ប្រធាន EU ប្រាប់មេដឹកនាំកុំឱ្យចិនធ្វើឱ្យបែកបាក់ប្លុកអឺរ៉ុប!

ប្រធានគណៈកម្មការអឺរ៉ុបប្រាប់មេដឹកនាំអឺរ៉ុបកុំឱ្យចិនបំបែកបំបាក់ប្លុកនេះ បន្ទាប់ពីជំហរមេដឹកនាំបារាំងបង្កការប្រេះឆានិងងឿងឆ្ងល់


ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ូសូឡា វ៉ុន ដ័រ លីយេន កាលពីថ្ងៃអង្គារ បានជំរុញឱ្យមេដឹកនាំប្រទេសអឺរ៉ុបទាំងអស់ បង្ហាញសាមគ្គីភាព និងការរួបរួមគ្នា នៅចំពោះមុខការនិយាយលួងលោមរបស់ប្រទេសចិន។ ការជំរុញបែបនេះបានកើតឡើងនៅមួយសប្តាហ៍ក្រោយពីប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន និងបានបង្ហាញជំហរមិនច្បាស់លាស់ និងគួរឱ្យឆ្ងល់ ជុំវិញទំនាក់ទំនងជាមួយទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
ប្រធាន EU ប្រាប់មេដឹកនាំកុំឱ្យចិនធ្វើឱ្យបែកបាក់ប្លុកអឺរ៉ុប!

ក្រោយដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោក ម៉ាក្រុង បានបង្ហាញពីទំនោរគាំទ្រទីក្រុងប៉េកាំង ដោយលើកឡើងថា អឺរ៉ុបមិនគួរដើរតាមគោលនយោបាយរបស់សហរដ្ឋអាមេរិក លើជម្លោះដែនកោះតៃវ៉ាន់នោះទេ ពោលគឺសហភាពអឺរ៉ុបគួរតែជៀសវាងនាំយកបញ្ហាដែល«មិនមែនជារបស់អឺរ៉ុប»មកដាក់ខ្លួន។

ថ្លែងនៅក្នុងសភាអឺរ៉ុប លោកស្រី​ វ៉ុន ដ័រ លីយេន បានប្រាប់ទៅកាន់សមាជិកសភាថា៖ «គោលនយោបាយអឺរ៉ុបដ៏រឹងមាំមួយ ចំពោះចិន ប្រាកដណាស់គឺត្រូវពឹងផ្អែកលើការសម្របសម្រួលគ្នាយ៉ាងតឹងណែនរវាងសមាជិក និងស្ថាប័នអឺរ៉ុប ហើយត្រូវមានឆន្ទៈជៀសវាងល្បិចកលបំបែកបំបាក់និងចាក់រុក»។

លោកស្រីបានបន្តថា៖ «យើងបានឃើញល្បិចកលនេះក្នុងមួយរយៈចុងក្រោយថ្មីៗនេះ។ ដូចនេះ វាដល់ពេលហើយសម្រាប់អឺរ៉ុប ក្នុងទប់ស្កាត់វិញ ពោលគឺការសាមគ្គីគ្នាជាធ្លុងមួយ»។

បន្ថែមពីនេះ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា រដ្ឋជាសមាជិកទាំង ២៧ ប្រទេស កាត់បន្ថយការពឹងផ្អែកលើធនធានសំខាន់ៗរបស់ប្រទេសចិនដែលបាននិងកំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំង ប៉ុន្តែក៏មិនត្រូវកាត់ផ្ដាច់ទាំងស្រុងនូវទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងទីផ្សារដ៏ធំទូលំទូលាយនៃប្រទេសយក្សមួយនេះទេ។

ចំពោះបញ្ហាកោះតៃវ៉ាន់ លោកស្រីបានចង្អុលបង្ហាញថា៖ «គោលនយោបាយចិនតែមួយរបស់អឺរ៉ុបគឺមានតាំងពីយូរយារមកហើយ។ យើងសូមអំពាវនាវម្តងហើយម្តងទៀត ឱ្យមានសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយយើងក៏ប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី ជាពិសេសដោយប្រើកម្លាំង»។

ពិតមែនហើយ ការលើកឡើងកាលពីសប្តាហ៍​មុនរបស់ប្រធានាធិបតីបារាំង បានបង្កការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រទេសជាសមាជិកអឺរ៉ុប ជាពិសេសពីរដ្ឋនៅភាគខាងកើតនៃសហភាពនេះ ដែលមើលឃើញសហរដ្ឋអាមេរិកថាជាអ្នកធានាសន្តិសុខស្នូលរបស់ពួកគេ នៅចំពោះមុខសម្ព័ន្ធភាពជិតស្និទ្ធរវាងចិននិងរុស្ស៊ី ដែលកំពុងធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។

បើទោះបីជាយ៉ាងណាក៏ដោយ ជំហររបស់លោក ម៉ាក្រុង ត្រូវបានអ្នកខ្លះយកមកបកស្រាយថា លោកមាន«គម្រោងសម្ងាត់» ជាមួយចិនក្នុងការនាំយករុស្ស៊ី និងអ៊ុយក្រែន មកចូលតុចរចាឱ្យទាល់តែបាននៅក្នុង«រដូវក្តៅខាងមុខនេះ»។

ប៉ុន្តែ លោក តូបបៃអឺស អែលវូដ (Tobias Ellwood) ប្រធានគណៈកម្មាធិការជ្រើសតាំងសម្រាប់ការពារជាតិអង់គ្លេស បានហៅគម្រោងនេះថា«គ្រោះថ្នាក់» ខណៈលោក អៀន ដាន់ឃេន ស្មីត (Iain Duncan Smith) អតីតមេដឹកនាំគណបក្សអភិរក្សនិយម បានប្រៀបប្រដូចលោកម៉ាក្រុងទៅនឹង «ពស់នៅក្នុងស្មៅ»៕




អត្ថបទបន្ទាប់


អតីតមន្ត្រីអាមេរិកនិយាយថា មានឱកាសជាង ៥០% ដែលចិននឹងឈ្លានពានកោះតៃវ៉ាន់ ក្នុងរយៈពេល ១០ ឆ្នាំ

អតីតទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើបញ្ហាភាគច្រើនទាក់ទងនឹងប្រទេសចិន បាននិយាយថា លទ្ធភាពដែលថាប្រទេសចិននឹងឈ្លានពានតៃវ៉…

ក្រុមហ៊ុនចិន ភីង អាន (Ping An) បានស្ដីបន្ទោសគណៈគ្រប់គ្រងធនាគារ អេចអេសប៊ីស៊ី (HSBC) របស់អង់គ្លេស

គណៈគ្រប់គ្រងរបស់ធានាគារដ៏ធំលំដាប់ពិភពលោករបស់អង់គ្លេស គឺធនាគារ អេចអេសប៊ីស៊ី (HSBC) បានរងការស្ដីបន្ទោសពីក្រុមហ៊ុនធានារ៉ាប់រងនិងសេវាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ