
សហភាពអឺរ៉ុបចង់ឱ្យឥណ្ឌាលុបបំបាត់ពន្ធលើការនាំចូលរថយន្តរបស់ខ្លួន ស្របពេលឥណ្ឌាត្រូវបានគេមើលឃើញថា ហាក់កំពុងបើកចំហចំពោះការកាត់បន្ថយពន្ធជាដំណាក់ៗពី១០០%រហូតដល់ ១០%។ តែយ៉ាងណាវិស័យឯកជនចង់ឱ្យរដ្ឋាភិបាលឥណ្ឌាដាក់ពន្ធ៣០%លើរថយន្តអឺរ៉ុប។ កត្តាដែលជំរុញឱ្យសហភាពអឺរ៉ុបងាកមកស្វះស្វែងរកការពាណិជ្ជកម្មក្រោមបន្ទាត់ពន្ធសូន្យជាមួយឥណ្ឌា បន្ទាប់ពីប្លុកនេះរងការដាក់ពន្ធជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
អ្នកវិភាគបានលើកឡើងថា ឥណ្ឌាចង់លើកកម្ពស់ការធ្វើពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុបដែរ ប៉ុន្តែឥណ្ឌាហាក់ស្ទាក់ស្ទើរដោយសារក្តីបារម្ភថា នៅពេលដែលពន្ធត្រូវបានកំណត់សូន្យនោះ ក្រុមហ៊ុនរថយន្តអឺរ៉ុបទំនើបៗដូចជា Volkswagen, Mercedes-Benz, BMW នឹងសម្រុកចូលទីផ្សារឥណ្ឌានាំឲ្យប៉ះពាល់និងជាការដាក់សម្ពាធលើក្រុមហ៊ុនផលិតរថយន្តនៅក្នុងស្រុក។
ពាក់ព័ន្ធការពង្រឹងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះដែរ ឥណ្ឌា និងសហភាពអឺរ៉ុបកំពុងបន្តការចរចារ ស្របពេលសង្រ្គាមពាក្យសម្តីពាក់ព័ន្ធបញ្ហាពន្ធគយរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ក៏ដូចជារវាងសហរដ្ឋអាម៉េរិក និងប្រទេសនានា ជាពិសេសចិនកំពុងឡើងកម្តៅកាន់តែខ្លាំង៕
ដោយៈ សរ សុជាតិ