សហភាពអឺរ៉ុប-រុស្ស៊ី-ទណ្ឌកម្មទី៩

គណៈកម្មការសហភាពអឺរ៉ុបស្នើបង្កើតកញ្ចប់ទណ្ឌកម្មទី៩ ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី


គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី ៧ខែធ្នូ បានស្នើសុំការអនុម័តយល់ព្រមពីការបង្កើតកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនដែលទណ្ឌកម្មថ្មីនេះគ្រោងនឹងដាក់បញ្ចូលទាំងបុគ្គល និងអង្គភាពសរុបទៅមានចំនួនជិត ២០០ បន្ថែមទៀតចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃនេះ។
គណៈកម្មការសហភាពអឺរ៉ុបស្នើបង្កើតកញ្ចប់ទណ្ឌកម្មទី៩ ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី

ប្រធានគណៈកម្មការអឺរ៉ុប​លោកស្រី​ អឺសូឡា វ៉ុន​ដឺ​ ឡេយិន ​(Ursula von der Leyen)​ បាននិយាយ​ថា​ គណៈកម្មការ​នេះ​ពេញចិត្តនឹងការបង្កើត​កញ្ចប់​ទណ្ឌកម្មថ្មីប្រឆាំងនឹង​ធនាគារ​រុស្ស៊ីចំនួន៣បន្ថែមទៀត​ និងការរឹត​បន្តឹង​លើ​ការ​ត្រួតពិនិត្យ​ការនាំចេញថ្មី​ ជាពិសេសសម្រាប់​ទំនិញ​​ដូចជាសារធាតុគីមីសំខាន់ៗ ថ្នាំ​ពុល​ ​គ្រឿងអេឡិចត្រូនិក ​និង​បច្ចេកវិទ្យាព័ត៌មាន។​

លោកស្រី ​ឡេយិន ​បាននិយាយថា ប្រទេសរុស្ស៊ី​​បាន​បន្តនាំមកនូវការសម្លាប់​មនុស្ស​ ​និងការបំផ្លិចបំផ្លាញដល់អ៊ុយក្រែន ហើយកំពុងកំណត់គោលដៅវាយប្រហារ​ទៅ​​លើ​ជនស៊ីវិល និ​ង​ហេដ្ឋា​រចនា សម្ព័ន្ធស៊ីវិលដោយចេតនា​ដោយព្យាយាមធ្វើឱ្យប្រទេសអ៊ុយក្រែន​ត្រូវ​រងគ្រោះធ្ងន់ធ្ងរ​​​នៅដើមរដូវរងា​នេះ​​​។

លោកស្រីបានបន្ថែមថា កញ្ចប់ទណ្ឌកម្មទាំង៨ ដែលសហភាពអឺរ៉ុបបាន​បង្កើត​ឡើង​មកទល់​នឹង​ពេលនេះ​ ​បាន​បង្ក​​ផល​ពិបាកដល់​រុស្ស៊ី​រួចទៅហើយ ហើយ​ឥឡូវនេះ​ប្លុក​មួយ​នេះ​ចង់​បង្កើនសម្ពាធ​លើ​រុស្ស៊ី​​បន្ថែម​ទៀត​ជាមួយកញ្ចប់ទណ្ឌកម្ម​ទី​៩​​ថ្មី​មួយ​ទៀត​។

រាល់​ការដាក់ទណ្ឌកម្ម​ទាំង​អស់ ​គឺ​ទាមទារឱ្យមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជា​សមាជិក​សហ​ភាព​អឺរ៉ុប​ទាំង ២៧ របស់ប្លុកនេះ​​ ​ប៉ុន្តែវិធានការភាគច្រើនដែលបានស្នើឡើង​ក្នុងកញ្ចប់​ទាំង ​៨ ​មុន​នេះ​​ត្រូវបានអនុម័តដោយតំណាងក្រុមប្រឹក្សាអឺរ៉ុប​ក្នុងរយៈពេលតែ​ប៉ុន្មានសប្តាហ៍​ប៉ុណ្ណោះ​បើ​ទោះ​​ជាវិធាន​ការ​មួយចំនួនមិន​​​ត្រូវបាន​អនុវត្ត​​ក៏​ដោយ។​

សូម​រំលឹក​ថា កញ្ចប់ទណ្ឌ​កម្ម​ទី៨ត្រូវបានអនុម័តកាល​ពី​ថ្ងៃទី ៥ ខែតុលា ​ហើយវា​បាន​​រួមបញ្ចូល​​ការរឹតបន្តឹង​ពាណិជ្ជកម្ម និងកំណត់គោលដៅ​លើ​បុគ្គល​កាន់តែច្រើន​។

លោកស្រី ឡេយិន ​បាននិយាយថា បុគ្គល និងអង្គភាពថ្មីដែលស្នើឱ្យ​​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​​ទាំង​នេះ ​រួម​មានកងកម្លាំងប្រដាប់អាវុធរបស់​រុស្ស៊ីក៏ដូចជាមន្ត្រីបុគ្គល និងឧស្សាហកម្មការពារ​ជាតិ​ សមាជិកសភាឌូម៉ា​ និងក្រុមប្រឹក្សាសហព័ន្ធ រដ្ឋមន្ត្រី អភិបាល និងគណបក្សនយោបាយ​មួយ​ចំនួន​ទៀត​​ផង​ដែរ​។

លោកស្រី​បានបន្ថែម​ថា បញ្ជីនេះ​បាន​គ្របដណ្តប់លើមន្ត្រី​ឥស្សរជន​ពាក់​ព័ន្ធ​នឹង​ការវាយប្រហារ​​ដោយមីស៊ីលដ៏ឃោរឃៅនិងចេតនារបស់រុស្ស៊ីទៅ​លើ​ជនស៊ីវិល​ក្នុងការចាប់ពង្រត់​កុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី និងក្នុងការលួចផលិតផល​កសិកម្ម​​អ៊ុយក្រែន​​ផង​ដែរ​។

គណៈកម្មការនេះ​ក៏បានស្នើសុំ​ដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររបស់​រុស្ស៊ីចំនួន ៣ បន្ថែមទៀត​​រួមទាំងការហាមឃាត់ប្រតិបត្តិការពេញលេញលើធនាគារអភិវឌ្ឍន៍តំបន់របស់​រុស្ស៊ី​ដើម្បីធ្វើឱ្យ​ម៉ាស៊ីន​​សាច់ប្រាក់របស់​លោក ពូទីន កាន់​តែ​លែង​ដំណើរ​ការ​​​បន្ថែមទៀត​ផង​ដែរ​។​

គណៈកម្មការអឺរុប​​​​មានបំណងបន្ថែមទៀតក្នុង​ការ​កាត់បន្ថយការទទួល​បាននូវ​​យន្តហោះគ្មាន​​មនុស្ស​បើក​ទាំង​ខ្នាត​តូច​និង​ខ្នាត​ធំ​ ​និង​​ហាមឃាត់​ការនាំចេញម៉ាស៊ីន​យន្តហោះ​ដ្រូន​ដោយ​ផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី​ ​និងទៅកាន់ប្រទេសទី៣ដូចជា​ប្រទេស​អ៊ីរ៉ង់​ ​ដែល​គេជឿ​​ថា​អាច​ផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកទៅ​ឱ្យ​ប្រទេសរុស្ស៊ីថែមទៀត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


គណៈកម្មការអឺរ៉ុបស្នើ WTO បង្កើតគណៈកម្មការវិនិច្ឆ័យក្នុងសំណុំរឿងទំនាស់ពាណិជ្ជកម្មចិន-អឺរ៉ុប និងជាមួយលីទុយអានី

ព័ត៌មាន
គណៈកម្មការអឺរ៉ុបនៅថ្ងៃពុធទី០៧ខែធ្នូ បានស្នើទៅអង្គការពាណិជ្ជកម្មពិភពលោក ឬWTO ឱ្យបង្កើតគណៈកម្មការវិនិច្ឆ័យក្នុងសំណុំរឿងទំនាស់ពាណិជ្ជកម្មរវាង…

តម្លៃអាគុយយានយន្ដអគ្គិសនីបានហក់ឡើងថ្លៃជាលើកដំបូង កំពុងគំរាមកំហែងដល់ទីផ្សារយ៉ាងណាខ្លះ?

ព័ត៌មាន
តម្លៃអាគុយរថយន្តអគ្គិសនី បានឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍មកនេះ ហើយនោះវាគឺជាបញ្ហាដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិត ដែលត្រូវគិតគូរវែង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ