ប្រេងរុស្ស៊ី

ម៉ូស្គូព្រមានបិទការនាំចូលថាមពលគ្រប់ប្រភេទទៅអឺរ៉ុប បើប្លុកនេះធ្វើតាមគំរូវិធានការG7 កំណត់តម្លៃឧស្ម័នរុស្ស៊ី


ក្រោយមើលឃើញយន្តការរបស់ក្រុមប្រទេស G7 នៅថ្ងៃពុធសប្តាហ៍នេះ សហភាពអឺរ៉ុបមានបំណងចង់យកគំរូតាមយន្តការកំណត់តម្លៃថាមពលឧស្ម័នរបស់រុស្ស៊ីលើទីផ្សារអន្តរជាតិដែរ ប៉ុន្តែបំណងនេះត្រូវរុស្ស៊ីចេញមកឆ្លើយតបដោយគំរាមភ្លាមៗទៅវិញថា ទីក្រុងម៉ូស្គូនឹងកាត់ផ្តាច់ការនាំចូលប្រភពថាមពលគ្រប់ប្រភេទទាំងអស់តែម្តងទៅឱ្យអឺរ៉ុប មិនថាតែឧស្ម័ននោះទេ។
អឺរ៉ុបចង់កំណត់តម្លៃហ្គាសរបស់រុស្ស៊ី ខណៈម៉ូស្គូព្រមានចាត់ឆ្លើយតបវិញភ្លាមៗ

រុស្ស៊ីទើប​បានបិទ​ការបង្ហូរឧស្ម័នទាំងស្រុងឱ្យអឺរ៉ុបកាលពីសប្តាហ៍មុន។ លើសពីនេះ រុស្ស៊ីថែមទាំងគំរាម​ទុកមុនថា ប្រសិនអឺរ៉ុបហ៊ានអនុវត្តដូច G7 នោះម៉ូស្គូនឹងផ្អាកដំណើរការនាំចេញស្បៀងរបស់អ៊ុយក្រែន ក្រោមកិច្ចចរចារបស់ UN ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប្រធាន​គណៈកម្មការ​អឺរ៉ុបលោកស្រី Ursula von der Leyen ​ប្រាប់​អ្នក​យកព័ត៌មានកាលពីថ្ងៃពុធថា អឺរ៉ុប​នឹង​ស្នើឡើងនូវយន្តការ​កំណត់​តម្លៃ​ឧស្ម័ន​រុស្ស៊ី ក្នុងគោលបំណង​កាត់បន្ថយ​ចំណូល​របស់​រុស្ស៊ី​ ដែលជាប្រភពដ៏សំខាន់របស់លោកពូទីន យកមកប្រើប្រាស់ធ្វើ​សង្រ្គាម​​នៅ​អ៊ុយក្រែន។ បន្ថែមពីលើនេះ សហភាពអឺរ៉ុប គ្រោងជំរុញលើយន្តការកំណត់តម្លៃលើអគ្គិសនី ដែលមិនមែនផលិតចេញពីឧស្ម័ន ដែលខ្លួនទិញពីរុស្ស៊ីផងដែរ។

យ៉ាងណាក៏ដោយនេះគ្រាន់តែជាការគ្រោងទុកមួយប៉ុណ្ណោះ សហភាពអឺរ៉ុបនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រទី៩កញ្ញា ដើម្បីពិភាក្សាលើបញ្ហានេះ។

ដោយឡែក បន្ទាប់ពីបានដឹងថាអឺរ៉ុបកំពុងគិតគូកំណត់តម្លៃថាមពលរបស់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានចេញមកឆ្លើយតបភ្លាម ដោយគំរាមខ្លាំងៗថា រុស្ស៊ីនឹងបញ្ឈប់ការនាំចេញថាមពលគ្រប់ប្រភេទទាំងអស់​ទៅកាន់អឺរ៉ុបរួមមាន ឧស្ម័ន ប្រេង និងធ្យូងថ្ម បើសិនអឺរ៉ុប​ហ៊ានដាក់ចេញយ​ន្តការខាងលើពិតមែន។ គួរជម្រាបថា នៅមុនពេលសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង អឺរ៉ុបមានការនាំចូលប្រហែល ៤០%នៃឧស្ម័ននិង ៣០% នៃប្រេងរបស់ខ្លួនពីប្រទេសរុស្ស៊ី។ ប៉ុន្ដែ មកទល់ពេលនេះ ការនាំចូលថាមពលទាំងនេះ គឺនៅមានចំនួនតិចតួចប៉ុណ្ណោះ។

លើសពីនេះទៅទៀត លោកពូទីន ថែមទាំង​បានគំរាមបញ្ឈប់ការនាំចេញស្បៀងរបស់អ៊ុយក្រែនតាមសមុទ្រខ្មៅ ដែលជាការវែកផ្លូវរកដំណោះស្រាយរបស់ UN និងប្រទេសតួគីថែមទៀតផង។ អំឡុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុងវ្លាឌីវ៉ូស្ដុកលោកពូទីន​ថ្លែងថា កិច្ចព្រមព្រៀងនេះ​កំពុងដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ជី និងអាហារផ្សេងទៀតទៅកាន់សហភាពអឺរ៉ុប និងប្រទេសតួកគី ជាជាងបញ្ជូនទៅកាន់ប្រទេសក្រីក្រ ដែល​ជាគោលដៅ​ចំបង​នៃ​កិច្ចព្រមព្រៀង។

ទោះយ៉ាងណា ការប្រឈមមុខដាក់គ្នាកាន់តែកើនឡើងនេះ អាចជំរុញឱ្យតម្លៃឧស្ម័ននៅអឺរ៉ុបឡើងថ្លៃបន្ថែមទៀត។ បច្ចុប្បន្ននេះ តម្លៃថាមពលនៅអឺរ៉ុបកើនឡើងមិនត្រឹមតែបន្ថែមបន្ទុកចាយវាយ​របស់ពលរដ្ឋនោះទេ តែវាក៏កំពុងធ្វើឱ្យរដ្ឋាភិបាលប្រទេសនៅ​អឺរ៉ុបជាច្រើន ជួបការលំបាកផងដែរ​ ដោយសារតែគេត្រូវបន្តបញ្ចេញសាច់ប្រាក់​និងកញ្ចប់ជំនួយដល់ក្រុម​ហ៊ុន​ថាមពលរដ្ឋ និងឯកជនដែល​ផ្គត់ផ្គង់នៅក្នុងស្រុក​ឱ្យបន្តដង្ហើមរស់ និងពិសេសបន្តការនាំចូលថាមពលសម្រាប់ផ្គត់ផ្គង់នៅរដូវរងាខាងមុខ។ ក្រុមហ៊ុន​ថាមពលអឺរ៉ុបថ្មីៗនេះ បានចេញមុខមកអះអាងថា ពួកគេអាចនឹងត្រូវការ​ថវិកាចំណាយ​ប្រហែល​១,៥ទ្រីលានដុល្លារឯណោះ ដើម្បីប្រើប្រាស់ទប់ទល់នឹងការឡើងថ្លៃថាមពល​នៅក្នុងប្លុកនេះ។

សូមបញ្ជាក់ថា កន្លងមក អឺរ៉ុបបានចោទប្រកាន់រុស្ស៊ីពីការប្រើប្រាស់វិស័យថាមពលធ្វើ​ជាកូនអុក ដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ចំណែករុស្ស៊ីវិញ បានស្តីបន្ទោស​ទណ្ឌកម្ម​ទាំងនេះ ​ថា​បាន​បង្ក​បញ្ហា​ដល់ការផ្គត់ផ្គង់​ឧស្ម័ន ដែល​វា​ធ្វើឱ្យ​មាន​​បញ្ហាកំហូច​បំពង់​បង្ហូរ​ និងពិបាកស្វែងរកសម្ភារៈជួសជុល ហើយថ្មីៗនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានចេញមុខ​ព្រលះចំៗថា បញ្ហាឧស្ម័នកំពុងឡើងថ្លៃនៅអឺរ៉ុបនាពេលនេះ គេគួរតែចម្អុលមុខអាមេរិកទើបត្រូវ ព្រោះតែអាមេរិក​ជាអ្នកនៅពីក្រោយខ្នងរឿងនេះ ពោលគឺអាមេរិក​បានផ្ដួចផ្ដើមគំនិត​ឲ្យមានការដាក់គំនាប​ទៅលើថ្លៃប្រេងរបស់រុស្ស៊ី៕




អត្ថបទបន្ទាប់


មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាអួតប្រាប់លោកពូទីនថា ស្ថានភាពវឹកវរនៅក្នុងប្រទេសខ្លួន គឺកំពុងស្ថិតក្រោមការគ្រប់គ្រងបាន

ព័ត៌មាន
មេដឹកនាំរបបយោធាបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាថ្មីទៀត នៅសប្ដាហ៍នេះ និងបានជួបជាមួយកំពូលមេដឹកនាំរុស្ស៊ីលោកពូទីនផងដែរ ដែលវាជាបង្ហាញន…

ក្រុមប្រទេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក នឹងពិចារណាបង្កើតស្តុកបន្ទះឈីបសម្រាប់គ្រាមានអាសន្ន

ព័ត៌មាន
បណ្ដាប្រទេសក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងពិចារណាលើការបង្កើតប្រព័ន្ធផ្លូវការរួមគ្នាមួយ សម្រាប់ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ