ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មកាលពីល្ងាចថ្ងៃពុធជាចម្បងលើក្រុមហ៊ុនបុត្រសម្ព័ន្ធអឺរ៉ុប ដែលជាអាជីវកម្មពាណិជ្ជកម្មថាមពល ផ្ទុក និងបញ្ជូនឧស្ម័នទៅផ្គត់ផ្គង់នៅសហភាពអឺរ៉ុប ខណៈទីក្រុងម៉ូស្គូ ក៏បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបំពង់បង្ហូរឧស្ម័ន Yamal-Europe របស់ប៉ូឡូញដែលជាបំពង់សម្រាប់បង្ហូរឧស្ម័នរុស្ស៊ីដ៏សំខាន់ទៅកាន់អឺរ៉ុបផងដែរ។
តួរយ៉ាង ប្រទេសអាល្លឺម៉ង់ ដែលជាអតិថិជនកំពូលរបស់រុស្ស៊ីនៅអឺរ៉ុប បាននិយាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ Gazprom Germania គឺមិនទទួលបានឧស្ម័នពីប្រទេសរុស្ស៊ីទៀតនោះទេ។
រុស្ស៊ីបានសម្រេចដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបនេះ គឺធ្វើឡើង នៅគ្រាដែលសហភាពអឺរ៉ុប កំពុងត្រៀមទណ្ឌកម្មលើកទី៦ ដើម្បីដាក់ទៅលើរុស្ស៊ីផងដែរ ក្នុងនោះ ក៏មានផែនការកាត់ផ្ដាច់ប្រេងពីរុស្ស៊ីដូចគ្នាដែរ។ ប៉ុន្ដែ សេចក្ដីសម្រេចលើការដាក់ទណ្ឌកម្មថ្មីរបស់អឺរ៉ុបនេះ កំពុងជាប់គាំង ដោយសារតែមានរដ្ឋជាសមាជិកមួយចំនួនបដិសេធ លើទណ្ឌកម្មនេះ។
តម្លៃឧស្ម័ននៅអឺរ៉ុបបានកើនឡើងដល់ ១២% ខណៈពេលដែលមានការព្រួយបារម្មណ៍ពីការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះការផ្គត់ផ្គង់ឧស្ម័នសម្រាប់សភាពអឺរ៉ុប ដោយសារការពឹងផ្អែកខ្លាំងទៅលើឧស្ម័នរុស្ស៊ី។
គួររំលឹកថា ទីក្រុងមូស្គូបានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឲ្យប្រទេស ប៊ុលហ្គារី និង ប៉ូឡូញរួចហើយ ដែលបណ្តាលមកពីប្រទេសទាំងពីនេះមិនធ្វើតាមការទាមទារបស់រុស្ស៊ី ដែលតម្រូវឲ្យប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ដែលទិញឧស្ម័នរុស្ស៊ី ត្រូវទូទាត់ប្រាក់ជាប្រាក់រូប្លរបស់ខ្លួន។
នាពេលថ្មីៗនេះ អ្នកនយោបាយសំខាន់ៗរបស់ប្រទេសហ្វាំងឡង់បានព្រមានថា រុស្ស៊ីអាចនឹងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នលើប្រទេសរបស់ខ្លួនផងដែរ ខណៈរដ្ឋាភិបាលប្រទេសហ្វាំងឡង់ ក៏មិនព្រមគោរពតាមការទាមទាររបស់រុស្ស៊ី សម្រាប់ការទូទាត់ឧស្ម័ន ដែលត្រូវធ្វើជាប្រាក់រូប្លនោះដែរ។
ការលើកឡើង របស់ប្រទេសហ្វាំងឡើងបែបនេះ គឺធ្វើឡើងនៅក្រោយពេលដែល ប្រមុខថ្នាក់ដឹកនាំប្រទេសដែលមានប្រជាជនជាង៥លាននាក់មួយនេះ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ហ្វាំងឡង់នឹងដាក់ពាក់ស្នើសុំចូលរួមជាមួយនឹងអង្គការណាតូ ដោយគ្មានពន្យារពេលនោះទេ ខណៈដែលទីក្រុងម៉ូស្គូ ក៏បានចេញមុខព្រមានខ្លាំងទៅវិញផងដែរ ថា ហ្វាំងឡង់នឹងប្រឈមមុខនឹងផលវិបាក នៅក្រោយការសម្រេចចិត្តនេះ៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន