គណៈកម្មការអឺរ៉ុប

EU បដិសេធមិនចូលដៃជាមួយលោក ត្រាំ និងអ៊ីរ៉ង់ រឿងយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ Hormuz


គណៈកម្មការអឺរ៉ុប បានប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការប៉ុនប៉ងណាមួយរបស់សហរដ្ឋអាម៉េរិក ឬអ៊ីរ៉ង់ ក្នុងការទាមទារកម្រៃសេវាពីកប៉ាល់ ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ គណៈកម្មការអឺរ៉ុបបានចាត់ទុកទង្វើនេះ គឺជាអំពើខុសច្បាប់ ខណៈការសម្រេចចិត្តបង់ប្រាក់ ឬមិនបង់ គឺជាសិទ្ធិសម្រេចផ្ដាច់មុខរបស់ក្រុមហ៊ុនដឹកជញ្ជូនឯកជននីមួយៗ។
គណៈកម្មការអឺរ៉ុប
ដោយ

សារព័ត៌មាន Euro News បានរាយការណ៍ថា អ្នកនាំពាក្យគណៈកម្មការអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃទី៩ ខែមេសា ថាច្បាប់អន្តរជាតិបានចែងយ៉ាងច្បាស់ពីសេរីភាព នៃការធ្វើនាវាចរ ពោលគឺមិនមានការបង់ថ្លៃសេវាណាមួយឡើយ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ច្រកសមុទ្រ Hormuz ក៏ដូចជាផ្លូវទឹកអន្តរជាតិដទៃទៀតដែរ គឺជាសម្បត្តិសាធារណៈរបស់មនុស្សជាតិ ដែលតម្រូវឱ្យមានការធ្វើនាវាចរដោយសេរី និងចាំបាច់ត្រូវតែមានការស្ដារសេរីភាពនេះឡើងវិញ។

ការចេញមុខជំទាស់របស់ EU ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្កឱ្យមានការភ្ញាក់ផ្អើលពេញទ្វីបអឺរ៉ុបតាមរយៈការបបួលរដ្ឋាភិបាលក្រុងតេអេរ៉ង់ ដាក់ទុនរួមគ្នា ដើម្បីបង្កើតប្រព័ន្ធប្រមូលប្រាក់ពីកប៉ាល់ដឹកជញ្ជូនប្រេង ឧស្ម័ន និងជីគីមី ដែលឆ្លងកាត់ច្រកផ្លូវទឹកដ៏សំខាន់មួយនេះ។

គិតត្រឹមថ្ងៃទី៩ ខែមេសា ស្ថានភាពនៅច្រកសមុទ្រ Hormuz នៅតែមានភាពច្របូកច្របល់។ ទិន្នន័យចរាចរណ៍នាវាបានបង្ហាញថា មានកប៉ាល់តិចតួចប៉ុណ្ណោះ ដែលអាចឆ្លងកាត់បាន ខណៈកប៉ាល់ប្រមាណ២,០០០គ្រឿង និងនាវិកជាង២០,០០០នាក់នៅតែជាប់គាំងនៅក្នុងឈូងសមុទ្រពែក្ស។

យោងតាមរបាយការណ៍បឋម អ៊ីរ៉ង់កំពុងអនុវត្តប្រព័ន្ធថ្មីមួយដោយតម្រូវឱ្យកប៉ាល់នីមួយៗបង់ប្រាក់១ដុល្លារក្នុងប្រេង១បារ៉ែល។ ការទូទាត់នេះអាចធ្វើឡើងជាប្រាក់យន់ចិន ឬរូបិយប័ណ្ណឌីជីថល ដើម្បីគេចចេញពីការត្រួតពិនិត្យហិរញ្ញវត្ថុរបស់បស្ចិមប្រទេស។

ទោះបីជាបណ្ដាប្រទេសនៅអឺរ៉ុបកំពុងពិចារណាលើផែនការការពារសុវត្ថិភាពនាវាចរណ៍ក៏ដោយ ប៉ុន្តែមិនទាន់មានសំណើជាក់លាក់ណាមួយត្រូវបានដាក់លើតុចរចានៅឡើយទេ។ ដោយឡែក ទីក្រុងតេអេរ៉ង់ នៅតែចាត់ទុកច្រកផ្លូវទឹកនេះជាអាវុធយុទ្ធសាស្ត្រ ដ៏មានឥទ្ធិពលបំផុត ហើយនឹងមិនធ្វើសម្បទានណាមួយឡើយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោន ព្រមផ្ដល់សំណងចំពោះការខាតបង់ដែលបង្កឡើងដោយសង្គ្រាម៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


ADB ព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៤,៥%នៅឆ្នាំនេះ បើការរំខានដោយសង្គ្រាមនៅអ៊ីរ៉ង់មិនអូសបន្លាយយូរ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៥%ក្នុងឆ្នាំ២០២៦ ទាបជាងតួលេខព្យាករកន្លងមកដែលរំពឹងស…

ភាពតានតឹងបានកើនកម្ដៅមុនការចរចារវាងអាម៉េរិក និងអ៊ីរ៉ង់ជុំទី១ ខណៈលំហូរប្រេងតាមច្រកហ័រម៉ូសនៅតែបន្តជាប់គាំង

បទឈប់បាញ់រយៈពេល២សប្តាហ៍ដ៏សែនផុយស្រួយរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ កាន់តែមានភាពរកាំរកូសខ្លាំងឡើងនៅថ្ងៃទី១០ ខែមេសា នេះ មុនពេលភាគីទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ