
សហភាពអឺរ៉ុបបានប្រកាសថា ខ្លួនកំពុងត្រៀមប្រមូលលុយថែមយ៉ាងសម្បើម ដើម្បីពង្រឹងវិស័យការពារជាតិ និងជួយអ៊ុយក្រែនក្រោយបារម្ភលែងទទួលបានការការពារសន្តិសុខពីសហរដ្ឋអាម៉េរិក។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្អាកផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន ហើយនេះឆ្លុះបញ្ចាំងពីការខ្វែងគំនិតគ្នាកាន់តែខ្លាំងឡើងរវាងក្រុមមេដឹកនាំអឺរ៉ុប និងក្រុងវ៉ាស៊ីនតោន ជុំវិញបញ្ហាសន្តិសុខរបស់ទ្វីបអឺរ៉ុប និងវិធីដោះស្រាយទប់ទល់ជាមួយរុស្ស៊ី។
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួស៊ូឡា វ៉ុនឌ័រ ឡេយែន (Ursula von der Leyen) បានថ្លែងថា សហភាពអឺរ៉ុបកំពុងរស់ក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុត ហើយអឺរ៉ុបក៏កំពុងស្ថិតក្នុងយុគសម័យដែលត្រូវបំពាក់អាវុធឡើងវិញ ខណៈអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនការចំណាយយ៉ាងសម្បើមលើវិស័យការពារជាតិ។
ជាវិធានការ ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានស្នើខ្ចីបុលរហូតដល់ទៅប្រមាណ១៥៨ពាន់លានដុល្លារអាម៉េរិកតាមរយៈការបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ដើម្បីទុកផ្តល់កម្ចីដល់រដ្ឋាភិបាលនានានៅសហភាពអឺរ៉ុប ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសទាំងនោះ ដោយផ្ដោតលើអាទិភាពសំខាន់ៗដូចជាការការពារដែនអាកាស កាំជ្រួចមីស៊ីល និងដ្រូន ឬយន្តហោះគ្មានមនុស្សបើកជាដើម ដែលជាផ្នែកមួយនៃផែនការប្រមូលលុយឱ្យបានរហូតដល់ទៅ៨៥០ពាន់លានដុល្លារអាម៉េរិកសម្រាប់ការការពារសន្តិសុខអឺរ៉ុប។
ក្រុមមេដឹកនាំសហភាពអឺរ៉ុប នឹងពិភាក្សាបឋមលើសំណើនេះនៅក្នុងកិច្ចប្រជុំកំពូលពិសេសមួយដែលនឹងផ្តោតសំខាន់លើវិស័យការពារជាតិ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន នៅថ្ងៃទី៦ ខែមីនា ហើយផែនការមួយចំនួននឹងត្រូវការអនុម័តយល់ព្រមពីបណ្ដារដ្ឋាភិបាលក្នុងសហភាពអឺរ៉ុប។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់បានចោទប្រកាន់បណ្ដាប្រទេសអឺរ៉ុបថា បានចំណាយលុយតិចតួចណាស់លើការការពារជាតិរបស់ខ្លួន ហើយផ្ទុយមកវិញបែរជាពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាម៉េរិក សម្រាប់វិស័យការពារសន្តិសុខតាមរយៈអង្គការបក្សសម្ព័ន្ធយោធា NATO ប៉ុន្តែក្រុមមេដឹកនាំអឺរ៉ុប បានឆ្លើយតបថា ពេលនេះពួកគេកំពុងបង្កើនការចំណាយផ្នែកយោធារបស់ពួកគេយ៉ាងឆាប់រហ័ស៕
ដោយ: តែម សុខុម