក្រុមហ៊ុននេះកំពុងដំណើរការនៅប្រទេសអាល្លឺម៉ង់ បានថ្លែងស្វាគមន៍កិច្ចព្រមព្រៀងខាងលើ។ យោងតាមលោក ប៊ួកហ្ស័រ វាបានបង្ហាញថា សហភាពអឺរ៉ុបបានយកចិត្តទុកដាក់ចំពោះការធានាបាននូវភាពរុងរឿងរបស់សហភាពនេះនាពេលអនាគត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ការនាំចេញផលិតផលមិនមែនកាត់ដេរនៅតែរក្សាបានកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១ឆ្នាំនេះ

ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេររបស់កម្ពុជា នៅតែបង្ហាញពីកំណើនខ្ពស់ជិត២០% នៅត្រីមាសទី១នៅឆ្នាំ២០២៣ ទោះបីជា ការនាំចេញផលិតផលកាត់ដេ…

កម្ពុជាមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ

រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាអភិវឌ្ឍប្រទេសឲ្យក្លាយជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំមហាអនុតំបន់ទន្លេមេគង្គ។ តួយ៉ាង ក្រសួងសាធារណការ និងដឹកជញ្ជូន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ