
លោក កៀ ស្តាម័រ នាយករដ្ឋមន្រ្តីអង់គ្លេស និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សេឡិនស្គី បានជួបប្រជុំគ្នានៅទីក្រុងឡុងដ៍កាលពីចុងប្តាហ៍មុន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខនៅប្រទេសអ៊ុយក្រែន។
នាយករដ្ឋមន្ត្រីអង់គ្លេសបានព្យាយាមស្ដារក្ដីសង្ឃឹមសន្តិភាពនៅអ៊ុយក្រែនឡើងវិញនៅឯកិច្ចប្រជុំកំពូលនេះ នៅពីរថ្ងៃក្រោយពីលោក ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែនបានប៉ះទង្គិចពាក្យសម្ដីខ្លាំងៗជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកនៅសេតវិមានកាលពីថ្ងៃសុក្រ សប្តាហ៍មុន។ នៅក្នុងកិច្ចប្រជុំកំពូលនេះ មេដឹកនាំអឺរ៉ុបបានយល់ព្រមបង្កើតផែនការសន្តិភាពមួយសម្រាប់អ៊ុយក្រែន ដើម្បីដាក់ឱ្យសហរដ្ឋសអាម៉េរិកពិនិត្យ ដែលជាជំហានដ៏សំខាន់មួយ ដើម្បីឱ្យទីក្រុងវ៉ាស៊ីនតោនអាចផ្តល់ការធានាសន្តិសុខ ដែលជាកត្តាដ៏សំខាន់ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី។
ជាមួយគ្នានេះក្រុមមេដឹកនាំអឺរ៉ុប ក៏បានព្រមព្រៀងគ្នាបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីសម្ញែងប្រាប់លោក ត្រាំ ថា ទ្វីបអឺរ៉ុបមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារខ្លួន ខណៈប្រធានគណៈកម្មការអឺរ៉ុបស្នើឱ្យប្លុកនេះបន្ធូរបន្ថយច្បាប់ដែលដាក់កម្រិតលើបំណុល។
ទន្ទឹមនឹងនេះ លោក ស្តាម័រ ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្ដល់ជំនួយយោធាថ្មីមួយដល់អ៊ុយក្រែន ដែលមានទំហំប្រមាណ២ពាន់លានដុល្លារអាម៉េរិក ដែលនឹងអនុញ្ញាតឱ្យអ៊ុយក្រែនអាចទិញមីស៊ីលការពារដែនអាកាសរហូតដល់៥ពាន់ដើម។
ចំណែកសមាជិកគណបក្សសាធារណរដ្ឋ ដែលស្និទ្ធនឹងលោក ដូណាល់ ត្រាំ បានជំរុញឱ្យលោក ហ្សេឡិនស្គី ផ្លាស់ប្តូរគោលជំហរចំពោះបញ្ហាសង្គ្រាមជាមួយរុស្ស៊ី បើមិនដូច្នេះទេត្រូវចុះចេញពីតំណែង ដែលជាការបង្កើនសម្ពាធបន្ថែមទៀតទៅលើលោក ហ្សេឡិនស្គី ដែលទើបប៉ះទង្គិចពាក្យសម្ដីខ្លាំងៗជាមួយលោក ត្រាំ កាលពីសប្តាហ៍មុន។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ លោក ម៉ៃ វ៉ល (Mike Waltz) បានអះអាងថា វាមិនច្បាស់ទេថា តើលោក ហ្សេឡិនស្គី បានត្រៀមខ្លួន ដើម្បីចរចាបញ្ចប់សង្រ្គាមហើយ ឬយ៉ាងណានោះទេ ដោយលោកបានបញ្ជាក់ពីគោលដៅរបស់លោក ត្រាំ សម្រាប់សន្តិភាពអចិន្ត្រៃយ៍រវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ដែលពាក់ព័ន្ធនឹងការសម្បទានទឹកដីជាថ្នូរនឹងការធានាសន្តិសុខ ដែលដឹកនាំដោយអឺរ៉ុប៕
អត្ថបទ៖ សុខ មង្គល