
មេដឹកនាំសហភាពអឺរ៉ុប ប្តេជ្ញាបង្កើនទំនាក់ទំនង និងធ្វើការរួមគ្នា ដើម្បីពង្រឹងការការពារទ្វីបនេះ តាមរយៈការបង្កើនកញ្ចប់ថវិការាប់រយពាន់លានដុល្លារសម្រាប់វិស័យសន្តិសុខ បន្ទាប់ពីទទួលការព្រមានម្តងហើយម្តងទៀតពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ជុំវិញការកាត់បន្ថយការធានារបស់អាម៉េរិក ចំពោះសន្តិសុខអឺរ៉ុប ចេញពីការគំរាមកំហែងរបស់រុស្ស៊ី ។ ក្រោយទទួលបានការព្រមាននេះ មេដឹកនាំអឺរ៉ុប បានបើកកិច្ចពិភាក្សាបន្ទាន់មួយនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី៦ មីនា ដើម្បីរិះរកវិធីថ្មីក្នុងការពង្រឹងសន្តិសុខរបស់អឺរ៉ុប និងធានាការការពារនាពេលអនាគតសម្រាប់អ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ័នឌ័រ ឡេយេន (Ursula von der Leyen) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលខាងលើថា ប្រវត្តិសាស្រ្តរបស់សហភាពអឺរ៉ុប កំពុងត្រូវបានសរសេរហើយ។ លោកស្រីបានអះអាងថា មេដឹកនាំសហភាពអឺរ៉ុបទាំង២៧ប្រទេស មានការប្តេជ្ញាចិត្តធានាសន្តិសុខរបស់អឺរ៉ុប និងធ្វើសកម្មភាព និងដោះស្រាយបញ្ហាតាមលទ្ធភាពរបស់អឺរ៉ុប។ លោកស្រីបានសង្កត់ធ្ងន់ថា អឺរ៉ុបបានប្ដេជ្ញាចិត្តវិនិយោគកាន់តែច្រើន និងកាន់តែល្អ ហើយក៏កាន់តែលឿនជាមួយគ្នា។
មកទល់ពេលនេះតាមការប៉ាន់ស្មានបឋមកញ្ចប់ថវិកា ដែលសហភាពអឺរ៉ុបនឹងដាក់ចេញរួមគ្នា ដើម្បីពង្រឹងវិស័យការពារជាតិ នៅក្នុងតំបន់នោះ មានទំហំប្រមាណ៧០២ពាន់លានដុល្លារ ក្នុងនោះថវិកាប្រមាណ ១៦២ពាន់លានដុល្លារនឹងត្រូវចំណាយលើការទិញឧបករណ៍យោធាថ្មីៗ។
ក្រៅពីពង្រឹងវិស័យយោធាដើម្បីការពារខ្លួន មេដឹកនាំអឺរ៉ុប ក៏បានពិភាក្សាអំពីជោគវាសនារបស់អ៊ុយក្រែនផងដែរ ដោយក្នុងនោះមេដឹកនាំសហភាពអឺរ៉ុប ចំនួន២៦ប្រទេស បានគាំទ្រអ៊ុយក្រែន ប៉ុន្តែនាយករដ្ឋមន្ត្រីហុងគ្រី លោក វិចទ័រ អ័របេន (Viktor Orbán) ដែលជាអ្នកគាំទ្រលោក ត្រាំ និងត្រូវបានគេចាត់ទុកថា ជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី បានបដិសេធមិនគាំទ្រផ្នែកមួយនៃសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលទាក់ទិននឹងបញ្ហានៅអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំកំពូលខាងលើលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលជាបងធំមួយនៅអឺរ៉ុប ស្នើឱ្យមេដឹកនាំអឺរ៉ុបត្រៀមខ្លួន ដើម្បីជួយការពារអ៊ុយក្រែន ដោយគ្មានជំនួយពីសហរដ្ឋអាម៉េរិក។ លោក ម៉ាក្រុង បាននិយាយពីវិមានប្រធានាធិបតីក្នុងទីក្រុងប៉ារីសថា លោកនៅតែមានជំនឿថា សហរដ្ឋអាម៉េរិកនឹងឈរនៅខាងអឺរ៉ុប ប៉ុន្តែអឺរ៉ុបត្រូវតែត្រៀមខ្លួនឲ្យបានរួចរាល់ពាក់ព័ន្ធនឹងបញ្ហានៅអ៊ុយក្រែន៕
ដោយៈ សរ សុជាតិ